នៅក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងនូវការសន្យារបស់វៀតណាមចំពោះពហុភាគីនិយម និងសណ្តាប់ធ្នាប់ពិភពលោក ដោយឈរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគាំទ្រតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល។ អំពីបញ្ហាអន្តរជាតិនិងតំបន់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងភាពជាដៃគូអាស៊ាន-អង្គការសហប្រជាជាតិបន្តត្រូវបានពង្រឹង ហើយស្នើឲ្យអង្គការសហប្រជាជាតិគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់ រួមទាំងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed (រូបថត៖ vnanet.vn)

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១; ព្រមទាំងគាំទ្រទស្សនៈរបស់វៀតណាមលើបញ្ហាអន្តរជាតិ និងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូអាស៊ាន-អង្គការសហប្រជាជាតិនឹងបន្តបានពង្រឹង។

ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdulla Shahid លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមគាំទ្រដំណើរការកំណែទម្រង់អង្គការសហប្រជាជាតិ ដើម្បីឱ្យអង្គការអាចដំណើរការប្រកបដោយប្រជាធិបតេយ្យ តម្លាភាព និងឆ្លើយតបកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមសកល និងតម្រូវការរបស់សមាជិកភាគច្រើនដែលជាប្រទេសកំពុងអភិវឌ្ឍន៍; គាំទ្រការលើកកម្ពស់តួនាទីសំខាន់របស់មហាសន្និបាត និងពង្រឹងទំនាក់ទំនងរបស់ស្ថាប័នផ្សេងៗជាមួយមហាសន្និបាត។

លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានអបអរសាទរចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបាន ហើយចាត់ទុកថា វៀតណាមជាប្រទេសមួយដែលជំនះពុះពារការលំបាកជាច្រើន ដើម្បីសម្រេចបានសមិទ្ធិផលដ៏មានមោទនភាព និងលេចធ្លោជាច្រើនក្នុងវិស័យសេដ្ឋកិច្ច-សង្គម ឆ្លើយតបនឹងជំងឺរាតត្បាត។ ជាពិសេសលោករូបនេះបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការជ្រើសរើសយកថ្ងៃទី២៧ ធ្នូ ជាទិវាអន្តរជាតិបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបនាយិកាប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងអគ្គនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លោក Achim Steiner។

* នារសៀលថ្ងៃទី ១៦ ឧសភា (តាមម៉ោងតំបន់) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនាមជ្ឃមណ្ឌលផ្សារភាគហ៊ុនញូវយ៉ក (NYSE)៕

បកប្រែដោយ Pham Diep