leftcenterrightdel
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ផ្តល់បទសម្ភាសន៍ជាមួយកាសែត The Nation (ប្រទេសថៃ)

អ្នកយកព័ត៌មាន៖ តើលោកនាយករដ្ឋមន្រ្តីអាចឲ្យដឹងពីសាររបស់វៀតណាមក្នុងកិច្ចប្រជុំអាស៊ានកំពូលលើកនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ៖ ជាបឋមយើងខ្ញុំសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដែលជាប្រធានអាស៊ានឆ្នាំ ២០១៩  ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃប្រធានបទឆ្នាំ ២០១៩ "ពង្រឹងភាពជាដៃគូដើម្បីនិរន្តរភាព" ឆ្ពោះទៅរកសហគមន៍អាស៊ានមួយអភិវឌ្ឍដ៏រឹងមាំលើសសរស្តម្ភទាំងបី ឆ្ពោះទៅរកប្រជាជននិងយកប្រជាជនជាមជ្ឈភាព។ វៀតណាមគាំទ្រនិងចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់ថៃដែលរួមមានការពង្រឹងសុខុមាលភាពសង្គមសម្រាប់មនុស្សចាស់ ការលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមករវាងចក្ខុវិស័យនៃសហគមន៍អាស៊ានឆ្នាំ២០២៥  ជាមួយរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០  ការប្រយុទ្ធប្រឆាំងនឹង កាកសំណល់សមុទ្រ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ...

នៅក្នុងបរិបទដែលបរិយាកាសតំបន់និងអន្តរជាតិមានការវិវឌ្ឍដ៏ស្មុគស្មាញ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសធំៗកាន់តែតានតឹង ប្រទេសវៀតណាមមានបំណងរួមជាមួយគ្រប់ប្រទេសជាសមាជិកអាស៊ានកសាងនូវអាស៊ានមួយដ៏រឹងមាំ និងដើរតួនាទីជាមជ្ឈភាពក្នុងតំបន់ ដោយមានសមត្ថភាពខ្លួនឯងគ្រប់គ្រាន់ រឹងមាំប្រឈមមុខនឹងឧបសគ្គទាំងឡាយ។ ដើម្បីធ្វើដូចនេះបានអាស៊ានចាំបាច់ត្រូវពង្រឹង សាមគ្គីភាព ឯកភាព ស្មោះត្រង់ រួមគ្នាកំណត់ជំហររួម ក្នុងការឆ្លើយតបទៅនឹងបញ្ហាទាំងអស់នៅក្នុងតំបន់ និងនៅលើពិភពលោក។

យើងខ្ញុំក៏ចង់បញ្ជាក់ថា នៅពេលទទួលតួនាទីជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២០  វៀតណាមនឹងទទួលមរតកនិងលើកកម្ពស់សមិទ្ធផលដែលអាស៊ានសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក បន្តរួមចំណែកក្នុងការអនុវត្តជោគជ័យនៃចក្ខុវិស័យ​សហគមន៍​អាស៊ានឆ្នាំ២០២៥  ដើម្បីអាស៊ានមួយមានការរួបរួមរឹងមាំជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយតួនាទីនិងមុខតំណែងថ្នាក់តំបន់និងអន្តរជាតិ។

អ្នកយកព័ត៌មាន៖ តើវៀតណាមមានទស្សនៈយ៉ាងណាចំពោះរាល់បញ្ហាសន្តិសុខក្នុងតំបន់ដែលរួមទាំងបញ្ហានៅសមុទ្រខាងកើត​?

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ៖ ការរក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់គឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់គ្រប់ប្រជាជាតិ។ ទន្ទឹមនឹងនោះយើងទាំងអស់គ្នាសុទ្ធតែមើលឃើញពីរាល់បញ្ហាប្រឈមផ្នែកសន្តិសុខទាំងប្រពៃណី និងមិនមែនជាប្រពៃណីដែលលេចឡើងយ៉ាងក្តៅគគុក គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកដែលធ្វើឱ្យយើងព្រួយបារម្ភយ៉ាងខ្លាំង ។

ទស្សនៈរបស់វៀតណាមគឺថាបញ្ហាសន្តិសុខទាំងឡាយត្រូវតែដោះស្រាយឱ្យបានគ្រប់ជ្រុងជ្រោយសមហេតុសមផលដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ មិនទុកឱ្យបញ្ហាកើនឡើងទៅជាចំណុចក្តៅគគុក គំរាមកំហែងដល់សន្តិភាព ស្ថិរភាពនិងភាពរុងរឿងជារួមនៃតំបន់។ ក្នុងរយៈពេលកន្លងមក អាស៊ានបានខិតខំប្រឹងប្រែងរួមចំណែកដោះស្រាយរាល់បញ្ហាសន្តិសុខក្នុងតំបន់ដែលរួមមានបញ្ហានៅសមុទ្រខាងកើត បញ្ហានៅរដ្ឋ Ra-khin ប្រទេសមីយ៉ានម៉ា បញ្ហារំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បញ្ហាប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន... វៀតណាមបាននឹងបន្តរួមចំណែកជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ។

