ក្នុងអំឡុងពេល ៧៥ ឆ្នាំកន្លងទៅ ផ្នែកការទូតទទួលបានសមិទ្ធិផលសំខាន់ៗគួរឲ្យមោទនៈជាច្រើន ដែលរួមចំណែកយ៉ាងជាក់ស្ដែងដល់បុព្វហេតុរំដោះប្រជាជាតិ បង្រួបបង្រួមជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាង និងការពារមាតុភូមិ សង្គមនិយមនាសព្វថ្ងៃ។ រាល់កិច្ចខិតខំប្រឹងប្រែងនៃផ្នែកការទូត បានជួយវៀតណាមបង្កើតទំនាក់ទំនងកិច្ចការបរទេសយ៉ាងទូលំទូលាយជាមួយប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិចំនួន ១៨៩ ព្រមទាំងបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ រួមទាំងប្រទេសមហាអំណាច និងប្រទេសសជាមាជិកអាស៊ានទាំងឡាយ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រួមជាមួយអនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំក្រសួងការបរទេស (រូបថត៖ vnanet.vn)

ផ្នែកការទូតក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ហើយបំពេញយ៉ាងល្អប្រពៃនូវតួនាទីសំខាន់ៗជាច្រើនដូចជា ប្រធានអាស៊ាន សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រធានមហាសន្និបាតសហភាពអន្តរសភាអាស៊ានជាដើម។    

ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះផ្នែកការទូត ដោយបានដំណើរការប្រកបដោយប្រសិទ្ធភាពនូវការទូត Covid និងការទូតតាមរយៈប្រព័ន្ធវីដេអូ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា “ក្រសួងការបរទេសបានសហការជាមួយអង្គភាពពាក់ព័ន្ធនានា រៀបចំជើងហោះហើរជាច្រើន ដើម្បីបញ្ជូនពលរដ្ឋជិត ៣ ម៉ឺននាក់ឲ្យវិលត្រឡប់មកប្រទេសវិញ ព្រមទាំងផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូនសហគមន៍ជនវៀតណាមនៅឯបរទេស និងដៃគូបរទេស ជាពិសេសនៅតំបន់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត។ យើងបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូនប្រទេសចំនួន ៤៩ និងអង្គការអន្តរជាតិចំនួន២ ក្នុងនោះមានដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃណីជាច្រើនផងដែរ”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ស្ថានភាពពិភពលោកនឹងបន្តមានការវិវត្តយ៉ាងស្មុគស្មាញ ហើយគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងជម្ងឺរាតត្បាតនៅតែកើតមានឡើង។ ហេតុដូច្នេះ បញ្ហាប្រឈមចំពោះប្រទេសជាតិទាំងមូលក៏ដូចជាផ្នែកការទូត គឺធំណាស់។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ “ផ្នែកការទូតចាំបាច់ត្រូវបន្តដើរឈានមុខគេក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ទាក់ទាញជាអតិបរមានូវប្រភពកម្លាំងពីខាងក្រៅ ដោយផ្សាភ្ជាប់នឹងការពង្រីកកម្លាំងផ្ទៃក្នុង ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព រួមចំណែកលើកកំពស់កិត្តិយសកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”៕

បកប្រែដោយ Thanh Cong