តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងភរិយានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែសីហា ឆ្នាំ ២០១៩ ។ ព្រឹត្តិការណ៍នេះកើតមានឡើងនៅក្នុងបរិបទទំនាក់ទំនង វៀតណាម - អូស្រ្តាលី មានការអភិវឌ្ឍយ៉ាងរឹងមាំ និង ជឿទុកចិត្តខាងនយោបាយកាន់តែត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូររទស្សនកិច្ចជាន់ខ្ពស់។  ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រី Scott Morrison លើកនេះត្រូវបានគេរំពឹងទុកថា វានឹងរួមចំណែកជំរុញថែមទៀត ទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាមនិងអូស្ត្រាលី។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី Scott Morrison នៅក្នុងកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុន ឆ្នាំ២០១៩ (រូបថត vnanet.vn)

 

ជាដៃគូដ៏សំខាន់និងមានប្រសិទ្ធភាព។

ប្រទេសអូស្រ្តាលី និងវៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣។ ក្រោយរយៈពេលជាង ៤៥ ឆ្នាំទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនល្អប្រសើរ។ ប្រទេសវៀតណាម និងអូស្រ្តាលីបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០០៩។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅកាន់ប្រទេសអូស្ត្រាលី (១៤-១៧ ខែមីនា ឆ្នាំ ២០១៨) ប្រទេសទាំងពីរបានដំឡើងនូវទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

ទំនាក់ទំនងនយោបាយល្អរវាងវៀតណាម និងអូស្ត្រាលី ត្រូវបានសម្គាល់ដោយដំណើរទស្សនកិច្ចជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ថ្មីៗនេះមានការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខែមីនា ឆ្នាំ ២០១៨); អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh (ខែមេសាឆ្នាំ ២០១៨); រដ្ឋមន្រ្តីក្រសួងការពារប្រទេស Ngo Xuan Lich (ខែវិច្ឆិកា ២០១៨); អភិបាលរដ្ឋអូស្ត្រាលីលោក Peter Cosgrove បានធ្វើទស្សនកិច្ចជាផ្លូវរដ្ឋ (ឧសភា ឆ្នាំ២០១៨); ប្រធានរដ្ឋសភាអូស្រ្តាលី Tony Smith (ខែកក្កដាឆ្នាំ ២០១៨) និងរដ្ឋមន្ត្រីការបរទេសលោកស្រី Marise Payne (មិថុនា ២០១៩) …

ទន្ទឹមនឹងនោះប្រទេសទាំងពីរបានអនុវត្តកម្មវិធីសកម្មភាពសម្រាប់ឆ្នាំ ២០១៦-២០១៩ ប្រកបដោយប្រសិទ្ធភាព និងកំពុងជំរុញការអភិវឌ្ឍកម្មវិធីសកម្មភាពសម្រាប់ឆ្នាំ ២០២០-២០២២ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រ។ អូស្ត្រាលីបានចាត់ទុកប្រទេសវៀតណាមជាដៃគូសំខាន់នៅក្នុងអាស៊ាននិងជាដៃគូអភិវឌ្ឍន៍ដ៏មានប្រសិទ្ធិភាព ។

សហគ្រាសវៀតណាមជំរុញកិច្ចសហប្រតិបត្តិការនិងការវិនិយោគអាជីវកម្មនៅអូស្ត្រាលី

យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានរក្សាជាប្រចាំរួមទាំងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីក្នុងគ្រប់វិស័យដូចជា ការទូត ការពារជាតិ និងសេដ្ឋកិច្ចជាដើម។ ភាគីទាំងពីរធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងវិស័យសន្តិសុខនិងការពារជាតិតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការគ្រប់គ្រងអន្តោប្រវេសន៍ ការប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ ការផ្លាស់ប្តូរព័ត៌មាន  បទពិសោធន៍ ការបណ្តុះបណ្តាលភាសាអង់គ្លេស ការធ្វើទស្សនកិច្ចកងទ័ពជើងទឹក ...

ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលការរក្សាសន្តិភាព និងការរុករក ដោះមីន (២០១៦)។ អូស្ត្រាលីជួយវៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (២០១៨)។ អូស្រ្តាលីគឺជាប្រទេសតែមួយគត់ដែលដាក់តំណាងប្រចាំការនៅមជ្ឈមណ្ឌលបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនវៀតណាម (នៅទីក្រុងហូជីមិញ)។ ដោយហេតុនេះ ភាគីទាំងពីរបានផ្លាស់ប្តូរការស៊ើបការណ៍គ្នា និងសហការប្រឆាំងនឹងអំពើភេរវកម្មឧក្រិដ្ឋកម្មគ្រឿងញៀនការជួញដូរមនុស្សយ៉ាងទៀងទាត់។ អូស្ត្រាលីជាដៃគូសន្ទនាចាស់ជាងគេរបស់អាស៊ានចាប់តាំងពីឆ្នាំ ១៩៧៤។ ភាគីទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៤។ បច្ចុប្បន្ននេះប្រទេសអូស្រ្តាលីកាន់តែយកចិត្តទុកដាក់និងលើកកម្ពស់តួនាទីរបស់វៀតណាមនៅក្នុងតំបន់នេះ។

ចំពោះបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំវៀតណាម និងអូស្ត្រាលីបានអះអាងម្តងហើយម្តងទៀតនូវចក្ខុវិស័យរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតដោយសង្កត់ធ្ងន់ទៅលើការដោះស្រាយជំលោះទាំងអស់ដោយសន្តិវិធីផ្អែកលើច្បាប់អន្ដរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។

ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មត្រូវបានជំរុញ

បច្ចុប្បន្ននេះវៀតណាមគឺជាដៃគូធំទី ៤ របស់អូស្ត្រាលីនៅក្នុងអាស៊ាន។ អូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់វៀតណាម។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ៨.៨% ក្នុងមួយឆ្នាំជាមធ្យម។ ជាក់ស្តែងក្នុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មបានឈានដល់ ៧,៧១២ លានដុល្លារកើនឡើង ១៩.៣%។ ក្នុងនោះការនាំចេញ របស់វៀតណាមកើនដល់ជិត ៤ ពាន់លានដុល្លារកើន ២០.៩% និងការនាំចូលកើនដល់ជាង ៣.៧ ពាន់លាន ដុល្លារកើន ១៧.៨% ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ តួលេខនេះមានចំនួន ៣.៨៤ ពាន់លានដុល្លារកើនឡើង ៦.១% បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

នៅចុងខែមិថុនា ឆ្នាំ២០១៩ អូស្ត្រាលីមានគម្រោងវិនិយោគចំនួន ៤៥៨ គម្រោងដោយមានទឹកប្រាក់វិនិយោគសរុបជាង ១.៨៦ ពាន់លានដុល្លារឈរនៅលំដាប់ទី ២០ ក្នុងចំណោមប្រទេស ១៣១ ដែលវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនេះដែរប្រទេសវៀតណាមក៏មានគម្រោងវិនិយោគផ្ទាល់ចំនួន ៥៣ នៅអូស្រ្តាលីដែលមានតម្លៃសរុប ជាង ២៤៧ លានដុល្លារ។ អ្វីដែលលេចធ្លោជាងគេនោះ គឺគម្រោងទិញកសិដ្ឋានចិញ្ចឹមគោដែលមានតម្លៃ ១៣៥ លានដុល្លាររបស់សម្ព័ន្ធក្រុមហ៊ុន TH។ ក្នុងនាមជាដៃគូទ្វេភាគីមួយ ដែលផ្តល់ជំនួយអភិវឌ្ឍន៍ ODA ដ៏ធំបំផុតដល់ប្រទេសវៀតណាម (ជាមធ្យម ៩២.៧ លានដុល្លារអូស្រ្តាលីក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១៣-២០១៨) អូស្រ្តាលីបានផ្តល់ជំនួយដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់វៀតណាម

ចំណុចភ្លឺក្នុងកិច្ចសហប្រតិបត្តិការ

អប់រំគឺជាវិស័យសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។ អូស្ត្រាលីផ្តល់អាហារូបករណ៍ជាច្រើនក្រោមកម្មវិធីរយៈពេលវែង និងខ្លីសម្រាប់ប្រទេសវៀតណាម  មានពេលខ្លះសម្រេចបានរហូតដល់ ៤០០ កន្លែងក្នុងមួយឆ្នាំ បច្ចុប្បន្នរក្សាបាននូវប្រមាណ ១០០ កន្លែងក្នុងមួយឆ្នាំ។ ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាការច្នៃប្រឌិតថ្មី ប្រទេសទាំងពីរបានប្រកាសកម្មវិធីដៃគូច្នៃប្រឌិតថ្មីរបស់វៀតណាម - Aus4Innovation នៅខែវិច្ឆិកា ឆ្នាំ ២០១៧ និងមានគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាច្រើននៅក្នុងវិស័យនេះ។

ក្នុងវិស័យទេសចរណ៍ភាគីទាំងពីរបានចាប់ផ្តើមអនុវត្តកម្មវិធីការងារវិស្សមកាលចាប់ពីខែមីនា ឆ្នាំ២០១៥ ដែលអនុញ្ញាតឱ្យពលរដ្ឋវៀតណាមធ្វើដំណើរទៅកាន់អូស្ត្រាលីដើម្បីធ្វើការជាមួយគ្នា ហើយកំពុងពិចារណាបង្កើនកូតា (ពី ២០០ នាក់ក្នុងមួយឆ្នាំ  បច្ចុប្បន្នមានរហូតដល់ ១,៥០០ នាក់ / ឆ្នាំ) ។ បច្ចុប្បន្ននេះមានប្រជាជនវៀតណាមប្រមាណ ៣០ ម៉ឺននាក់កំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីដែលឈរនៅលំដាប់ទី ៥ ក្នុងចំណោមសហគមន៍ជនជាតិបរទេសនៅទីនេះ។

ប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងវេទិកាតំបន់ និងអន្តរជាតិដូចជា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC), អង្គការសហប្រជាជាតិ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមក្រៅពីកិច្ចពិភាក្សានិងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាម លោកនាយករដ្ឋមន្រ្តី Scott Morrison ត្រូវបានគេរំពឹងថានឹងជួបសហគមន៍អាជីវកម្មនៃប្រទេសទាំងពីរ និងជួបជាមួយកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅបណ្ឌិតសភាវេជ្ជសាស្ត្រយោធា ១០៣ ។ ដំណើរទស្សនកិច្ចនេះនឹងជាតម្រុយដ៏ល្អក្នុងទំនាក់ទំនងវៀតណាម - អូស្ត្រាលី ៕

បកប្រែដោយ Minh Trung