leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១ ខែតុលា (រូបថត៖ cand.vn)

ស្ដីពីការដែលនៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ អាល្លឺម៉ង់ បារាំង និងអង់គ្លេសបានផ្ញើរកំណត់ទូតរួមស្ដីពីបញ្ហាសមុទ្រខាងកើតជូនចំពោះអង្គការសហប្រជាជាតិនោះ លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានគោលជំហរឥតងាករេស្ដីពីបញ្ហាសមុទ្រខាងកើត ដែលត្រូវបានបង្ហាញជាច្រើនលើកច្រើនសាររួចហើយ។ លោកស្រីបានសង្កត់ធ្ងន់ថា៖ “វៀតណាមស្វាគមន៍បណ្ដាប្រទេសចែករំលែកបំណងប្រាថ្នា និងគោលដៅដូចគ្នាស្ដីពីការរក្សា និងជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅសមុទ្រខាងកើត។ ដើម្បីអនុវត្តប្រការនេះ ការគោរពច្បាប់ អន្តរជាតិនៅសមុទ្រខាងកើត ជាពិសេស UNCLOS  គឺជាការចាំបាច់។ វៀតណាមស្វាគមន៍គោលជំហររបស់ប្រទេសដទៃស្ដីពីបញ្ហាសមុទ្រខាងកើតដែលស្របតាមច្បាប់អន្តរជាតិ ព្រមទាំងអះអាងនូវទស្សនៈរបស់ខ្លួនដែលធ្លាប់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នាពេលកន្លងទៅ និងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំ AMM លើកទី៥៣ តាមនោះ UNCLOS ឆ្នាំ១៩៨២ គឺជាក្របខ័ណ្ឌគតិយុត្តដែលកំណត់សកម្មភាពទាំងអស់នៅសមុទ្រ និងមហាសាគរ”។

រួមជាមួយប្រទេសសមាជិកអាស៊ានដទៃ វៀតណាមមានគោលបំណងចង់ឲ្យប្រទេសទាំងអស់ រួមទាំងប្រទេសដៃគូនានារបស់អាស៊ាន នឹងខិតខំប្រឹងប្រែងចូលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ហើយដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងដោយសន្តិវិធី ស្រប​តាមច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃតំបន់និងអន្តរជាតិ។

ពាក់ព័ន្ធដល់ការចាប់ផ្ដើមឡើងវិញនូវកិច្ចចរចាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នេះជាអាទិភាពចម្បងរបស់អាស៊ាននិងចិន។ វៀតណាមចែករំលែកអាទិភាពនេះ និងមានគោលបំណងចង់សហការជាមួយប្រទេសពាក់ព័ន្ធនានា ដើម្បីចាប់ផ្ដើមកិច្ចចរចាឡើងវិញ និងឆាប់សម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព គុណភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ១៩៨២៕

បកប្រែដោយ Huyen Trang