រីឯបញ្ហាសមុទ្រខាងកើតវិញក្នុងរយៈពេលកន្លងមក មានការវិវឌ្ឍជាវិជ្ជមានក្នុងការចរចាស្ថាបនាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិន។ ទោះជាយ៉ាងណាក៏ដោយស្ថានភាពនៅកន្លែងជាក់ស្តែងនៅតែជួបបញ្ហាដ៏ស្មុគស្មាញដដែល។ រាល់សកម្មភាពឯកតោភាគីខុសច្បាប់ ការប្រែប្រួលសភាពដើម ការធ្វើយោធាភាវូបនីយកម្ម ការប៉ះទង្គិចបង្កគ្រោះថ្នាក់ដល់អ្នកនេសាទ។ល។ ពិតជាធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប៉ះពាល់ដល់ការជឿទុកចិត្ត គ្មានផលប្រយោជន៍ ចំពោះកិច្ចប្រឹងប្រែងជួបសន្ទនានិងរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ នៅក្នុងស្ថានភាពនោះអាស៊ាន ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អំពីសមុទ្រខាងកើត អាស្រ័យហេតុនោះភាគីនានាចាំបាច់ត្រូវទប់ស្កាត់កុំឱ្យធ្វើសកម្មភាពស្មុគស្មាញកុំឱ្យធ្វើសង្គ្រាមដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីតាមមូលដ្ឋានច្បាប់អន្តរជាតិ ដោយរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅឆ្នាំ១៩៨២ និងអនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) ការខិតខំប្រឹងប្រែងដើម្បីបង្កើត COC ប្រកបដោយប្រសិទ្ធភាព គោរពច្បាប់អន្តរជាតិនិងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។

អ្នកយកព័ត៌មាន៖ តើលោកអាចឲ្យដឹងអំពីការសន្និដ្ឋានរបស់វៀតណាមអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលបានអនុម័តនៅឆ្នាំនេះ?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖ ក្នុងបរិបទនៃភាពតានតឹងខាងពាណិជ្ជកម្មដ៏ខ្លាំងក្លា និងលទ្ធិគាំពារនិយមបានកើនឡើងយ៉ាងខ្លាំងរួមជាមួយកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់វិស័យ និងវឌ្ឍនភាពអន្តរប៉ាសីហ្វិក (CPTPP)  ដែលត្រូវបានដាក់ពង្រាយចាប់ពីដើមឆ្នាំ២០១៩ ការជំរុញការចរចា RCEP នឹងមានសារៈសំខាន់យ៉ាងខ្លាំងក្លា បង្កើតឱ្យមានកម្លាំងចលករថ្មីមួយដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចពហុភាគីដោយផ្អែកលើច្បាប់ និងសេរីភាវូបនីយកម្មពាណិជ្ជកម្មនៅអាស៊ី - ប៉ាស៊ីហ្វិកគឺជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។

នៅក្នុងកិច្ចប្រជុំកំពូល RCEP លើកទីពីរដែលរៀបចំឡើងនៅសិង្ហបុរីក្នុងខែវិច្ឆិកា ឆ្នាំ២០១៨  ខ្ញុំនិងថ្នាក់ដឹកនាំ RCEP បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្នប្រទេសជាសមាជិកទាំងអស់កំពុងធ្វើការជាមួយគ្នាដើម្បីបញ្ចប់ការចរចានៅចុងឆ្នាំនេះ។

អ្នកយកព័ត៌មាន៖ តើទស្សនវិស័យនិងទិសដៅសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - ថៃ។ តើប្រទេសទាំងពីរអាចធ្វើអ្វីខ្លះដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក?

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៖ ខ្ញុំសប្បាយរីករាយណាស់ដែលឃើញថាទំនាក់ទំនងរវាងវៀតណាមនិងថៃក្នុងរយៈពេលកន្លងមកមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តក្នុងឆ្នាំ២០១៣។

ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ តាមទស្សនៈរបស់ខ្ញុំ នាពេលខាងមុខភាគីទាំងពីរត្រូវផ្តោតលើការងារជាក់លាក់មួយចំនួនដូចជា៖ (i) បញ្ចប់ការកសាងកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - ថៃឆ្នាំ២០១៩ - ២០២៤; (ii) ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ (iii) អនុវត្តអនុសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារនិងកិច្ចព្រមព្រៀងស្តីពីការបញ្ជូននិងទទួលពលកររវាងប្រទេសទាំងពីរ (បានចុះហត្ថលេខានៅឆ្នាំ២០១៥)។ (iv) ការសម្របសម្រួលគោលនយោបាយ កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គដើម្បីតភ្ជាប់តំបន់ខាងកើតនិងអាស៊ីខាងត្បូង ជាមួយនឹងតំបន់អាស៊ីខាងកើត អាស៊ីខាងត្បូងនិងពិភពលោកទាំងមូល ទាំងផ្លូវដីគោក ផ្លូវទឹកនិងផ្លូវអាកាស។ (v) ការសម្របសម្រួលដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងតំបន់។ (vi) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា ទេសចរណ៍ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។

ខ្ញុំជឿជាក់ថាជាមួយនឹងការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃនឹងកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកក្នុងការកសាងសហគមន៍អាស៊ានសាមគ្គី រឹងមាំ រួមចំណែកដ៏វិជ្ជមានដល់សន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍនៃតំបន់និងពិភពលោក៕

បកប្រែដោយ Minh Trung