leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន  (រូប​ថត៖ vnanet.vn)

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី ដែលជាមិត្តជិតស្និទ្ធរបស់វៀតណាម។ លោក Nguyen Xuan Phuc ប្រធាន​រដ្ឋ សម្តែងការគោរពចំពោះក្តីស្រលាញ់ពិសេស ការគាំទ្រ និងជំនួយដ៏មានតម្លៃដែល លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី បានផ្តល់ដល់ប្រទេស និងប្រជាជនវៀតណាម។ ជាមួយគ្នានេះ លោក Nguyen Xuan Phuc ប្រធាន​រដ្ឋ​ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគណបក្សសេរីប្រជាធិបតេយ្យ រដ្ឋាភិបាល រដ្ឋសភា ប្រជាជនជប៉ុន និងក្រុមគ្រួសាររបស់ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីផងដែរ។ លោក Nguyen Xuan Phuc ប្រធានរដ្ឋ  ក៏បានថ្លែងអំណរគុណចំពោះសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសំខាន់របស់ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី ក្នុងការជំរុញទំនាក់ទំនងវៀតណាម-ជប៉ុន ក្នុងអំឡុងឆ្នាំដែលលោកកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រីជប៉ុន។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានអះអាងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅប្រទេសជប៉ុនដើម្បី​​អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី​ជប៉ុន គឺបង្ហាញពីប្រពៃណីស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់ប្រទេស និងប្រជាជនវៀតណាម។ លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន និងលោកស្រី Abe Akie ភរិយារបស់លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Nguyen Xuan Phuc ប្រធានរដ្ឋ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក Abe Shinzo  ដែលចាត់ទុកថា នេះជាការកត់សម្គាល់​ពិសេសចំពោះមនោសញ្ចេតនា និងការរួមវិភាគទានរបស់ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី ចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងជប៉ុន-វៀតណាម ហើយទន្ទឹមនឹងនោះជាការ​បង្ហាញពីការ​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម​ចំពោះទំនាក់ទំនង​ភាព​ជា​ដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ និង លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន (រូប​ថត៖ vnanet.vn)

បន្ទាប់ពីអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅរសៀលថ្ងៃដដែល លោក Nguyen Xuan Phuc ប្រធានរដ្ឋ  បានអញ្ជើញចូលរួមជំនួប​​ថ្លែងអំណរគុណចំពោះប្រមុខគណៈប្រតិភូនៃប្រទេសនានាដែលអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក Abe Shinzo  អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្រោមអធិបតីភាព លោក Kishida Fumio នាយករដ្ឋមន្ត្រី និងលោកស្រី Abe Akie ភរិយារបស់លោក Abe Shinzo អតីតនាយករដ្ឋមន្ត្រី។

* នាថ្ងៃទី ២៧ ខែកញ្ញា លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម មានជំនួបទ្វេភាគីជាច្រើនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេស និងដៃគូនានា ដែល​​អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក Abe Shinzo  អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភាគីទាំងពីរបានអះអាងថា ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការរួមគ្នាថែរក្សា និងពង្រឹងជានិច្ចនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ។ ក្នុងស្មារតីនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ​រវាងភាគីទាំងពីរ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ ការអនុវត្តផែនការមេតភ្ជាប់សេដ្ឋកិច្ចទាំងពីរ និងការសម្របសម្រួលក្នុង​​ការអនុវត្តសកម្មភាពសេដ្ឋកិច្ច ឆ្ពោះទៅរកគោលដៅកសាងសហគមន៍អាស៊ាន ជាពិសេសនៅក្នុងឆ្នាំប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃការរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា និងកម្ពុជា - វៀតណាមឆ្នាំ ២០២២” ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦៧-២០២២)។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

ក្នុងជំនួបជាមួយ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានអះអាងថា វៀតណាមចាត់ទុកសហភាពអឺរ៉ុប (EU) ជាដៃគូសំខាន់។ លោក Nguyen Xuan Phuc ប្រធានរដ្ឋ បាន​ស្វាគមន៍ EU ដែល​បាន​បង្កើត​គំនិតផ្តួចផ្តើមជាច្រើន​​សម្រាប់​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Nguyen Xuan Phuc ប្រធាន​រដ្ឋ​ បាន​​បង្ហាញឆន្ទៈរបស់វៀតណាមក្នុងការជួយជំរុញទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ លោក Nguyen Xuan Phuc ប្រធាន​រដ្ឋ រំពឹងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរ​​ពារការវិនិយោគ EU-វៀតណាម (EVIPA) ក្នុងពេលឆាប់ៗនេះ។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសម្តែងនូវការឯកភាពខ្ពស់លើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងភាគីទាំងពី។​ លោកបានវាយតម្លៃជាវិជ្ជមានអំពីទស្សនវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរវាងវៀតណាម និង EU។ លោក​បាន​អះអាងនូវឆន្ទៈ​ក្នុងការជួយវៀតណាម​ជម្នះបញ្ហានេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមការកំណត់ (IUU)។ លោក​ប្រធានក្រុមប្រឹក្សាអឺរ៉ុប​ស្នើវៀតណាមជួយជំរុញទំនាក់ទំនងរវាង EU និងអាស៊ាន និងកិច្ចសហប្រតិបត្តិការរវាង EU និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ ភាគីទាំងពីរបានឯកភាពសហការគ្នារៀបចំកិច្ចប្រជុំកំពូលទាំងឡាយប្រកបដោយជោគជ័យ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។

ក្នុងជំនួបជាមួយលោក Surangel Whipps Jr. ប្រធានាធិបតី Palau មេដឹកនាំនៃប្រទេសទាំងពីរឲ្យដឹងថា ទោះបីជានៅឆ្ងាយពីភូមិសាស្ត្រក៏ដោយ ក៏ប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការវិនិយោគ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្លាំងពលកម្ម និងជលផល។ លោក Surangel Whipps Jr. ប្រធានាធិបតី បានវាយតំលៃខ្ពស់ចំពោះសហគ្រាសវៀតណាមដែលចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅ Palau និងត្រៀមខ្លួនជាស្រេចក្នុងការទទួលពលករវៀតណាមបន្ថែមទៀតក្នុងវិស័យនេះ និងមានបំណងចង់រៀនពីបទពិសោធន៍របស់វៀតណាមក្នុងវិស័យកសិកម្ម។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់លាក់លើវិស័យនេសាទ កសិកម្ម ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កម្លាំងពលកម្ម អាកាសចរណ៍ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ក្នុងឱកាសនេះដែរ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម  ក៏បានជួបពិភាក្សាការងារជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា និងលោក Xavier Bettel នាយករដ្ឋមន្ត្រី Luxembourg ៕

បកប្រែដោយ Duy Hoan