បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងហុងគ្រី
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រី លោក Ory Csaba ក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Ory Csaba ដែលបំពេញអាណត្តិការងារដ៏ល្អប្រសើរនៅវៀតណាម និងវាយតំលៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាម និងហុងគ្រីមានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានប្រវត្តិជាង ៧០ ឆ្នាំមកហើយ។ វៀតណាមចងចាំជានិច្ចនូវជំនួយ និងការគាំទ្រដ៏មានតម្លៃរបស់ហុងគ្រីក្នុងសម័យតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាសម័យបច្ចុប្បន្ន វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់បង្រីនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហុងគ្រី។
    |
 |
លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបលោកឯកអគ្គរដ្ឋទូតហុងគ្រី Ory Csaba (រូបថត៖ vnanet.vn) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោកប្រធានរដ្ឋបានថ្លែងអំណរគុណហុងគ្រីចំពោះជំនួយទាន់ពេលវេលាក្នុងការបង្ការ និងគ្រប់គ្រងការរាតត្បាត Covid-19 និងជាប្រទេសដំបូងបង្អស់គាំទ្រយ៉ាងសកម្មចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) និងជាប្រទេសសមាជិកដំបូងរបស់ EU ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU (EVIPA) ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត Ory Csaba នឹងបន្តរួមចំណែកក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកឯកអគ្គរដ្ឋទូត Ory Csaba រីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងរវាងហុងគ្រី និងវៀតណាម ហើយបានសម្តែងការចាប់អារម្មណ៍ថា វៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំង សម្រេចបានសមិទ្ធផលជាច្រើន ហើយហុងគ្រីក៏បានរៀនសូត្រច្រើនពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ។ លោកសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតរបស់ហុងគ្រីក្នុងតំបន់ ហើយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធនឹងគ្នាជាយូរលង់ណាស់មកហើយ។ លោកឯកអគ្គរដ្ឋទូត Ory Csaba បានចាត់ទុកថា ទោះក្នុងតួនាទីណាក៏ដោយ លោកនឹងបន្តរួមចំណែក និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត៕
បកប្រែដោយ Duy Hoan