leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ vnanet.vn)

 

អ្នកយកព័ត៌មាន៖ តើលោកស្រីប្រធានរដ្ឋសភាអាចឲ្យដឹងថាអ្វីទៅជាគោលបំណងនៃដំណើរទស្សនកិច្ចនេះទៅកាន់ប្រទេស រុស្ស៊ីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម?

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនេះរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដើរតួនាទីយ៉ាងសំខាន់ដែលបន្តពីសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ  ជំរុញថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ទន្ទឹមនឹងនោះពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ។ ខ្លួនខ្ញុំផ្ទាល់បានធ្វើទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីជាច្រើនដងប៉ុន្តែនេះជាលើកទី ១ ហើយដែលខ្ញុំបានទៅទស្សនាប្រទេសរុស្ស៊ីដ៏ស្រស់ស្អាតក្នុងនាមជាប្រធានរដ្ឋសភាវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះខ្ញុំនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីមានការពិភាក្សា កិច្ចប្រជុំនិងផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនយោបាយ ការទូត ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំបណ្តុះបណ្តាល និងវិស័យសក្តានុពលជាច្រើនទៀត។ ខ្ញុំនិងលោកប្រធានសហព័ន្ធរុស្ស៊ី Duma V. Volodin ចូលរួមការប្រជុំដំបូងនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ារបស់សហព័ន្ធរុស្ស៊ី។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងខ្លឹមសារពិភាក្សាយ៉ាងទូលំទូលាយនោះ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជំរុញដ៏រឹងមាំ និងសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ដោយរួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មានៈ តើលោកស្រីប្រធានរដ្ឋសភាវាយតំលៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - រុស្ស៊ីយ៉ាងដូចម្តេច?

លោកស្រីប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan៖ អាចនិយាយបានថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យនយោបាយ ការទូត សេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា ទេសចរណ៍ អប់រំ បណ្តុះបណ្តាល ការពារជាតិ និងសន្តិសុខ។ ទាក់ទងនឹងនយោបាយ និងការទូត ប្រទេសទាំងពីរមានការទុកចិត្តខាងនយោបាយដ៏ខ្ពស់។ ភាគីទាំងពីរបាន ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស។

រដ្ឋសភាវៀតណាមនិងរដ្ឋសភាឌូម៉ា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី រួមជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរកសាងច្រករបៀងផ្លូវច្បាប់បង្កើតបរិយាកាសអាជីវកម្មអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ។ ជំរុញកិច្ចសហប្រតិបត្តិការ។ រដ្ឋសភាវៀតណាមនិងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងឆ្នាំ ២០១២។ ជាមួយរដ្ឋសភាឌូម៉ារបស់សហព័ន្ធរុស្ស៊ី ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាឆ្នាំ ២០១៨។ នេះជារូបភាពនៃកិច្ចសហប្រតិបត្តិការខ្ពស់បំផុតនិងតែមួយគត់រហូតមកដល់ពេលនេះរវាងរដ្ឋសភាវៀតណាម និងស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសមួយ។

ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម  ការវិនិយោគវាងប្រទេសទាំងពីរថ្មីៗនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៤.៥ ពាន់លានដុល្លារអាមេរិកកើនឡើង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ ៩ ខែឆ្នាំ ២០១៩ សម្រេចបាន ៣.៤ ពាន់លានដុល្លារ។ ទោះយ៉ាងណាក៏ដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគនៅតែមានសក្តានុពល អភិវឌ្ឍន៍ខ្លាំងក្លាដើម្បីសក្តសមនឹងទំនាក់ទំនងនយោបាយល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អ្នកយកព័ត៌មានៈតើអ្វីជាទិសដៅសហប្រតិបត្តិការដែលភាគីទាំងពីរអាចផ្តោតទៅលើដើម្បីធ្វើឲ្យស៊ីជម្រៅ?

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ដើម្បីពង្រឹងនិងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរត្រូវបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាជាន់ខ្ពស់  ថ្នាក់ក្រសួង ស្ថាប័ន និងតំបន់ មូលដ្ឋាននៃប្រទេសទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីលុបបំបាត់និងដោះស្រាយនូវរាល់បញ្ហាដែលមានស្រាប់។ សម្របសម្រួលពិគ្រោះយោបល់និងគាំទ្រគ្នាយ៉ាងសកម្មនៅគ្រប់វេទិកាពហុភាគីតំបន់ និងអន្តរជាតិ និងពិភាក្សាទៅលើបញ្ហានានាដែលភាគីទាំងពីរចាប់អារម្មណ៍។ តាមទស្សនៈនៃស្ថាប័ននីតិបញ្ញត្តិខ្ញុំនិងថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីនឹងពិភាក្សាគ្នាដើម្បីឈានទៅរកការឯកភាពគ្នាខ្ពស់ក្នុងទិសដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរគឺ៖

