*លិខិតអបអរសាទររបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ មានខ្លឹមមសារដូចតទៅ៖ តាងនាមគណៈកម្មាធិការមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ នាថ្ងៃទី ៣ សីហា។ ការជ្រើសតាំងនេះ បង្ហាញពីជំនឿជឿជាក់ និងទំនុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមទៅលើសមត្ថភាព បទពិសោធន៍ដ៏សម្បូរបែប និងសមិទ្ធផលឆ្នើមក្នុងការដឹកនាំរបស់លោកនាពេលកន្លងមក។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោក ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតក្នុងការផ្លាស់ប្ដូរថ្មី អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម សម្រេចគោលដៅកសាងវៀតណាមក្លាយទៅជាប្រទេសឧស្សាហូបនីយកម្មទំនើប និងក្លាយជាប្រទេសអភិវឌ្ឍន៍ឆ្ពោះទៅរកសង្គមនិយម។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនឹងប្រកៀកស្មាជាមួយលោក និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម វៀតណាមនិងឡាវ ឲ្យកាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
ថ្នាក់ដឹកនាំវៀតណាមអបអរសាទរលោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋ (រូបថត៖ baochinhphu.vn)

*សារអបអរសាទរតបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន មានខ្លឹមមសារដូចតទៅ៖ ខ្ញុំរីករាយណាស់ដែលបានទទួលដំណឹងថា លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរដ៏កក់ក្តៅដល់លោក។

ខ្ញុំត្រៀមខ្លួនជាស្រេចសហការជាមួយលោក To Lam អគ្គលេខាបក្សក្នុងការដឹកនាំការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ឲ្យកាន់តែស៊ីជម្រៅ ពង្រឹងចំណងមិត្តភាពជាប្រពៃណី បង្កើនការជឿទុកចិត្តផ្នែកនយោបាយ បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង នាំមកនូវសុភមង្គលបន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

សូមជូនពរឱ្យលោកទទួលបានសមិទ្ធផលថ្មីក្នុងឋានៈដ៏ថ្លៃថ្នូរបស់ខ្លួន។

*លិខិតអបអរសាទររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានខ្លឹមមសារដូចតទៅ៖ ក្នុងនាមព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំរីករាយ និងអបអរសាទរចំពោះលោក To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដោយគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ៣ ខែសីហា។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកអគ្គលេខាបក្ស សាធារណៈរដ្ឋសង្គមនិយមវៀតណាមនឹងទទួលជ័យជម្នះដ៏ធំធេងច្រើនថែមទៀត អភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងរក្សាតួនាទីសំខាន់របស់ខ្លួននៅក្នុងតំបន់ និងជុំវិញពិភពលោក។

ខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងប្រជាជនវៀតណាម និងកម្ពុជានឹងកាន់តែជិតស្និទ្ធ បន្តរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការទ្វេភាគី មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

ខ្ញុំសូមជូនពរលោកអគ្គលេខាបក្ស មានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លា បម្រើប្រទេស និងប្រជាជនវៀតណាម។

* លិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានខ្លឹមមសារដូចតទៅ៖ "ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោក ដែលត្រូវបានបោះឆ្នោតជ្រើសតាំងនាពេលថ្មីៗនេះ ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

ការបោះឆ្នោតជ្រើសតាំងលោក ដោយសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១៣ ដែលបានធ្វើឡើងនៅ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីជំនឿជឿជាក់ និងទំនុកចិត្តដ៏មុតមាំ របស់បក្សកុម្មុយនិស្តវៀតណាម ទៅលើសមត្ថភាព និងមគ្គុទេសភាពដ៏ឈ្លាសវៃរបស់លោក។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោក គណបក្សកុម្មុយនិស្តវៀតណាមនឹងបន្តអនុវត្តគោលនយោបាយដ៏ល្អរបស់ខ្លួន ដើម្បីធានាបាននូវជោគជ័យ ក្នុងការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គម សម្រាប់វិបុលភាពដ៏ធំធេងបន្ថែមទៀតរបស់ប្រទេស និងប្រជាជនវៀតណាម ព្រមទាំងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

ក្នុងអាណត្តិដឹកនាំរបស់លោក ខ្ញុំទន្ទឹងរង់ចាំការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្ត ភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបក្សទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសយើងទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរលោកឱ្យទទួលបានជោគជ័យដ៏ធំធេង ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។ សូមលោកទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ។

* លិខិតអបអរសាទររបស់ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី មានខ្លឹមមសារដូចតទៅ៖ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ក្នុងឱកាសលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

លទ្ធផលនៃសន្និបាតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានបញ្ជាក់ពីកិត្យានុភាព និងគុណសម្បត្តិរបស់លោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់តួនាទីរបស់ប្រទេសក្នុងឆាកអន្តរជាតិ។

យើងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថាបន្តមានការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហការលើបញ្ហាបន្ទាន់ក្នុងរបៀបវារៈទ្វេភាគី និងអន្តរជាតិ។ ប្រការនេះពិតជានឹងនាំមកនូវផលប្រយោជន៍ស្នូលសម្រាប់រុស្ស៊ី និងវៀតណាម រួមចំណែកក្នុងការពង្រឹងសន្តិសុខ និងស្ថិរភាពយ៉ាងរឹងមាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមជូនពរឲ្យលោកទទួលបានជោគជ័យក្នុងសកម្មភាពបក្ស និងរដ្ឋ ហើយមានសុខភាពល្អ និងវិបុលភាព៕

បកប្រែដោយ Thuy Anh