ថ្លែងមតិក្នុងសម័យពិភាក្សា “ការជំរុញពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន” លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមបានដក់ពិសោធន៍ថា មិនត្រូវ “លះបង់” វឌ្ឍនភាព យុត្តិធម៌សង្គម និងបរិស្ថាន ដើម្បីជាថ្នូរយកកំណើនសេដ្ឋកិច្ច។ ដូច្នេះ វៀតណាមបានបង្កើតយុទ្ធសាស្ត្រនាំចេញ-នាំចូលដល់ឆ្នាំ ២០៣០ ក្នុងទស្សនៈថា ការអភិវឌ្ឍ  ការនាំចេញ-នាំចូលត្រូវផ្អែកលើភាពសុខដុមរមនារវាងគោលដៅរយៈពេលខ្លី និងរយៈពេលវែង រវាងឱកាសចូលរួម និងការទទួលលទ្ធផលរបស់ប្រជាជន; តភ្ជាប់ពាណិជ្ជកម្មសមធម៌ជាមួយការការពារបរិស្ថាន ការពារជីវចម្រុះ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ហើយទាញយកឱកាសប្រកបដោយប្រសិទ្ធភាព និងកម្រិតផលប៉ះពាល់ដោយបញ្ហាប្រឈមក្នុងការអនុវត្តកិច្ចសន្យាស្ដីពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

leftcenterrightdel
លោក Pham Binh Minh ថ្លែងមតិក្នុងសម័យពិភាក្សា (រូបថត៖ vnanet.vn)

*នាថ្ងៃដដែល នៅទីក្រុងញូវយ៉ក លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម និងខួបលើកទី ៤៥ ឆ្នាំ ដែលវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ / ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២)។

នៅក្នុងបរិបទអន្តរជាតិពោរពេញដោយការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន លោកឧបនាយករដ្ឋមន្ត្រីបានអះអាងជាថ្មីម្តងទៀតនូវតួនាទីសំខាន់នៃសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ដោយមានអង្គការសហប្រជាជាតិជាស្នូល។ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា មិត្តអន្តរជាតិនឹងគាំទ្រវៀតណាមចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ ដើម្បីវៀតណាមមានឱកាសរួមចំណែកកាន់តែច្រើនក្នុងការងាររបស់អង្គការសហប្រជាជាតិក្នុងបេសកកម្មសំខាន់មួយគឺធានា និងលើកកម្ពស់សិទ្ធិមនុស្ស។

*នាថ្ងៃទី ២៣ ខែកញ្ញា លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេស Sierra Leon ប្រទេស Guinea-Bissau និងប្រទេស Malawi៕

បកប្រែដោយ Thuy Anh