សហរដ្ឋអាមេរិកគាំទ្រវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

លោកនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការចែករំលែកពីលោក John Kerry ចំពោះប្រទេសនិងប្រជាជនវៀតណាម ក៏ដូចជាស្មារតីនិងការទទួលខុសត្រូវ និងការលះបង់ដោយមិនចេះនឿយហត់របស់លោក John Kerry ចំពោះទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមក។

បេសកជនពិសេសលោក John Kerry បានអះអាងសារជាថ្មីថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងគាំទ្រវៀតណាមដើរតួនាទីយ៉ាងសកម្មនិងជាក់ស្ដែងនៅក្នុងតំបន់និងឆ្លើយតបទៅនឹងបញ្ហាអន្តរជាតិ រួមទាំងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមបានបញ្ជាក់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាកត្ដាសំខាន់និងចាំបាច់ ហើយជាបញ្ហាប្រឈមនិងជាឱកាសផងដើម្បីផ្លាស់ប្ដូរទម្រង់អភិវឌ្ឍន៍ឆ្ពោះទៅរកពណ៌បៃតងនិងនិរន្តរភាព។

លោកនាយករដ្ឋមន្ត្រីបានចែករំលែកថា ទោះបីវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយក៏វៀតណាមនៅតែខិតខំអនុវត្ដការសន្យាកាត់បន្ថយការបំភាយឧស្ម័នប្រហាក់ប្រហែលនឹងបណ្ដាប្រទេសអភិវឌ្ឍន៍ ប្រការនេះតម្រូវឱ្យមានការគាំទ្រយ៉ាងខ្លាំងពីដៃគូអន្តរជាតិដោយផ្អែកលើគោលការណ៍សមធម៌-យុត្តិធម៌ រួមទាំងតាមរយៈការផ្តល់ឥណទានអនុគ្រោះជាមួយនឹងការកាត់បន្ថយបែបបទរដ្ឋបាល។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលលោកប្រធានាធិបតី Joe Biden បាននិងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងរួមជាសកលដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយស្នើឲ្យសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ សហប្រតិបត្ដិការនិងគាំទ្រវៀតណាមលើផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ ជាពិសេសកម្ចីអនុគ្រោះ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យានិងការបណ្តុះបណ្តាលធនធានមនុស្ស ...។

បេសកជនពិសេស លោក John Kerry បានសម្តែងចំណាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP 26 វិធីសាស្រ្តរបស់វៀតណាមចំពោះការផ្លាស់ប្តូរថាមពលនិងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកថា  សហគមន៍អន្តរជាតិក៏គាំទ្រវៀតណាមក្នុងដំណើរការនេះ ។

លោក John Kerry បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងលោកផ្ទាល់នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងទីភ្នាក់ងារនៃប្រទេសវៀតណាម ព្រមទាំងសហរដ្ឋអាមេរិកត្រៀមខ្លួនជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយឧស្ម័ន កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ល។

លោក John Kerry បានអះអាងថា អង្គភាពអាជីវកម្មទាំងឡាយដែលមានមូលនិធិហិរញ្ញវត្ថុសកល និងសហរដ្ឋអាមេរិកយកចិត្ដទុកដាក់ និងត្រៀមខ្លួនជាស្រេចក្នុងការធ្វើវិនិយោគនិងចូលរួមក្នុងការបំប្លែងថាមពលនៅវៀតណាម ហើយសង្ឃឹមថា វៀតណាមនឹងចាប់យកឱកាសដ៏អស្ចារ្យនេះ។

ការកសាងសេដ្ឋកិច្ចឯករាជភាព និងស្វ័យភាព ផ្សារភ្ជាប់ជាមួយភាពម្ចាស់ការក្នុងការធ្វើសមាហរណកម្មអន្តរជាតិ

* នារសៀលថ្ងៃទី ១៤ ឧសភា បន្តការបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងចូលរួមសិក្ខាសាលាស្ដីពីគោលនយោបាយនៅសាកលវិទ្យាល័យ Harvard ទីក្រុង Cambridge រដ្ឋ Massachusetts។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅសកលវិទ្យាល័យ Harvard (រូបថត៖ vnanet.vn)

