លោកអគ្គលេខាបក្ស Nguyen Phu Trong បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការជួយគាំទ្រដែលប្រជាជនក្រិក ផ្ដល់ជូនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិនៅអតីតកាល និងក្នុងការកសាងប្រទេសជាតិនៅបច្ចុប្បន្ន រួមមានកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ទទួលជួបប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou

លោកអគ្គលេខាបក្សវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អរបស់ដំណើរទស្សនកិច្ច ជាពិសេសគឺលទ្ធផលរបស់កិច្ចសន្ទនារវាងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou និងលោកប្រធានរដ្ឋ Nguyen Xuan Phuc។ លោកអគ្គលេខាបក្សជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជារបត់ថ្មីក្នុងការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបញ្ជាក់ថា វៀតណាមផ្តោតសំខាន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយក្រិក និងសម្ដែងនូវក្តីរីករាយចំពោះការវិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-ក្រិក។ លោកអគ្គលេខាបក្សបានពិភាក្សាជាមួយលោកប្រធានាធិបតីក្រិកអំពីទិសដៅសំខាន់ៗ ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ហើយស្នើឲ្យរដ្ឋាភិបាលក្រិក បន្តយកចិត្តទុកដាក់ និងពង្រីកតួនាទីរបស់អាណិកជនវៀតណាមនៅក្រិក។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏ពិភាក្សាជាមួយលោកស្រីប្រធានាធិបតីក្រិក អំពីសមិទ្ធិផលក្នុងការផ្លាស់ប្តូរថ្មី ទិសដៅអភិវឌ្ឍន៍របស់វៀតណាមដល់ពាក់កណ្តាលសតវត្សរ៍ទី២១ លទ្ធផលវិជ្ជមាននៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការធានាសុខុមាលភាពសង្គម ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច និងគោលនយោបាយការបរទេស ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីនីយកម្មក្នុងទំនាក់ទំនង ហើយវៀតណាមជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ធ្វើសមាហរណកម្មយ៉ាងសកម្មក្នុងពិភពលោក។

ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou សម្ដែងនូវការចាប់អារម្មណ៍ចំពោះប្រវិត្តសាស្រ្ត វប្បធម៌របស់វៀតណាម និងបញ្ជាក់ថា ក្រិកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក។ លោកស្រី Katerina Sakellaropoulou ឯកភាពទិសដៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលលោកអគ្គលេខាបក្សលើកឡើង ហើយសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍរបស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់ពីសក្តានុពលលើវិស័យជាច្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរក៏ឯកភាពពង្រឹងទំនាក់ទំនងនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការ ជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងបញ្ជាក់ពីសារៈសំខាន់របស់ការរក្សាសន្តិភាព ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការ ការគោរពច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

*គួររំលឹកថា នាព្រឹកថ្ងៃទី១៦ ខែឧសភា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou មានកិច្ចសន្ទនា។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou

ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានសម្ដែងនូវសេចក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរីកចម្រើន។ ភាគីទាំងពីរបានឯកភាពនឹងជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបង្កើនជំនួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងរវាងមូលដ្ឋាន ធុរកិច្ចនៃប្រទេសទាំងពីរ។ ភាគីទាំងពីរឯកភាពជម្រុញទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងទំនាក់ទំនង ចែករំលែកបទពិសោធន៍ និងតភ្ជាប់ជាមួយដៃគូ ដោយផ្តោតលើវិស័យមួយចំនួនដែលវៀតណាមមានតម្រូវការ និងក្រិកមានប្រៀបខ្លាំង។ ថ្នាក់ដឹកនាំទាំងពីរក៏ឯកភាពជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដូចជា វិស័យការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ កីឡា ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ក្នុងស្មារតីយោគយល់គ្នា ស្មោះត្រង់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងការរក្សាសន្តិភាព ស្ថិរភាព និងការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ ដោយស្របតាមច្បាប់អន្តរជាតិ និង UNCLOS 1982។

បន្ទាប់ពីកិច្ចសន្ទនា ថ្នាក់ដឹកនាំទាំងពីរបានធ្វើសន្និសីទកាសែតរួម៕

បកប្រែដោយ Thuy Anh