សិក្ខាសាលានេះត្រូវបានរៀបចំរួមគ្នាដោយគណៈកម្មាធិការជាតិដឹកនាំការជម្នះលើផលវិបាកនៃគ្រាប់បែកគ្រាប់មីន និងសារធាតុគីមី​ពុលក្រោយសង្គ្រាមនៅវៀតណាម (គណៈកម្មាធិការដឹកនាំ៧០១) ជាមួយនិងវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP)។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំ៧០១ និងលោកស្រី Nancy Lindborg នាយិកាវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានធ្វើជាសហអធិបតីសិក្ខាសាលានេះ។

leftcenterrightdel
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស អញ្ជើញចូលរួមសិក្ខាសាលា

មានមោទនភាពចំពោះអ្វីដែលសម្រេចបាន

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា ឧត្តមសេនីយ៍ឯកលោក  Nguyen Chi Vinh មានប្រសាសន៍ថា ពិនិត្យឡើងវិញពីដំណើរការ អស់រយៈពេល៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជម្នះលើផលវិបាកនៃសង្គ្រាមវៀតណាម ទាំងវៀតណាមនិងសហរដ្ឋអាមេរិកអាចមានមោទនភាពចំពោះអ្វីៗដែលសម្រេចបាន។ គ្រួសារអាមេរិកជាច្រើនបានទទួលយកអដ្ឋិធាតុកូនចៅរបស់ខ្លួនវិញក្រោយរយៈពេលដ៏វែងមួយមិនមានព័ត៌មានទាល់តែសោះ។ ផ្ទៃដីទំហំ ៤០  ហិកតា នៅក្នុងតំបន់ព្រលានយន្តហោះទីក្រុងដាណាងវៀតណាមត្រូវបាន​បោស​សំអាតពីសារជាតិឌីអុកស៊ីនដើម្បីប្រគល់ឲ្យទីក្រុងដាណាងវិញសម្រាប់រាល់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅជុំវិញត្រូវបានរំដោះចេញពីការភ័យខ្លាចនៃផលប៉ះពាល់ជាតិពុលឌីអុកស៊ីន។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅឆ្នាំ ២០១៧ លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានទទួលស្វាគមន៍នៅឯតំបន់ដីដែលបានសម្អាតក្រោយពីបានបញ្ចប់គំរោងសម្អាតជាតិឌីអុកស៊ីននៅព្រលានយន្តហោះទីក្រុងដាណាង​។

យោងតាមលោក Nguyen Chi Vinh បានឱ្យដឹងថា ការដោះស្រាយផលវិបាកនៃសង្គ្រាមគឺជាផ្លូវល្អបំផុតដើម្បីបិទអតីតកាលក្នុងទំនាក់ទំនងវៀតណាម - អាមេរិក។ យើងត្រូវតែផ្លាស់ប្តូរការលំបាក ឧបសគ្គក្នុងអតីតកាលរវាងប្រទេសទាំងពីរទៅជាការងារល្អនាពេលអនាគតតាមរយៈការជម្នះលើផលវិបាកនៃសង្គ្រាមវៀតណាម។ ហើយមិនមែនជានរណាម្នាក់ទេ គឺអតីតយុទ្ធជននៃភាគីទាំងពីរតែម្តងដែលជាអ្នកចូលរួមនៅក្នុងដំណើរការនេះ។ ហើយមិនត្រឹមតែជាម្តងនោះទេ ប្រជាជនវៀតណាមធម្មតាបានមុជទឹកសមុទ្រ ឬឡើងភ្នំដ៏គ្រោះថ្នាក់ដើម្បីស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិកដែលបាត់ខ្លួនដោយគ្មានលក្ខខ័ណ្ឌ។ ប្រជាជនវៀតណាមដឹងថា រដ្ឋាភិបាល​វៀតណាមបានប្រឹងប្រែងយ៉ាងខ្លាំងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយផលវិបាកនៃសង្គ្រាម ហើយពួកគេក៏ដឹងអំពីការចូលរួម និងការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកក្នុងដំណើរការដ៏ពិបាកនេះ។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានស្នើឱ្យអាមេរិក និងបណ្តាប្រទេសដទៃ រដ្ឋាភិបាលនិងអង្គការអន្ដរជាតិនានា បន្តរួមដៃគ្នាដើម្បីគាំទ្រការសម្អាតសំណល់គ្រាប់មីននិងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាម។

