leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាមថ្លែងក្នុងសន្និសីទបូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅដល់ប្រតិភូទាំងអស់តំណាងឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គ្រប់ក្រសួង មូលដ្ឋានពាក់ព័ន្ធដែលបានចូលរួមក្នុងសន្និសីទដ៏សំខាន់នៅថ្ងៃនេះ។

អធិបតេយ្យភាព បូរណភាពទឹកដី ព្រំប្រទល់ជាតិ ជានិច្ចកាលជាអ្វីៗដ៏ពិសិដ្ឋរបស់ប្រជាជាតិនិមួយៗដោយបានចារិកក្នុងចិត្តប្រជាជនគ្រប់រូប។ ឆ្លងកាត់ការលិចអណ្តែតនៃប្រវត្តិសាស្ត្រជាច្រើន វៀតណាមនិងកម្ពុជាតែងតែជាប្រទេសជិតខាង បងប្អូនល្អ និងមានទំនាក់ទំនងជិតស្និតជាយូរមកហើយ។ ការណ៍ដែលហប្រតិបត្តិការគ្នាក្នុងការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនដោយបានកំណត់យ៉ាងច្បាស់លាស់ “ព្រំប្រទល់” សម្រាប់ជំនាន់ក្រោយជារៀងរហូតពិតជាមានអត្ថន័យជ្រាលជ្រៅ និងជាទំនួលខុសត្រូវដ៏ថ្លៃថ្នូមិនត្រឹមតែសំរាប់ជំនាន់អ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែសំរាប់ប្រជាជនទាំងមូលនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរក្រោមបាវច​នាថា“ អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។ ដោយ​ឈរ​លើសន្ទុះនោះ ជាមួយនិងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ភាគីទាំងសងខាង និងរាល់បញ្ហានៅសេសសល់ពីប្រវត្តិសាស្ត្រដែល រួមទាំងបញ្ហាព្រំដែនទឹកដីរវាងវៀតណាមនិងកម្ពុជា  ហើយបាននិងកំពុងដោះស្រាយជាជំហាន ប្រកបដោយវិជ្ជមាន។

អនុវត្តតាមសន្ធិសញ្ញាគោលការណ៍នៅឆ្នាំ ១៩៨៣ និងដោយបទប្បញ្ញត្តិជាក់លាក់នៃសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម យើងបានបញ្ចប់ការកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ ចាប់ពីចំណុចប្រសព្វព្រំដែនវៀតណាម - កម្ពុជា - ឡាវ រហូតដល់ឆ្នេរសមុទ្រ Ha Tien - កំពត។ ផ្អែកលើសន្ធិសញ្ញាទាំងពីរនេះ គណៈកម្មការចម្រុះព្រំដែននៃប្រទេសយើងទាំងពីរបានសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធហើយបានបញ្ចប់ការងារកំណត់ព្រំដែន ៨៤% នៃទំហំការងារលើទីវាលជាក់ស្តែង។ នេះគឺជាសមិទ្ធិផលដ៏មានសារសំខាន់បំផុតដែលភាគីទាំងពីរសម្រេចបានក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការជាង ៣៦ ឆ្នាំ ដើម្បីដោះស្រាយបញ្ហាព្រំដែនវៀតណាម - កម្ពុជា។

ខ្ញុំសូមវាយតំលៃខ្ពស់ចំពោះរបាយការណ៍ដែលបានបង្ហាញដោយប្រធានគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរដែលបាន​គូសបញ្ជាក់អំពីសមិទ្ធិផល ការលំបាក មេរៀនបទពិសោធន៍ និងដាក់ចេញនូវផែនការ វិធានការដើម្បីឆាប់ៗបញ្ចប់ទាំងស្រុងការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោគរវាងវៀតណាម - កម្ពុជា (នៅសល់ប្រហែល ១៦%) ស្របតាមផលប្រយោជន៍របស់រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

សន្និសីទបូកសរុបនេះគឺជាព្រឹត្តិការណ៍សំខាន់និងមានអត្ថន័យដ៏ធំធេងមួយក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផងដែរនៅពេលចុះហត្ថលេខាលើឯកសារច្បាប់សំខាន់ចំនួនពីរ៖  (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (ដែលហៅកាត់ថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩) ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីទាំងពីរផ្ទាល់ និង(២)៖ ពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម (ហៅកាត់ថាពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន) ។

ទន្ទឹមនឹងឯកសារច្បាប់ព្រំដែនដែលបានចុះហត្ថលេខាកន្លងមក សន្ធិសញ្ញានិងពិធីសារបានចុះលើកនេះនឹងបង្កើតបានជាក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ព្រំដែនវៀតណាម - កម្ពុជា ធានាបានការរក្សាយ៉ាងរឹងមាំសន្តិសុខ ការពារជាតិ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ហើយទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លាស់ប្តូរមិត្តភាពលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមព្រំដែននិងកសាងខ្សែព្រំដែនគោកវៀតណាម - កម្ពុជា ក្លាយជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពិធីចុះហត្ថលេខាដ៏ឧឡារិកនៅថ្ងៃនេះគឺជាសេចក្តីថ្លែងការណ៍ដ៏រឹងមាំមួយទៅកាន់តំបន់និងពិភពលោកនៃប្រទេសពីរដែលមានឯករាជ្យ អធិបតេយ្យភាព គឺសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា លើឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការសហការគ្នាក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានគោរពបូរណភាពទឹកដី ផលប្រយោជន៍ទៅវិញទៅមកសមភាព និងផលប្រយោជន៍ទៅវិញទៅមកដើម្បីសុភមង្គលនិងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