ថ្លែងសុន្ទរកថានៅសកលវិទ្យាល័យ Harvard លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានវាយតម្លៃខ្ពស់ថា សាកលវិទ្យាល័យ Harvard មានប្រវត្តិសាស្រ្តប្រពៃណីដ៏យូរអង្វែង និងល្បីឈ្មោះបំផុតនៅសហរដ្ឋអាមេរិក និងពិភពលោក។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការកសាងសេដ្ឋកិច្ចឯករាជភាពនិងស្វ័យភាព ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយគឺជាគោលនយោបាយឥតងាករេរបស់វៀតណាម  ចាប់តាំងពីទទួលបានឯករាជ្យជាតិកាលពីឆ្នាំ ១៩៤៥ មក ជាពិសេសក្នុងអំឡុងពេល ៣៥ ឆ្នាំនៃកំណែទម្រង់ ជាពិសេសតាំងពីដើមឆ្នាំទសវត្សរ៍ ១៩៩០ នៅពេលដែលសង្រ្គាមត្រជាក់បានបញ្ចប់ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ទស្សនៈកសាងសេដ្ឋកិច្ចឯករាជភាព និងស្វ័យភាពផ្សារភ្ជាប់ជាមួយភាពម្ចាស់ការនិងចូលរួមសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយបានកំណត់យ៉ាងច្បាស់ ហើយជាគោលការឥតងាករេក្នុងកម្មវិធីនយោបាយកសាងជាតិនិងសេចក្ដីសម្រេចចិត្ដរបស់បក្ស និងរដ្ឋធម្មនុញ្ញ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមសិក្ខាសាលានៅសកលវិទ្យាល័យ Harvard ដោយមានការចូលរួមពីសាស្ត្រាចារ្យ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នយោបាយ និងគោលនយោបាយសាធារណៈ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់នូវគោលដៅយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់វៀតណាម៖ ដល់ឆ្នាំ ២០៣០៖ វៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានឧស្សាហកម្មទំនើប និងមានចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ ២០៤៥៖ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍និងមានប្រាក់ចំណូលខ្ពស់។

នៅចុងបញ្ចប់ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់សាកលវិទ្យាល័យ Fulbright និងកម្មវិធីដឹកនាំជាន់ខ្ពស់ (VELP) ដែលអនុវត្តរួមគ្នាដោយសាកលវិទ្យាល័យ Harvard និងទីភ្នាក់ងាររដ្ឋាភិបាលវៀតណាម។

USAID នឹងជួយវៀតណាមក្នុងការកម្ចាត់ជាតិពុល dioxin ការបោសសម្អាតគ្រាប់បែកមីន

នាថ្ងៃទី ១៣ ឧសភា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុង Washington DC លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសន្ទនាជាមួយនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) លោកស្រី Samantha Power។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ USAID ក្នុងការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកនាពេលកន្លងមក តាមរយៈការផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាព រួមចំណែកដោះស្រាយ​ផលវិបាកដោយសារសង្គ្រាម កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះផែនការរបស់ USAID ពង្រីកប្រតិបត្តិការនៅវៀតណាម ពន្លឿននីតិវិធីអនុម័ត និងអនុវត្តគម្រោងនានាដើម្បីបង្កើនប្រសិទ្ធភាពនៃជំនួយអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ USAID បន្តបង្កើនការជួយគាំទ្រវៀតណាមជំនះផលវិបាកដោយសារសង្គ្រាម ដោយផ្តោតលើការកម្ចាត់ជាតិពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa និងចំណុចក្តៅគគុកផ្សេងៗទៀត ជួយឧបត្ថម្ភជនពិការនិងជនរងគ្រោះក្នុងសម័យសង្គ្រាម ជំរុញការស្វែងរកទាហាន​វៀតណាមដែលបានពលីជីវិត ជាពិសេសជួយលើកកម្ពស់សមត្ថភាពតេស្ដ DNA សម្រាប់អ្នកវិទ្យាសាស្ត្រវៀតណាម តាមរយៈការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យនេះ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកស្រី Samantha Power (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យទីភ្នាក់ងារ USAID យកចិត្តទុកដាក់និងជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល អប់រំ វប្បធម៌ ជាពិសេសនៅតំបន់ដាច់ស្រយាល និងមុខសញ្ញាជួបការលំបាកក្នុងសង្គម រួមទាំងការពារបរិស្ថាន និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីនាយិកា USAID បានសំដែងថា USAID មានកិត្តិយសរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសវៀតណាម និងពង្រឹងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក។ លោកស្រី Samantha Power បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីផែនការពង្រីកនិងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ USAID នៅប្រទេសវៀតណាម។ លោកស្រីនាយិកា USAID បាននិយាយថា នាពេលខាងមុខ ទីភ្នាក់ងារ USAID នឹងផ្តោតលើការជួយដល់ប្រទេសវៀតណាមក្នុងការកម្ចាត់ជាតិពុល និងបោះសម្អាតគ្រាប់បែកមីន ការពារបរិស្ថានសមុទ្រ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបំប្លែងថាមពល។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចសហប្រតិបត្តិការចំនួនពីររវាង USAID និងក្រសួងផែនការនិងវិនិយោគវៀតណាមស្តីពីការបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច និងអភិវឌ្ឍន៍សមត្ថភាពសេដ្ឋកិនៅតំបន់មូលដ្ឋាននានារបស់វៀតណាមដែលមានពេលវេលាអនុវត្តរហូតដល់ឆ្នាំ ២០២៨ ដោយតម្លៃ ODA សរុបចំនួន ១០០ លានដុល្លារអាមេរិក និងប្រកាសជាសាធារណៈការអនុវត្តគម្រោងពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកឯកជនរបស់វៀតណាម (IPS-C) ដល់ឆ្នាំ ២០២៥ ដោយតម្លៃ ODA សរុបមានចំនួន ៣៦,៦ លានដុល្លារអាមេរិក៕

បកប្រែដោយ Pham Diep