leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Duong Chi Dung ក្នុងនាមជាប្រធានមហាសន្និបាត WIPO

នៅមុនសម័យប្រជុំលើកទី ៥៩ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលានៃមហាសន្និបាត WIPO លោកឯកអគ្គរដ្ឋទូត Duong Chi Dung ក្នុងនាមជាប្រធានមហាសន្និបាត WIPO បានឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាន។ ខាងក្រោមនេះជាខ្លឹមសារនៃការសម្ភាសន៍របស់លោកឯកអគ្គរដ្ឋទូត Duong Chi Dung។

អ្នកសារព័ត៌មាន៖ បដិវត្តន៍ឧស្សាហកម្មទី ៤ ជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងខ្លាំងក្លាកំពុងផ្លាស់ប្តូរទិដ្ឋភាពជាច្រើននៃជីវភាពសង្គមជាសកល ហើយបាននាំមកនូវកាលានុវត្តនភាព និងបញ្ហាប្រឈមជាច្រើនសម្រាប់ប្រជាជាតិនានា។ ក្នុងនាមជាប្រធានមហាសន្និបាត WIPO សម្រាប់អាណត្តិ ២០១៨-២០១៩ តើលោកអាចឲ្យដឹងអំពីផលប៉ះពាល់ នៃដំណើរការអភិវឌ្ឍន៍នេះទៅលើអង្គការ WIPO និងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ប្រទេសជាសមាជិកដែលរួមទាំងប្រទេស​វៀត​ណាម​ដែរឬទេ?

បដិវត្តន៍ឧស្សាហកម្មទី ៤ ដោយមានសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលេចធ្លោបានជះឥទ្ធិពលយ៉ាងខ្លាំងនិងយ៉ាងជ្រាលជ្រៅដោយបានផ្លាស់ប្តូរជាមូលដ្ឋាននូវបែបផែនផលិតកម្ម អាជីវកម្ម ការប្រើប្រាស់ នយោបាយ និងសន្តិសុខ ពិភពលោក។ ដូច្នេះចំណេះដឹង សមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា គំនិតច្នៃប្រឌិតកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិក WIPO ។

ជាមួយនឹងបេសកកម្មលើកកម្ពស់ការគាំពារកម្មសិទ្ធិបញ្ញាលើកទឹកចិត្តរាល់សកម្មភាពច្នៃប្រឌិតជំរុញការច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ខណៈនៅតែធានាបានផលប្រយោជន៍របស់សហគមន៍ WIPO មានឱកាសដើម្បីផ្លាស់ថ្មីតាមទិសដៅអនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងឆ្លាតវៃដូចជាការកែលម្អនិងធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ស្វែងរកស្ថានភាពបច្ចេកទេសសម្រាប់ការច្នៃប្រឌិត ការស្វែងរកដោយរូបភាពសម្រាប់និក្ខិត្តសញ្ញា ការរចនាបែបឧស្សាហកម្មតាមរយៈការប្រើបច្ចេកវិទ្យា AI, IPC, Nice, Locarno ។

រាល់ដំណោះស្រាយនៃបច្ចេកវិទ្យាព័ត៌មានទាំងនោះក៏បើកឱកាសថ្មីដើម្បីគ្រប់គ្រងបានល្អជាងនូវតម្រូវការធ្វើឃ្លាំងទិន្នន័យទិន្នន័យឌីជីថលសម្រាប់កម្មសិទ្ធិបញ្ញា។ ការកើនឡើងនៃចំនួនការចុះបញ្ជីកម្មសិទ្ធិបញ្ញាចំពោះស្លាកសញ្ញាពាណិជ្ជកម្ម ការរចនារូបភាពឧស្សាហកម្ម គំនិតច្នៃប្រឌិតថ្មី ។ល។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រាក់ចំណូលរបស់អង្គការនេះផងដែរ។

នេះគឺជាឱកាសហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់អង្គការនេះក្នុងការបំពេញបេសកកម្មរបស់ខ្លួនជំរុញកិច្ចសហប្រតិបត្តិការ​ចងក្រងឯកសារអន្តរជាតិស្តីពីកម្មសិទ្ធិបញ្ញា និងលើកកម្ពស់សកម្មភាពច្នៃប្រឌិត ផ្សព្វផ្សាយ  ប្រើប្រាស់ និងគាំពារផលិតផលនៃបញ្ញារបស់មនុស្ស។ បដិវត្តន៍ឧស្សាហកម្មទី ៤ ក៏បានបង្កើតបញ្ហាប្រឈមដ៏ធំធេងសម្រាប់ WIPO ផងដែរនៅពេលដែលបរិមាណព័ត៌មានដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានចរាចរយ៉ាងលឿន បង្កើតការលំបាកសម្រាប់ដំណើរការគ្រប់គ្រង និងប្រតិបត្ដិនូវរាល់សកម្មភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ ។