នាពេលខាងមុខខ្ញុំសូមស្នើឱ្យគណៈកម្មការចម្រុះព្រំដែននិងគ្រប់ស្ថាប័ន មូលដ្ឋានរបស់ប្រទេសទាំងពីរបន្តខិតខំ និងសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតដែលក្នុងនោះខ្ញុំសង្កត់ធ្ងន់លើខ្លឹមសារជាក់លាក់មួយចំនួនដូចខាងក្រោម៖

ទីមួយ សមិទ្ធិផលនៃការខណ្ឌសីមា និងបោះបង្គោលព្រំដែន ៨៤% នឹងត្រូវរាយការណ៍ទៅកាន់គ្រប់ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ។ ដើម្បីដាក់ឯកសារគតិយុត្តព្រំដែនទាំងពីរនេះ ទៅអនុវត្តបន្ទាប់ពីបានចូលជាធរមាន និងស្នើឲ្យផែនការរបស់គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរត្រូវបានអនុវត្តឆាប់ៗជាក់ស្តែងគឺ៖

- កម្លាំងមានសមត្ថកិច្ចនៃភាគីទាំងពីរដែលដឹកនាំ គ្រប់គ្រងនិងការពារខ្សែព្រំដែន បង្គោលព្រំដែនត្រូវបានទទួលស្គាល់និងពណ៌នានៅក្នុងពិធីសារស្តីពីការខណ្ឌសីមានិងបោះបង្គោលព្រំដែន។

- ប្រគល់ទៅឲ្យគ្នាទៅវិញទៅមកនូវបណ្តាតំបន់ ដីធ្លីដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយហួសពីព្រំដែនដែលត្រូវបានខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយនៅលើទីវាល ដោយភាគីទាំងពីរនិងកត់ត្រាទទួលស្គាល់នៅក្នុងពិធីសារដើម្បីកំណត់ព្រំដែន។

- បង្កើនសកម្មភាពព័ត៌មាន និងឃោសនាដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរជាពិសេសប្រជាជននៅតំបន់ព្រំដែនយល់ជ្រាប គោរព និងអនុវត្តឱ្យបានតឹងរឹងនូវរាល់បទប្បញ្ញត្តិនិងកិច្ចព្រមព្រៀងស្តីពីព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។

ទី ២ ចំពោះចំនួន ១៦% នៃខ្សែព្រំដែននៅសេសសល់ដែលមិនទាន់ត្រូវបានខណ្ឌសីមា និងបោះបង្គោលព្រំដែននោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តដឹកនាំ និងជំរុញឱ្យបញ្ចប់ការបោះបង្គោលព្រំដែននៅលើខ្សែព្រំដែនទាំងស្រុងឆាប់ៗ ដោយឈរលើមូលដ្ឋាន គោរពច្បាប់អន្តរជាតិ ជាពិសេសគឺគ្រប់សន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធដែលត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ។

ទីបីដោយសារតែការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករបស់ប្រទេសយើងទាំងពីរមិនទាន់បានបញ្ចប់ទាំងស្រុងឡើយ ហេតុនោះការងារគ្រប់គ្រង រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខតំបន់ព្រំដែនគួរតែផ្តោតសំខាន់អនុវត្តលើទិសដៅដូចខាងក្រោម៖

- អនុវត្តការគ្រប់គ្រងព្រំដែនអាស្រ័យលើបង្គោលព្រំដែនដែលបានទទួលសម្គាល់និងពណ៌នានៅក្នុងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែន នៅតាមបណ្តាតំបន់ដែលបានបញ្ចប់ការបោះបង្គោលព្រំដែន(ប្រហែល ៨៤%)។

- បន្តការគ្រប់គ្រងដោយយោងទៅតាមបទប្បញ្ញត្តិនៃចំណុចទី ៥ នៃមាត្រាទី ៣ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ សម្រាប់បណ្តាតំបន់ដែលមិនទាន់បញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែន (ប្រហែល ១៦%) ។

ភាគីទាំងពីរក៏ត្រូវសហការជាបន្ទាន់ដើម្បីបង្កើតកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងព្រំដែន និងការគ្រប់គ្រងច្រកព្រំដែនថ្មីដើម្បីជំនួសកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៨៣ ដើម្បីឱ្យសមស្របនឹងស្ថានភាពថ្មី។

នៅក្នុងបរិយាកាសដ៏រំភើប និងពោរពេញទៅដោយអត្ថន័យនៃសន្និសីទបូកសរុបនេះ ក្នុងនាមរដ្ឋាភិបាលវៀតណាមខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមិត្តភក្តិកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមដើម្បីសម្រេចបានលទ្ធផលសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។

ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន បានយកចិត្តទុកដាក់ជាពិសេសចំពោះកម្លាំងដែលចូលរួមដោយផ្ទាល់ក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែននៃភាគីទាំងពីរ។ សូមកោតសរសើរកម្លាំងអនុវត្តការងារនេះបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ដោយមានការគាំទ្រពីរដ្ឋាភិបាលទាំងពីរ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកក្នុងបុព្វហេតុព្រំដែននៃជំនាន់មុនៗក៏ដូចជាការគាំទ្រដ៏មានតម្លៃរបស់ប្រជាជននៃប្រទេសទាំងពីរសម្រាប់ថ្ងៃនេះប្រទេសយើងទាំងពីរមានប្រមាណជា ៨៤% នៃប្រវែងព្រំដែនត្រូវបានខណ្ឌសីមា និងបោះបង្គោលយ៉ាងច្បាស់លាស់។ ខ្ញុំចាត់ទុកនេះជាទ្រព្យដ៏មានតម្លៃទុកជារៀងរហូតឲ្យជំនាន់ក្រោយៗ៕

បកប្រែដោយ Minh Trung