នៅក្នុងសុន្ទរកថាបើករបស់លោកនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha បានលើកឡើងនូវបញ្ហាដែលអាស៊ាន និងពិភពលោកបានប្រឈមមុខជាមួយនឹងឧបសគ្គនិងការកើនឡើងនៃបញ្ហាប្រឈម និងអស្ថិរភាព។ លោកបានលើកឡើងថា ទន្ទឹមនឹងការជំរុញកំណើនសេដ្ឋកិច្ចអាស៊ាននោះ គឺត្រូវដោះស្រាយបញ្ហានៃការអភិវឌ្ឍធនធានមនុស្ស និងការថែរក្សាបរិស្ថាន ការប្រឆាំងនឹងកាកសំណល់សមុទ្រ ការបំពុលបរិយាកាស ការនេសាទខុសច្បាប់ និងការលើកកម្ពស់អត្តសញ្ញាណអាស៊ាន ការតំណភ្ជាប់  និងការតភ្ជាប់ទៅខាងក្រៅ។

leftcenterrightdel
ថ្នាក់ដឹកនាំអាស៊ានថតរូបជាអនុស្សាវរីយ៍​ (រូបថត៖ vnanet.vn)

 

ភ្លាមៗបន្ទាប់ពីពិធីបើក គ្រប់ថ្នាក់ដឹកនាំអាស៊ានបានចូលរួមក្នុងបណ្តាកិច្ចប្រជុំជាន់ខ្ពស់ជាមួយដៃគូនានាដែលរួមមាន៖ កិច្ចប្រជុំអាស៊ាន - ចិនលើកទី ២២, អាស៊ាន - ឥណ្ឌាលើកទី ១៦, អាស៊ាន - អង្គការសហប្រជាជាតិលើកទី ១០ ។

ឆ្នាំ ២០២០ គឺជាឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថល អាស៊ាន - ចិន

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនានា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីចិនលោកលីខឺឈាង ដើម្បីចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន - ចិន លើកទី២២។

នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំគ្រប់រូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន ជាមួយសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងអស់បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកទុកចិត្ត ការបង្កើតនិងការគោរពក្រមប្រតិបត្តិរួមក្នុងនោះខិតខំបញ្ចប់នូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗនេះប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។ បណ្តាថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាបរិយាកាសនៅលើសមុទ្រ និងអាកាសចរណ៍ប្រកប​ដោយសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ដោយជៀសវាងពីការធ្វើឲ្យស្ថានភាពកើតភាពស្មុគស្មាញ។ លើកកម្ពស់ការអនុវត្តតាមច្បាប់អន្តរជាតិ ដែលរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមគ្នាខិតខំកសាងសមុទ្រខាងកើតឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា អាស៊ានតែងតែយកចិត្តទុកដាក់ចំពោះតួនាទីរបស់ចិនចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ដើម្បីកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់។ ទាក់ទងនឹងសមុទ្រខាងកើតនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថា ការថែរក្សាសន្តិភាពសន្តិសុខ និងស្ថិរភាពនៃផ្លូវសមុទ្រដ៏សំខាន់នៃពិភពលោក និងតំបន់គឺជាផលប្រយោជន៍និងទំនួលខុសត្រូវរួមរបស់ប្រជាជាតិទាំងអស់។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើទស្សនៈរបស់វៀតណាមចំពោះស្ថានភាពសមុទ្រខាងកើតគឺច្បាស់ស្រឡះ ដោយមិនងាករេឡើយ ដែលត្រូវបានសម្តែងជាច្រើនដងនៅគ្រប់វេទិកាគ្រប់លំដាប់ថ្នាក់។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ត្រូវខិតខំទាំងនៅថ្នាក់ទ្វេភាគី និងពហុភាគីដើម្បីលើកកម្ពស់ការអនុលោមតាមច្បាប់អន្តរជាតិក្នុងនោះរួមមាន UNCLOS ឆ្នាំ ១៩៨២ ដើម្បីកុំធ្វើសកម្មភាពដដែលៗដែលផ្ទុយនឹងច្បាប់អន្តរជាតិកើតឡើងតទៀត។

ការចាប់ផ្តើមពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន - ឥណ្ឌា

បន្តពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនោះ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងបាងកកប្រទេសថៃ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌា លើកទី ១៦ ។

ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការអនុវត្តន៍របស់ឥណ្ឌានូវគោលនយោបាយសកម្មភាពឆ្ពោះទៅរកទិសបូព៌ារបស់ខ្លួន។ នាយករដ្ឋមន្រ្តីឥណ្ឌាបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ឥណ្ឌាចំពោះអាស៊ាននិងបានសង្កត់ធ្ងន់ថា អាស៊ានគឺជាចំណុចកណ្តាលនៃគោលនយោបាយ សកម្មភាពឆ្ពោះទៅរកទិសបូព៌ា និងចក្ខុវិស័យសកម្មភាពមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់ឥណ្ឌា។

ថ្នាក់ដឹកនាំទាំងអស់បានស្វាគមន៍ការសម្រេចចិត្តរបស់គ្រប់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចក្នុងការចាប់ផ្តើមពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន - ឥណ្ឌា ដោយឆ្លៀតទាញយកអត្ថប្រយោជន៍ពីសក្តានុពលទីផ្សារដ៏ធំធេងនៃអាស៊ាន និងឥណ្ឌា ដែលមានប្រជាជនចំនួន ២ ពាន់លាននាក់។ ភាគីទាំងពីរបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការជំរុញការបញ្ចប់កិច្ចចរចាស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) តាមកាលកំណត់។

អាស៊ាននិងឥណ្ឌាបានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត ការបង្កើតនិងអនុលោមតាមរាល់ក្រមប្រតិបត្តិសមស្រប ដែលរួមចំណែកដល់ការថែរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានចែករំលែកអំពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត រួមទាំងសកម្មភាពធ្វើយោធូបនីយកម្ម  និងរាល់សកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិនៅសមុទ្រដោយសង្កត់ធ្ងន់លើការគាំទ្រដល់គោលជំហររបស់អាស៊ានដោយអំពាវនាវឱ្យមានការអនុលោមតាមច្បាប់អន្ដរជាតិរួមទាំង UNCLOS ក្នុងឆ្នាំ១៩៨២៕

បកប្រែដោយ Minh Trung