ចំពោះប្រទេសវៀតណាមរហូតមកដល់ពេលនេះប្រព័ន្ធនៃការការពារកម្មសិទ្ធិបញ្ញា សំរេចបាននូវសមិទ្ធិផលសំខាន់ៗដោយមានមូលដ្ឋានច្បាប់ស្របតាមស្តង់ដារអន្តរជាតិ។ នេះគឺជាមូលដ្ឋានសម្រាប់យើងទាញយកផលប្រយោជន៍ពីឱកាសដ៏អស្ចារ្យដែលបង្កើតឡើងដោយបដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងការជឿនលឿននៃផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ប្រជាជននិងសហគ្រាសមានឱកាសទទួលបានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ការច្នៃប្រឌិត។

បដិវត្តឧស្សាហកម្មលោកទី ៤ នឹងបង្កើតឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍នៅពេលដែលពួកគេចេះទាញយកផលប្រយោជន៍ពីសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ ប៉ុន្តែផ្ទុយទៅវិញ ក៏អាចធ្វើឲ្យបណ្តាប្រទេសកំពុងមានការអភិវឌ្ឍតិចតួចត្រូវធ្លាក់ពីក្រោយដោយមិនឆ្លៀតយកឱកាសនេះបាន។ ការប្រកួតប្រជែងរវាងបណ្តាប្រទេសនៅលើពិភពលោកកាន់តែខ្លាំងក្លាជាងមុន ការជាប់ទាក់ទងគ្នានៃអំណាចក្នុងចំណោមប្រទេសនិងតំបន់នឹងមានការផ្លាស់ប្តូរជាច្រើន។ ដូច្នេះនាពេលបច្ចុប្បន្ននេះប្រទេសទាំងអស់សុទ្ធតែបានពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន។

អ្នកសារព័ត៌មាន៖ ជាលើកដំបូងទទួលតំណែងជាប្រធានមហាសន្និបាត WIPO តើស្ថានបេសកកម្មរបស់វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ បានធ្វើដូចម្តេចដើម្បីដាក់ពង្រាយសកម្មភាពនៅលើវេទិកាពហុភាគី នៅក្នុងហ្សឺណែវដែលមានរួមទាំង WIPO? តើតួនាទីរបស់វៀតណាមនៅ WIPO និងការចូលរួមចំណែករបស់យើងចំពោះការរៀបចំសកម្មភាពរបស់ WIPO យ៉ាងដូចម្តេច?

សកម្មភាពរបស់ស្ថានបេសកកម្មគឺជាសក្ខីកម្មមួយយ៉ាងច្បាស់សម្រាប់ការចូលរួមយ៉ាងសកម្ម និងស៊ីជម្រៅរបស់វៀតណាមក្នុងវេទិកាពហុភាគីនៅក្នុងដំណាក់កាលថ្មីនៃដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាម ។ ក្រៅពីរាល់សកម្មភាពនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្ថានបេសកកម្មក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងវេទិកាជំនាញដូចជា៖ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អង្គការសុខភាពពិភពលោក (WHO) អន្តរសភាពិភពលោក(IPU)   អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM), និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាដើម។

ព្រឹត្តិការណ៍ដែលវៀតណាមបានទទួលតំណែងជាប្រធានមហាសន្និបាត WIPO សម្រាប់ឆ្នាំ ២០១៨ - ២០១៩ គឺជាជំហានមួយក្នុងចំណោមជំហានដ៏មានប្រសិទ្ធិភាពក្នុងជំរុញនិងលើកកម្ពស់ទំនាក់ទំនងការបរទេសពហុភាគីដល់ឆ្នាំ ២០៣០ ។ តាមរយៈការចូលរួមក្នុងមុខតំណែងសំខាន់ៗនៅក្នុងវេទិកាពហុភាគីដូចជា WIPO យើងនឹងចូលរួមជាជំហានៗក្នុងដំណើរការកសាង និងដឹកនាំបណ្តាមជ្ឈដ្ឋានពហុភាគីក្នុងអន្តរតំបន់ និងសកលលោក ព្រមទាំងរួមចំណែកលើកស្ទួយឋានៈ និងមុខមាត់របស់ប្រទេសវៀតណាមហើយទន្ទឹមនឹងនេះទទួលបានការគាំទ្រពីអង្គការទាំងនេះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ក្នុងនាមជាប្រធានមហាសន្និបាត WIPO យើងបានជំរុញ WIPO ជួយទ្រទ្រង់គម្រោងជាច្រើននៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមដូចជា គម្រោងជួយដល់ប្រទេសវៀតណាមដើម្បីបំពេញកាតព្វកិច្ចជាសមាជិករបស់ WIPO  និងជួយកែប្រែការផ្តល់ទិន្នន័យស្ថិតិដើម្បីបង្កើតរបាយការណ៍ជាតិស្តីពីការច្នៃប្រឌិតក៏ដូចជាការបង្កើតរាល់វិធានការណ៍ គោលនយោបាយដើម្បីពង្រឹងការច្នៃប្រឌិតរបស់ប្រទេសជាតិ។ ជាពិសេស WIPO បានជួយគាំទ្រវៀតណាមក្នុងការបង្កើតយុទ្ធសាស្ត្រជាតិស្តីពីកម្មសិទ្ធិបញ្ញា តាំងពីឆ្នាំ ២០១៧ ដល់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩ ថ្មីៗនេះ។ល។

