ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំវៀតណាម លោក Jamale Chouaibi បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ស្តីពីការអនុវត្តគោលដៅដែលបានកំណត់ដោយមហាសន្និបាតលើកទី ១២ របស់បក្ស លោកឯកអគ្គរដ្ឋទូត Chouaibi បានចាត់ទុកថា ឆ្នាំ ២០២០ ជាឆ្នាំដែលពោរពេញទៅដោយការលំបាក ប៉ុន្តែក៏ជាឆ្នាំជោគជ័យនៅពេលដែលវៀតណាមបានជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ព្រមទាំងសំរេចបាននូវសមិទ្ធិផលសំខាន់ៗដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយមិត្តភក្តិអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្សនៅថ្ងៃទី ២៨ ខែមករា (រូបថត៖ vnanet.vn)

លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ និងឥទ្ធិពលនៃលទ្ធផលរបស់មហាសន្និបាតលើកទី ១៣ ចំពោះសេដ្ឋកិច្ចសង្គមរបស់​វៀត​ណាមនាពេលអនាគត។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសវៀតណាមបានទទួលកិត្យានុភាពសំខាន់មួយក្នុងនាមជាប្រទេសកំពុងលេចធ្លោ និងមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសធំៗ មួយចំនួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំវៀតណាម លោក Nadav Eshcar បានចែករំលែកនូវសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកបានចាត់ទុកថា ក្រៅពីទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ  ប្រទេសវៀតណាមក៏ទទួលបានកំណើនយ៉ាងឆាប់រហ័ស និងស្ថិរភាពក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ហើយវៀតណាមកាន់តែបញ្ជាក់ពីកិត្យានុភាព និងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។  តាមរយៈការចូលរួមយ៉ាងសកម្មនៅលើវេទិកាអន្តរជាតិ ដូចជាប្រធានអាស៊ាន និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងតំបន់អាស៊ាន និងជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ប្រធានសហព័ន្ធ Vovinam អាហ្វ្រិក និងជាប្រធានសហព័ន្ធ Vovinam របស់ប្រទេសអាល់ហ្សេរី លោក Mohamed Djouadj បានអះអាងថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីបម្រើប្រជាជនវៀតណាម រួមចំណែកដល់ការអភិវឌ្ឍ វឌ្ឍនភាព និងវិបុលភាពរបស់ប្រទេសជាតិ។ លោក Djouadj បានសង្កត់ធ្ងន់លើសារសំខាន់នៃមហាសន្និបាតលើកទី ១៣ សម្រាប់វៀតណាមនិងតំបន់ ជាពិសេសកំណត់គោលនយោបាយដែលវៀតណាមនឹងអនុវត្តនាពេលអនាគតក្នុងបរិបទការវិវឌ្ឍនៅលើពិភពលោក និងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang