នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ៖ លោក Kurt Campbell អនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់សហរដ្ឋអាមេរិក លោក John Podesta បេសកជនពិសេសរបស់ប្រធានាធិបតីសម្រាប់ការប្រែប្រួលអាកាសធាតុ លោកស្រី Anne Neuberger ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខតាមអ៊ីនធឺណិត និងពិភាក្សាជាមួយអ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) មូលនិធិ Heritage វិទ្យាស្ថានសន្តិភាព ជួបសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូតវៀតណាម។ល។
ក្នុងជំនួបសន្ទនាជាមួយដៃគូអាមេរិក លោក Nguyen Xuan Thang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងទូលំទូលាយ និងឆាប់រហ័សនៃទំនាក់ទំនងវៀតណាម-អាមេរិក។ ទាក់ទិននឹងការប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ដែលមិនទាន់ទទួលស្គាល់វៀតណាមជាប្រទេសសេដ្ឋកិច្ចទីផ្សារនោះ លោក Nguyen Xuan Thang បានបញ្ជាក់ថា វៀតណាមមានការសោកស្តាយចំពោះរឿងនេះ ព្រោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមកនាពេលកន្លងមក។ ប្រទេសទាំងពីរក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនងក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយវៀតណាមបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំង ៦ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្មអាមេរិក នៅពេលពិចារណាលើការទទួលស្គាល់ប្រទេសមួយជាប្រទេសសេដ្ឋកិច្ចទីផ្សារ។
|
|
លោក Nguyen Xuan Thang និងលោក Kurt Campbell (រូបថត៖ vov.vn) |
លោក Nguyen Xuan Thang បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ ហើយអាមេរិកចាំបាច់ត្រូវវាយតម្លៃដោយសត្យានុម័ត និងឆ្ពោះទៅរកការទទួលស្គាល់វៀតណាមជាប្រទេសសេដ្ឋកិច្ចទីផ្សារ។ លោកក៏បានសម្តែងនូវគោលបំណងចង់ឲ្យក្រុមហ៊ុនអាមេរិកបន្តជំរុញការវិនិយោគនៅវៀតណាមលើវិស័យដែលមានសក្តានុពល និងនាំចេញផលិតផលមានប្រៀបខ្លាំងទៅកាន់វៀតណាម។
មេដឹកនាំនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានចែករំលែកការព្រួយបារម្ភរបស់វៀតណាមអំពីបញ្ហានៃការទទួលស្គាល់សេដ្ឋកិច្ចទីផ្សារ ហើយបានអះអាងថា នេះនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ឆ្ពោះទៅប្រារព្ធខួបលើកទី ៣០ នៃការធ្វើប្រក្រតីភាពទំនាក់ទំនងវៀតណាម - អាមេរិកក្នុងឆ្នាំ២០២៥៕
បកប្រែដោយ Thanh Cong