វៀតណាម - អង់ហ្គោឡា៖ គំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង
កប.អនឡាញ - នាថ្ងៃទី ៧ ខែសីហា លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានថ្លែងសុន្ទរកថាគន្លឹះនៅសម័យប្រជុំពេញអង្គពិសេសនៃសភាអង់ហ្គោឡា ក្រោមប្រធានបទ “លើកកំពស់ទំនាក់ទំនងវៀតណាម - អង់ហ្គោឡាឡើងកំពស់ថ្មី ក្លាយជាស្ពានជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិក”។
ក្នុងកិច្ចប្រជុំ លោកប្រធានរដ្ឋបានឲ្យដឹងថា បន្ទាប់ពីអង់ហ្គោឡាបានប្រកាសឯករាជ្យនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៥ វៀតណាមបានក្លាយជាប្រទេសទីពីរក្នុងពិភពលោកដែលបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអង់ហ្គោឡា។ ក្នុងអំឡុងពេលកន្លះសតវត្សកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធរវាងប្រទេសទាំងពីរបាននិងកំពុងរីកចម្រើនកាន់តែខ្លាំងឡើង។
លោកប្រធានរដ្ឋបានអះអាងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡាលើកនេះ បញ្ជាក់ជាថ្មីម្តងទៀតនូវការយកចិត្តទុកដាក់របស់វៀតណាមក្នុងទំនាក់ទំនងជាមួយអង់ហ្គោឡា និងសម្ដែងនូវបំណងចង់ជម្រុញទំនាក់ទំនងវៀតណាម-អង់ហ្គោឡាចូលទៅក្នុងដំណាក់កាលថ្មី។ វៀតណាមមានបំណងចង់កសាង “ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួម” និងជម្រុញឲ្យទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ ថ្លែងសុន្ទរកថាគន្លឹះនៅសម័យប្រជុំពេញអង្គពិសេសនៃសភាអង់ហ្គោឡា |
ដើម្បីបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ លោកប្រធានរដ្ឋបានលើកឡើង “ការបង្កើនចំនួន៥” ដើម្បីតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង់ហ្គោឡានាពេលខាងមុខ៖ ទី១ ពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ ពូនជ្រំមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អរវាងវៀតណាម និងអង់ហ្គោឡា ក៏ដូជាចំណងសាមគ្គីភាព ភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ និងរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគឲ្យសមស្របនឹងទំនាក់ទំនងនយោបាយល្អ និងសមស្របនឹងសក្ដានុពល ប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ ទី៣ បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន បង្កើតមូលដ្ឋានរឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទីបួន ពង្រីក និងធ្វើពិពិធកម្មទម្រង់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី។ ទី៥ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អន្តរជាតិ និងតំបន់។
វៀតណាមវាយតំលៃខ្ពស់ចំពោះអង់ហ្គោឡាក្នុងតួនាទីជាប្រធាន AU នៅឆ្នាំ២០២៥ ដែលមានគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខនៅអាហ្វ្រិក។ លោកប្រធានរដ្ឋមានបំណងថា អង់ហ្គោឡា នឹងគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយ AU លើវិស័យអាទិភាពក្នុងរបៀបវារៈស្ដីពីការអនុវត្តចក្ខុវិស័យឆ្នាំ២០៦៣ របស់ AU ដូចជាសន្តិសុខ សន្តិភាព កសិកម្ម អប់រំ សុខាភិបាល ការធ្វើបរិវត្តកម្មឌីជីថល... វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអង់ហ្គោឡា និងបណ្តាអង្គការអាហ្វ្រិកក្នុងការជំរុញទំនាក់ទំនងជាមួយអាស៊ាន និងប្រទេសជាសមាជិកផ្សេងទៀត។
លោកប្រធានរដ្ឋជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងវៀតណាម-អង់ហ្គោឡានឹងបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ និងនិរន្តរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់នីមួយៗក៏ដូចជាក្នុងពិភពលោក។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡារបស់លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី ៧ ខែសីហា នៅទីក្រុង Luanda លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក João Ernesto dos Santos រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតយុទ្ធជនអង់ហ្គោឡា។
ភាគីទាំងពីរក៏បានវាយតំលៃខ្ពស់ចំពោះការចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិអង់ហ្គោឡា ដោយចាត់ទុកថានេះបង្ហាញពីសុច្ឆន្ទៈរបស់ភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការ និងការឆ្ពោះទៅរកការកសាងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ព្រមទាំង បើកទំព័រថ្មីសម្រាប់ទំនាក់ទំនងការពារជាតិទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលសមស្របទៅនឹងតម្រូវការ សមត្ថភាព និងផលប្រយោជន៍របស់ប្រទេសនីមួយៗ៕
បកប្រែដោយ Thuy Anh