ថ្លែងមតិក្នុងនាមអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានកត់សម្គាល់ថា ទំនាក់ទំនងអាស៊ាន - ជប៉ុន មានការរីកចម្រើនឥតឈប់ឈរអស់រយៈពេលជាង ៤៥ ឆ្នាំមកហើយ ដោយបានចែករំលែកការជឿទុកចិត្ត និងការយោគយល់គ្នានាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ភាគីទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

 

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក  Pham Binh Minh និងបណ្តាប្រទេសអាស៊ានបានលើកឡើងនូវទិសដៅមួយចំនួននៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខរវាងអាស៊ាន និងជប៉ុនដូចជា៖ ការពង្រឹងការសម្របសម្រួលនិងភាពស្អិតល្មួតនៅក្នុងវេទិកាដែលចាត់តាំងដោយអាស៊ាន រួមវិភាគទានក្នុងការកសាងទំនុកចិត្ត ការលើកកម្ពស់ច្បាប់អន្ដរជាតិ ការកសាង និងគោរពតាមបទដ្ឋានរួមនៃការប្រតិបត្តិ ព្រមទាំងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ ការជំរុញយ៉ាងខ្លាំងបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច - វិនិយោគសម្រេចឲ្យបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) នាពេលឆាប់ៗ និងពង្រីកកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ ការផ្លាស់ថ្មី ការច្នៃប្រឌិត និងការសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ បន្តបង្កើនការផ្លាស់ប្តូរវប្បធម៌ ការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងកិច្ចសហប្រតិបត្តិការលើវិស័យដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Taro Kono បានបញ្ជាក់ថា អាស៊ានគឺជាចំណុចស្នូលមួយនៅក្នុងគោលនយោបាយការបរទេសរបស់ជប៉ុនដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពិតប្រាកដប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។

ពិភាក្សាគ្នាអំពីស្ថានភាពពិភពលោកនិងក្នុងតំបន់ ប្រទេសទាំងអស់បានកត់សម្គាល់នូវវឌ្ឍនភាពនៃការចរចាលើក្រម COC ប៉ុន្តែក៏បានលើកឡើងពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការវិវត្តដ៏ស្មុគស្មាញនៅទីវាលជាក់ស្តែងផងដែរ ជាពិសេសគឺរាល់សកម្មភាពយោធូបនីយកម្ម សកម្មភាពឯកតោភាគីធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពដែលនាំឲ្យអន្តរាយដល់ជំនឿទុកចិត្ត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

ភាគីទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងបណ្តាតំបន់សមុទ្រ ដែលមានរួមទាំងសមុទ្រខាងកើត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ជំលោះទាំងអស់ត្រូវតែដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២  សង្កត់ធ្ងន់លើការអនុវត្តពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត និងលើកទឹកចិត្តការខិតខំប្រឹងប្រែងដើម្បីបង្កើតឲ្យចេញជារូបរាងនូវក្រម COC ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២ ។

* នារសៀលថ្ងៃដដែល លោក Pham Binh Minh រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន និងទេសរដ្ឋមន្រ្តីសហរដ្ឋអាមេរិក លោក Mike Pompeo ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - សហរដ្ឋអាមេរិក។

ក្នុងនាមបណ្តាប្រទេសអាស៊ាន រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - អាមេរិក បានអះអាងថា ទំនាក់ទំនងអាស៊ាន - អាមេរិក ត្រូវបានបន្តពង្រឹងនិងពង្រីកដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការទៅវិញទៅមក និងការរួមចំណែកយ៉ាងសកម្មដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ទាក់ទិននឹងស្ថានភាពពិភពលោកនិងតំបន់ រដ្ឋមន្ត្រីទាំងអស់បានពិភាក្សាអំពីរាល់ការវិវត្តដ៏ស្មុគស្មាញនាពេលថ្មីៗនេះ ក្នុងនោះមានរួមទាំងស្ថានភាពសមុទ្រខាងកើត។ ថ្វីត្បិតតែភាគីទាំងពីរបានកត់សម្គាល់នូវការវិវឌ្ឍក្នុងការចរចា COC ក៏ពិតមែន ក៏ប៉ុន្តែប្រទេសនានាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិវត្តនៅទីវាលជាក់ស្តែងលើសមុទ្រ ដែលរួមមានទាំងការធ្វើយោធូបនីយកម្ម  និងរាល់សកម្មភាពឯកតោភាគី ដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្ត និងជះឥទ្ធិពលអាក្រក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ប្រទេសអាស៊ាន និងសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការលើកកម្ពស់ការជឿទុកចិត្ត ការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត។ គោរពអនុវត្តតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ និងការអនុវត្ត DOC យ៉ាងម៉ឺងម៉ាត់ និងឆ្ពោះទៅរកការបញ្ចប់ COC ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។ ទេសរដ្ឋមន្រ្តីសហរដ្ឋអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែជាមិត្ត និងជាដៃគូគួរឲ្យទុកចិត្តរបស់អាស៊ានដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

* នៅថ្ងៃទី ១ ខែសីហា AMM-52 បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីផ្តួចផ្តើមគំនិតទន្លេមេគង្គក្រោមលើកទី ១២ (LMI)។ កិច្ចប្រជុំនេះ ក្រោមសហអធិបតីភាពរបស់ទេសរដ្ឋមន្រ្តីសហរដ្ឋអាមេរិក Mike Pompeo និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ Don Pramudwinai  ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រីការបរទេសមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងអគ្គលេខាធិការអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះទេសរដ្ឋមន្រ្តីលោក Mike Pompeo ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសជប៉ុនដើម្បីបង្កើត “ភាពជាដៃគូថាមពលក្នុងតំបន់មេគង្គ” (JUMPP) ក្នុងគោលបំណងផ្តល់ជំនួយដល់បណ្តាប្រទេសទន្លេមេគង្គដើម្បីធានាសន្តិសុខថាមពលប្រកបដោយចីរភាព។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការដែលចាំបាច់ត្រូវយកចិត្តទុកដាក់នាពេលខាងមុខរួមមាន៖ ការលើកកំពស់សមត្ថភាពអនុវត្តបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធឲ្យមានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន និងសង្គម ប្រកបដោយនិរន្តរភាព។ ពង្រឹងសមត្ថភាពនៃការរៀបចំគោលនយោបាយលើការគ្រប់គ្រងប្រភពទឹកទន្លេមេគង្គ។ ការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់បំពេញតាមតម្រូវការនៃយុគសម័យឌីជីថល។

អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមស្តីពីទន្លេមេគង្គក្រោម។ ក្នុងឱកាសនេះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងប្រធានបណ្តាគណៈប្រតិភូក្នុងក្រុមប្រទេសជាមិត្តនៃទន្លេមេគង្គក្រោម (FLM) ក៏បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងការសម្របសម្រួល FLM ផងដែរ៕

បកប្រែដោយ Minh Trung