នាព្រឹកថ្ងៃទី ១៦ ឧសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅវិមានរដ្ឋសភាឡាវ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan។ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់ នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue  ជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមនៅឡាវក្នុង “ឆ្នាំសាមគ្គីភាព និងមិត្តភាព វៀតណាម - ឡាវ ២០២២” និងខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រដោយស្មោះអស់ពីចិត្ត ត្រៀមខ្លួនជាស្រេចគាំទ្រ និងរួមដំណើរជាមួយឡាវ ដើម្បីជំនះរាល់ការលំបាក និងបញ្ហាប្រឈម បន្តអភិវឌ្ឍប្រកបដោយចីរភាព មានតួនាទី និងកិត្យានុភាពកាន់តែខ្លាំងឡើងក្នុងឆាកអន្តរជាតិ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan (រូប​ថត៖ vnanet.vn)

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានសង្កត់ធ្ងន់ថា ប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញក្នុងស្ថានភាពអន្តរជាតិ និងតំបន់ ភាគីទាំងពីរកាន់តែយល់ច្បាស់អំពីតម្លៃនៃការរក្សា និងពូនជ្រំនូវទំនាក់ទំនងភាពអ្នកជិតខាងដ៏ជិតស្និទ្ធ និងស្មោះត្រង់ "មានតែមួយគត់" ចំពោះសន្តិសុខ និងការអភិវឌ្ឍន៍របស់វៀតណាម និងឡាវ ដោយចាត់ទុកថាវាជាក្រិត្យក្រមនៃការអភិវឌ្ឍ មានសារៈសំខាន់ និងជាកត្តាសម្រេចមួយដែលធានានូវជ័យជំនះនៃបុព្វហេតុបដិវត្តរបស់ប្រទេសនីមួយៗ។

ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ និងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព សម្របសម្រួលគ្នាយ៉ាងល្អក្នុងការរៀបចំសកម្មភាពប្រកបដោយអត្ថន័យក្នុងក្របខណ្ឌ “ឆ្នាំសាមគ្គីភាព និងមិត្តភាព” អបអរសាទរពិធីបុណ្យសំខាន់ៗរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២២។ ភាគីទាំងពីរបានអះអាងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងព្រំដែន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ  និងធុរកិច្ចនៃប្រទេសនីមួយៗក្នុងការរស់នៅ សិក្សា និងធ្វើអាជីវកម្មនៅទឹកដីរបស់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តភ្ជាប់សេដ្ឋកិច្ចទាំងពីរ សម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយដោះស្រាយការលំបាក និងឧបសគ្គសម្រាប់គម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបរវាងថ្នាក់ដឹកនាំរដ្ឋសភា និងរវាងគណៈកម្មាធិការរដ្ឋសភានៃប្រទេសទាំងពីរ ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកសភាជាស្ត្រី ក្រុមសមាជិកសភាវ័យក្មេង រវាងគណៈប្រតិភូរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត នៃប្រទេសទាំងពីរ សំរបសំរួលក្នុងការរៀបចំសន្និសីទ និងសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពរបស់រដ្ឋសភា ព្រមទាំងក្នុងការដោះស្រាយបញ្ហានានា ដើម្បីធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់មួយចំនួន ដើម្បីជួយគាំទ្រដល់ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច។ សហការយ៉ាងជិតស្និទ្ធក្នុងការឃ្លាំមើល និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ។

ប្រធានរដ្ឋសភាទាំងពីរបានចែករំលែកការវាយតម្លៃលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដូចគ្នា ហើយបានឯកភាពទស្សនៈគ្នាក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងពិភពលោក រួមទាំងបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមនឹងគាំទ្រ និងជួយឡាវក្នុងការរៀបចំ និងទទួលជោគជ័យក្នុងតួនាទីជាប្រធានមហាសន្និបាត AIPA លើកទី៤៥ ឆ្នាំ២០២៤។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ ដំណាក់កាល ២០២២-២០២៦; អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ក្នុងនោះមាន៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង​ក្រុមប្រឹក្សាជនជាតិវៀតណាម និងគណៈកម្មាធិការជនជាតិឡាវ; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភាវៀតណាម និងការិយាល័យរដ្ឋសភាឡាវ; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិរដ្ឋាភិបាលវៀតណាម និងរណសិរ្សឡាវកសាងជាតិ ពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីការទិញអគ្គិសនីពីប្រទេសឡាវ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមបានប្រគល់ជូនលេខាធិការដ្ឋានរដ្ឋសភាឡាវនូវកុំព្យូទ័រ ម៉ាស៊ីនបញ្ចាំងស្លាយ និងកាមេរ៉ា; ប្រគល់ជូនសាលាអន្តេវាសិកខេត្ត Champasac សាលាមិត្តភាព និងសមាគមវៀតណាមក្នុងខេត្តចំនួន ៤ នៃ​ភាគខាងត្បូងឡាវ រួមមានកុំព្យូទ័រ សៀវភៅរៀនភាសាវៀតណាម កាតាប និងសម្ភារៈមួយចំនួន ដែល​គិតជាទឹកប្រាក់មានតម្លៃសរុប ៥ ពាន់លានដុង។

* នាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រុងវៀងចន្ទន៍ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលជួបសម្តែងការគួរសមជាមួយលោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះនឹងរួមចំណែកក្នុងការរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវជំរុញយ៉ាងខ្លាំងថែមទៀតនូវប្រពៃណីនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការជឿទុកចិត្ត រួមគ្នាអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ខិតខំប្រឹងប្រែងពង្រឹង និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនទាំងពីរ រួមគ្នាលើកកម្ពស់ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឧបសគ្គនៃគម្រោងសហប្រតិបត្តិការសំខាន់ៗ ជាពិសេសគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្របសម្រួលរៀបចំល្អរាល់សកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ ឆ្នាំ ២០២២ រួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយឃោសនាអប់រំក្នុងកម្មាភិបាល បក្ខជន និងប្រជាជន  ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីប្រវត្តិ និងប្រពៃណីនៃទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។

* នារសៀលថ្ងៃ ទី១៦ ឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខអតីតអគ្គលេខាបក្ស ​ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith នៅគេហដ្ឋានរបស់លោក។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និង​អតីតអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith (រូប​ថត៖ vnanet.vn)

* នារសៀលថ្ងៃទី ១៦ ឧសភា នៅទីក្រុងវៀងចន្ទន៍ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានអញ្ជើញជាសហអធិបតីនៃសិក្ខាសាលា ក្រោមប្រធានបទ “យន្តការ និងគោលនយោបាយសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្រោយការរាតត្បាត Covid-19”។

បកប្រែដោយ Duy Hoan