លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម អញ្ជើញ ចូលរួមពិធីឡើងគ្រងរាជរបស់ស្តេចអង់គ្លេស Charles III
កប.អនឡាញ - តបតាមការអញ្ជើញរបស់ព្រះរាជវង្សានុវង្ស និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានចូលរួមពិធីឡើងគ្រងរាជរបស់ស្តេចអង់គ្លេស Charles III នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ឧសភា។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ បានជួបពិភាក្សាការងារជាមួយស្តេច Charles III និងលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស។
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក Vo Van Thuong ប្រធានរដ្ឋ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះព្រះមហាក្សត្រ មហាក្សត្រី ព្រះរាជវង្សានុវង្ស និងប្រជាជនអង់គ្លេស ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងនឹងរីកចម្រើនកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស និងសង្ឃឹមថា ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សនឹងបន្តគាំទ្រយ៉ាងសកម្មនូវការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នាពេលខាងមុខ ហើយសូមគោរពអញ្ជើញព្រះមហាក្សត្រ យាងទៅបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងពេលវេលាសមស្រប។
    |
 |
លោក Vo Van Thuong ប្រធានរដ្ឋ និងស្តេចអង់គ្លេស Charles III |
ស្តេច Charles III បានសម្តែងការដឹងគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចំពោះព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស។ ស្តេច Charles III ក៏បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទំនាក់ទំនងការទូតយ៉ាងទូលំទូលាយរបស់វៀតណាម ក្នុងរយៈពេលកន្លងមក ហើយវាយតំលៃខ្ពស់ចំពោះការសន្យារបស់វៀតណាមចំពោះការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ ស្តេច Charles III សង្កត់ធ្ងន់ថា ព្រះរាជវង្សានុវង្សអង់គ្លេស និងព្រះមហាក្សត្រផ្ទាល់តែងតែយកចិត្តទុកដាក់ និងគាំទ្រការផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍរបស់វៀតណាម ព្រមទាំងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។ ឆ្នាំ២០២៣ ជាឆ្នាំខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ស្តេច Charles III សង្ឃឹមថា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប្រទេសទាំងពីរនឹងបន្តសហការកសាងទំនាក់ទំនងកាន់តែប្រសើរថែមទៀត។
លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បានចាត់ទុកថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺធំធេងណាស់ ហើយប្រទេសអង់គ្លេសតែងតែមានបំណងចង់ភ្ជាប់បន្ថែមទៀតនូវទំនាក់ទំនងជាមួយវៀតណាម។ លោកក៏បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រចក្រភពអង់គ្លេសក្នុងដំណើរការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)៕
បកប្រែដោយ Thuy Anh