តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគណបក្សប្រជាធិបតេយ្យសេរី រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន។ លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានអះអាងថា ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមចងចាំជានិច្ចនូវមនោសញ្ចេតនា និងការរួមចំណែកសំខាន់ៗរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនក្នុង​ការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម-ជប៉ុន ព្រមទាំងបានឯកភាពលើទិសដៅសំខាន់ដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ វៀតណាម-និងជប៉ុន សំដៅឆ្ពោះទៅរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៣។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមជួបពិភាក្សាជាមួយលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ vnanet.vn)

មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ តាមរយៈការរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការការទូត សន្តិសុខ ការពារជាតិ និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ បង្កើនការជួបប្រាស្រ័យប្រជាជន វប្បធម៌និងទេសចរណ៍ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។

លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងថា រដ្ឋាភិបាលជប៉ុនបន្តជំរុញការកែលម្អយន្តការ និងគោលនយោបាយទាក់ទិនដល់ពលករបរទេស ក្នុងនោះមានពលករវៀតណាមនៅជប៉ុនផងដែរ; បន្តជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សានិងធ្វើការនៅប្រទេសជប៉ុន។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។

* នាថ្ងៃដដែល លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានជួបសវនាការជាមួយលោក Hosoda Hiroyuki ប្រធានសភាជាន់ទាបជប៉ុន និងលោក Otsuji Hidehisa ប្រធានព្រឹទ្ធសភាជប៉ុន។

លោក Hosoda Hiroyuki  ប្រធានសភាជាន់ទាបជប៉ុន  និងលោក Otsuji Hidehisa ប្រធានព្រឹទ្ធសភាជប៉ុន បានថ្លែងអំណរគុណចំពោះលោក Nguyen Xuan Phuc ប្រធានរដ្ឋនិងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវៀតណាមដែលបានបញ្ជូន​គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោក Nguyen Xuan Phuc ប្រធានរដ្ឋ ចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Abe Shinzo   អតីតនាយករដ្ឋមន្ត្រីជប៉ុន ហើយចាត់ទុកនេះជាកាយវិការពិសេសដែលបង្ហាញពីមនោសញ្ចេតនា និងការគោរពរបស់ថ្នាក់ដឹកនាំវៀតណាមចំពោះលោក Abe Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយជប៉ុន។ លោក Nguyen Xuan Phuc បានស្នើឲ្យសភាជាន់ទាប និងព្រឹទ្ធសភាគាំទ្ររដ្ឋាភិបាលជប៉ុនក្នុងការជួយវៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព និងធ្វើ​សមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ដោយការផ្តល់ទុន ODA; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ មូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យប្រជាជន។

លោក Hosoda Hiroyuki  ប្រធានសភាជាន់ទាបជប៉ុន  និងលោក Otsuji Hidehisa ប្រធានព្រឹទ្ធសភាជប៉ុន សង្កត់ធ្ងន់ថា វៀត​ណាមជាដៃគូសំខាន់របស់ជប៉ុន ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងធនធានមនុស្ស; ហើយបញ្ជាក់ថា សភាជាន់ទាប និងព្រឹទ្ធសភាជប៉ុនបន្តគាំទ្រការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការផ្តល់ទុន ODA ការផ្ទេរបច្ចេកវិទ្យា និងការពង្រីកទីផ្សារកសិផល និងពលកម្មវៀតណាម រួមទាំងមូលដ្ឋានរបស់ជប៉ុនផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាអន្តរជាតិ គាំទ្រតួនាទីនិងគោលជំហររបស់អាស៊ាន រួមចំណែកជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Pham Diep