leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមមហាសន្និបាតលើកទី១៣ របស់បក្ស

បក្សដើម្បីប្រជាជន ប្រជាជនជឿជាក់ទៅលើបក្ស

ឆ្នាំ ២០២០ ជាឆ្នាំចុងក្រោយនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ ទោះបីប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏បក្សបានដឹកនាំប្រជាជនទាំងមូល និងកងទ័ពទាំងមូល អនុវត្តគោលដៅ និងភារកិច្ចប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធិផលជាច្រើន។ ក្នុងឆ្នាំ២០២០មួយ​ដែល​ពោរពេញទៅដោយការលំបាក សមិទ្ធិផលដែលវៀតណាមសម្រេចបាននោះបាន​បញ្ជាក់ពីភាពក្លាហាន ឆន្ទៈ និងប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជន និងប្រជាជាតិយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស។

លោកវរសេនីយ៍ទោ Nguyen Manh Kuong ប្រធានប៉ុស្តិ៍ការពារព្រំដែន Thi Hoa (កងទ័ពការពារព្រំដែនខេត្ត Cao Bang) បានចែករំលែកថា៖ “សេចក្តីសម្រេចចិត្ត ក៏ដូចជាទិសដៅរបស់បក្ស និងរដ្ឋាភិបាលនៅមហាសន្និបាតលើកទី១២ របស់បក្ស គឺសមស្របណាស់ ដែលជួយឲ្យប្រទេសយើងមាន​ការ​ផ្លាស់ប្តូរជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំសង្ឃឹមថា នៅមហាសន្និបាតលើកនេះ បក្សនឹងបន្តមានគោលនយោបាយដែលយកចិត្តទុកដាក់បន្ថែមទៀតលើតំបន់ព្រំដែន និងតំបន់ជនជាតិភាគតិច ដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី និងកសាងតំបន់ព្រំដែនជាតិយ៉ាងរឹងមាំ”។

លោក Le Van Chau សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាសម្ព័ន្ធយុវជនខេត្ត Thanh Hoa បានមានប្រសាសន៍ថា៖ “ជំនាន់យុវជនយើងតែងតែជឿជាក់ទៅលើការសំរេចចិត្តដ៏ភ្លឺស្វាងរបស់បក្ស។ បក្សបង្កើតកម្លាំងចលករសម្រាប់យុវជនក្នុងការរៀនសូត្រ ច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្ម ម្ចាស់ការខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប លើកកម្ពស់តួនាទីរបស់ខ្លួនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ”។

លើកឡើងដំណោះស្រាយជូនបក្ស

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ សេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២ ដែលបានដាក់ជូនមហាសន្និបាតលើកទី១៣ របស់បក្ស ត្រូវបានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ។ នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ រណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយសង្គមគ្រប់ជាន់ថ្នាក់ និងស្ថាប័ននានាបានរៀបចំយ៉ាងសកម្មនូវសិក្ខាសាលា ដើម្បីពិភាក្សា និងផ្តល់​មតិទៅគណៈកម្មាធិការមជ្ឈិមបក្ស។ មតិភាគច្រើនបានលើកឡើងថា៖ សេចក្តីព្រាងឯកសារត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ម៉ត់ចត់ ច្នៃប្រឌិត និងធានាបាននូវគុណភាព ដែលភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង ឆ្លុះបញ្ចាំងពីគំនិត និងសេចក្តីប្រាថ្នារបស់កម្មាភិបាល សមាជិកបក្ស និងប្រជាជន។ល។

លោក Huynh Thanh Phuong សមាជិកគណៈកម្មាធិការបក្សខេត្ត  Tay Ninh បានផ្តល់មតិចំពោះសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១២ ដើម្បីដាក់ជូនមហាសន្និបាតលើកទី១៣ របស់បក្ស ដោយផ្តោតសំខាន់លើខ្លឹមសារនៃការវាយតម្លៃ និងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ដំណាក់កាលឆ្នាំ ២០១៦-២០២០ និងដំណាក់កាលឆ្នាំ ២០២១- ២០២៥។ លោកបានវាយតម្លៃថា៖ “ខ្លឹមសារត្រូវបានសម្តែងយ៉ាងពេញលេញ និងល្អិតល្អន់ ដែលលើកឡើងពីគ្រប់វិស័យ និងចំណុចភ្លឺជាច្រើនក្នុងសេដ្ឋកិច្ចសង្គមដំណាក់កាលឆ្នាំ ២០១៦-២០២០។ ក្រៅពីលទ្ធផលដែលសម្រេចបាននោះ យើងក៏បានលើកឡើងពីចំណុចខ្វះខាតផងដែរ”។

ដោយឈរលើមូលដ្ឋាននោះ លោក Huynh Thanh Phuong បានស្នើថា៖ “ក្នុងអាណត្តិខាងមុខ បក្ស និងរដ្ឋចាំបាច់ត្រូវកសាងក្បាលម៉ាស៊ីនយ៉ាងរលូន ប្រតិបត្តិប្រកបដោយប្រសិទ្ធភាព ហើយកម្មាភិបាល និងនិយោជិកចាំបាច់ត្រូវតែមានសមត្ថភាព និងគុណសម្បត្តិដើម្បីបំពេញភារកិច្ច។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកែលំអច្បាប់ និងយន្តការធ្វើប្រតិបត្តិការតាមបែបវិទ្យាសាស្ត្រលើគ្រប់វិស័យ ហើយទាញយកផលប្រយោជន៍ពីរាល់យន្តការ និងរាល់ឱកាស ដើម្បីពង្រីកឧត្តមភាពរបស់វៀតណាម និងពង្រីកទីផ្សារ”។   

ក្នុងរយៈពេលប៉ុន្មានខែកន្លងមក លោក  La Van Nam លេខារង​នៃគណៈកម្មាធិការភូមិ Khe Bu ឃុំ Chau Khe ស្រុក Con Cuong ខេត្ត Nghe An តែងតែតាមដានសកម្មភាពឆ្ពោះទៅមហាសន្និបាត។ លោកបានចែករំលែកថា៖ “ខ្ញុំសង្ឃឹមថាក្នុងមហាសន្និបាតលើកនេះ បក្សនឹងទទួលយកមតិយោបល់របស់ប្រជាជនគ្រប់ស្រទាប់បណ្ណៈ ដើម្បីលើកឡើងការសំរេចចិត្តត្រឹមត្រូវ ជំរុញឱ្យប្រទេសអភិវឌ្ឍយ៉ាងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”។

មហាសន្និបាតលើកទី១៣ របស់បក្សបានបើកជាផ្លូវការហើយ។ ប្រជាជនរ៉ាប់លាននាក់កំពុងទន្ទឹងតាម​ដាន​មហាសន្និបាត ដោយមានក្តីជឿជាក់យ៉ាងមុតមាំលើបក្សដ៏រុងរឿង រួមជាមួយគោលនយោបាយ សេចក្តីសម្រេចចិត្តថ្មី ត្រឹមត្រូវ និងច្នៃប្រឌិត ដើម្បីនាំបុព្វហេតុបដិវត្តន៍របស់ប្រជាជនយើងឲ្យសម្រេចបានជ័យជំនះដ៏ធំធេងរុងរឿង៕

បកប្រែដោយ Huyen Trang