ត្រៀមរៀបចំគម្រោងសម្អាតសារជាតិឌីអុកស៊ីននៅព្រលានយន្តហោះ Bien Hoa 

បន្ទាប់មកក្នុងសុន្ទរកថាមួយនៅសិក្ខាសាលានេះនិយាយពីបញ្ហាសំណល់មីន និងជាតិផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាមនៅ​វៀត​ណាម។ ព្រឹទ្ធសមាជិក Patrick Leahy សហរដ្ឋអាមេរិក បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមក​​​ សហរដ្ឋអាមេរិកបានជួយកំណត់ទីតាំង និងបំផ្លាញគ្រាប់មីនរាប់លានគ្រាប់ និងគ្រឿងមិនទាន់ផ្ទុះដែលគំរាមសម្លាប់ប្រជាជនវៀតណាមស្លូតត្រង់។ ចំនួនជនរងគ្រោះមានតិចជាងកាលពីមុនប៉ុន្តែនៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីដោះស្រាយការគំរាមកំហែងនេះ។

លោកព្រឹទ្ធសមាជិក Patrick Leahy បានប្រកាសថា នៅខែមេសាឆ្នាំ២០១៩  លោកនឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសមាជិកចំនួន១០ នាក់មកពីគណបក្សសាធារណរដ្ឋ និងទាំងគណបក្សប្រជាធិបតេយ្យមកទស្សនកិច្ចនៅវៀតណាមហើយក្នុងអំឡុងទស្សនកិច្ចនេះលោកនឹងចូលរួមក្នុងការចាប់ផ្ដើមគម្រោងសម្អាតសារជាតិឌីអុកស៊ីន នៅព្រលានយន្តហោះ Bien Hoa វៀតណាម។ គម្រោង​នេះមានទំហំធំជាងគម្រោងមុននៅព្រលានយន្តហោះទីក្រុងដាណាង ហើយនេះជាគំរោងស្តារបរិស្ថានធំបំផុតនៅលើលោក។

leftcenterrightdel
អ្នកតំណាងទស្សនាការតាំងពិព័រណ៍រូបថតស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិកក្នុងការជម្នះលើផលវិបាកក្រោយសង្គ្រាម

និមិត្តសញ្ញានៃការទុកអតីតកាលទៅមួយឡែក ឆ្ពោះទៅរកអនាគតរវាងប្រទេសទាំងពីរ

សិក្ខាសាលា "ជម្នះលើផលវិបាកនៃសង្គ្រាម៖ ដំណើរការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាម និងសហរដ្ឋអាមេរិក" បានប្រព្រឹត្តទៅក្នុង៣ជុំដោយមានប្រធានបទដូចជា៖ “គ្រឹះមូលដ្ឋាននៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកក្រោយសង្គ្រាម; “ផ្សះផ្សារបួសនៃសង្គ្រាម"; "ដំណើរការឆ្ពោះទៅមុខ៖ កសាងភាពជាដៃគូប្រកបដោយនិរន្តរភាព" ។

នៅក្នុងសិក្ខាសាលានេះអ្នកចូលរួមពីភាគីទាំងពីរបានអះអាងថា ការជម្នះលើផលវិបាកនៃសង្រ្គាមតែងតែជាមូលដ្ឋានដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក៏ដូចជាការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវៀតណាមក្នុងវិស័យ នេះរួមទាំងលទ្ធផលល្អប្រសើរនៃកិច្ចសហប្រតិបត្តិការវាងភាគីទាំងពីរនៅក្នុងគម្រោងសម្អាតបរិស្ថានដែលរងសារជាតិឌីអុកស៊ីននៅព្រលានយន្តហោះទីក្រុងដាណាង និងនាពេលខាងមុខនៅព្រលានយន្តហោះ Bien Hoa។ ទាំងអស់នេះគឺជានិមិត្តរូបរស់រវើកបំផុត នៃទំនាក់ទំនងរវាងអតីតសត្រូវទាំងពីរដែលឥឡូវនេះបានក្លាយទៅជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរួមចំណែកដល់ការផ្សះផ្សានូវការឈឺចាប់នៃសង្គ្រាម ការទុកអតីតកាលទៅមួយឡែក ឆ្ពោះទៅរកអនាគតនៃប្រទេសទាំងពីរ។

នៅខាងក្រៅសិក្ខាសាលា អ្នកតំណាងទាំងអស់បានទស្សនាការតាំងពិព័រណ៍រូបថតស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងការជម្នះលើផលវិបាកក្រោយសង្គ្រាម៕

បកប្រែដោយ Minh Trung