បន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃថ្នាក់ដឹកនាំរដ្ឋសភា រាល់ស្ថាប័ននៃរដ្ឋសភានិងក្រុមសមាជិកសភាមិត្តភាពនៃរដ្ឋសភា។ លើកកំពស់ការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ស្តីពីសកម្មភាពនៃសមាជិកសភាប្រទេសនីមួយៗ។ សម្របសម្រួលយ៉ាងសកម្ម និងអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ពង្រឹងការសម្របសម្រួលត្រួតពិនិត្យនិងជម្រុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបណ្តាគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខថាមពល និងបច្ចេកវិទ្យា ការអប់រំ ការបណ្តុះបណ្តាល និងទេសចរណ៍។ គាំទ្រដល់រដ្ឋាភិបាល តំបន់មូលដ្ឋានអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរដើម្បីបង្កើនការផ្លាស់ប្តូរ និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។

ពង្រឹងបន្ថែមនូវទំនាក់ទំនងការពិគ្រោះយោបល់ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា សភាពហុភាគីដែលរដ្ឋសភាទាំងពីរជាសមាជិក ជាពិសេសនៅក្នុងយន្តការសហប្រតិបត្តិការដូចជា៖ សហភាពអន្តរសភា (IPU) វេទិកាអន្តរសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF), កិច្ចប្រជុំប្រធានសភាអឺរុប-អាស៊ី (MSEAP), វេទិកាស្ត្រីអឺរុប-អាស៊ីជាដើម។

ក្នុងវិសាលភាពរបស់ខ្លួនឯង រដ្ឋសភានៃប្រទេសទាំងពីរបានគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងតំបន់នៃប្រទេសទាំងពីរលើគ្រប់វិស័យដោយបង្កើតក្របខ័ណ្ឌច្បាប់អនុគ្រោះដើម្បីជំរុញការវិនិយោគពាណិជ្ជកម្មទេសចរណ៍ជាដើម។

រក្សាការប្រជុំប្រចាំឆ្នាំនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងសភាឌូម៉ារបស់រុស្ស៊ីដែលបង្កើតបានជាបណ្តាញកិច្ចសហប្រតិបត្តិការនេះដើម្បីគាំទ្រនិងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង រុស្ស៊ី និយាយរួម និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋសភាវៀតណាម និងសភាឌូម៉ារុស្ស៊ីនិយាយដោយឡែក។

អ្នកយកព័ត៌មានៈ តាមគំនិតផ្តួចផ្តើមរបស់ប្រធានឌូម៉ា V. Volodin គឺគណៈកម្មាធិការអន្តរសភាវៀតណាម - រុស្ស៊ី ក្នុងកម្រិតខ្ពស់ត្រូវបានបង្កើតឡើងដោយមានគោលដៅឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី។ តើយន្តការនេះមានប្រសិទ្ធភាពយ៉ាង ណា?

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមកាលពីឆ្នាំមុន លោកស្រីប្រធានរដ្ឋសភាវៀតណាមនិងលោកប្រធានសភាឌូម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម  និងឌូម៉ារដ្ឋរុស្ស៊ី។ នេះជាយន្តការសហប្រតិបត្តិការសភាទ្វេភាគីខ្ពស់បំផុតនិងតែមួយគត់ដែលរដ្ឋសភាវៀតណាម បច្ចុប្បន្នមានជាមួយស្ថាប័ននីតិបញ្ញត្តិនៃប្រទេសផ្សេងទៀត។

ក្នុងដំណើរទស្សនកិច្ចលើកនេះខ្ញុំនិងប្រធាន V. Volodin បានចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាមនិងសភាឌូម៉ាសហព័ន្ធរុស្ស៊ី។ រដ្ឋសភាវៀតណាម និងសភាឌូម៉ារបស់រុស្ស៊ីនឹងរក្សាការប្រជុំប្រចាំឆ្នាំនៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងសភាឌូម៉ារបស់សហព័ន្ធរុស្ស៊ី និងធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះរួមចំណែកពង្រឹងនិងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីនិយាយរួម និងរវាងរដ្ឋសភាវៀតណាម និងសភាឌូម៉ាសហព័ន្ធនិយាយដោយឡែក។

នៅឆ្នាំនេះកិច្ចប្រជុំលើកដំបូងដែលធ្វើឡើងនៅសហព័ន្ធរុស្ស៊ីដែលផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសភាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី កិច្ចសហប្រតិបត្តិការសភាដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីក្នុងវិស័យជាក់លាក់មួយចំនួន។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកដំបូង ភាគីទាំងពីរនឹងលើកយកប្រធានបទសម្រាប់បណ្តាកិច្ចប្រជុំបន្ត។ លទ្ធផលនៃកិច្ចប្រជុំនឹងត្រូវកត់ត្រានៅក្នុងសេចក្តីប្រកាសរួមនៃសម័យប្រជុំនីមួយៗ។

អ្នកយកព័ត៌មានៈសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីប្រធានរដ្ឋសភា!

បកប្រែដោយ Minh Trung