ចំពោះរាល់សកម្មភាពរបស់អង្គការនេះជារៀងរាល់ឆ្នាំប្រទេសវៀតណាមបានបញ្ជូនតំណាងឱ្យចូលរួមកិច្ចប្រជុំជាប្រចាំរបស់ស្ថាប័នគ្រប់គ្រងរបស់ WIPO ដូចជា មហាសន្និបាត WIPO គណៈកម្មាធិការសម្របសម្រួល WIPO (CoCo) ឬ បណ្តាគណៈកម្មាធិការអចិន្រ្តៃយ៍ដូចជា គណៈកម្មាធិការកម្មវិធី និងគោលនយោបាយ គណៈកម្មាធិការថវិកា (PBC) គណៈកម្មាធិការអភិវឌ្ឍន៍និងកម្មសិទ្ធិបញ្ញា (CDIP) ... រហូតមកដល់ពេលនេះប្រទេសវៀតណាម គឺជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិចំនួន ១០ ស្តីពីកម្មសិទ្ធិបញ្ញាដែលគ្រប់គ្រងដោយ WIPO និងកំពុងអនុវត្តនូវរាល់នីតិវិធីដើម្បីបន្តចូលរួមកិច្ចព្រមព្រៀង The Hague ស្តីពីការចុះឈ្មោះអន្តរជាតិនៃការរចនាបែបឧស្សាហកម្ម និងដើម្បីចូលរួមក្នុងការពិភាក្សាលើឯកសារ អន្ដរជាតិ…។

អ្នកសារព័ត៌មាន៖ ក្នុងនាមជាដៃគូសំខាន់បំផុតរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីកម្មសិទ្ធិបញ្ញា  តើអង្គការ WIPO បានជួយឧបត្ថម្ភវៀតណាមយ៉ាងដូចម្តេចក្នុងដំណើរការកសាងច្បាប់ បណ្តុះបណ្តាលកម្មាភិបាលគ្រប់គ្រងកម្មសិទ្ធិបញ្ញា ... ?

ជារៀងរាល់ឆ្នាំ WIPO សុទ្ធតែធ្វើសកម្មភាពសហប្រតិបត្តិការបច្ចេកទេសជាច្រើនសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងនោះវៀតណាមជាប្រទេសមួយដែលទទួលបានគម្រោងជាច្រើនដែលផ្តោតលើវិស័យកសាងគោលនយោបាយ និងច្បាប់ ស្តីពីកម្មសិទ្ធិបញ្ញា ការលើកកម្ពស់សមត្ថភាពនិងការធ្វើទំនើបកម្មនៃប្រព័ន្ធគ្រប់គ្រងកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍកម្មសិទ្ធិបញ្ញា ការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា។ ជាពិសេសចាប់តាំងពីដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់អគ្គនាយក WIPO កាលពីខែមីនាឆ្នាំ ២០១៧ រាល់សកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានពង្រឹង។

ទាំងនេះគឺជាសកម្មភាពគាំទ្រជាក់លាក់និងសំខាន់ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពការពារ និងលើកកម្ពស់​កម្មសិទ្ធិបញ្ញា និងចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា សហគ្រាសនិងប្រជាជន។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា អង្គការ WIPO បានជួយប្រទេសវៀតណាមស្វែងរកដំណោះស្រាយជាក់ស្តែង និងមានប្រយោជន៍ដើម្បីដោះស្រាយរាល់បញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍និងប្រជាជន៕

បកប្រែដោយ Minh Trung