ក្នុងកិច្ចប្រជុំ អាស៊ាននិងអាមេរិក បញ្ជាក់ថា នឹងសហការយ៉ាងជិតស្និទ្ធក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ក្នុងតំបន់ រួមទាំងសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ អាមេរិកបញ្ជាក់ពីការគាំទ្រគោលជំហររបស់អាស៊ានស្ដីពីបញ្ហាសមុទ្រខាងកើត ហើយវាយតម្លៃខ្ពស់ចំពោះអាស៊ានជម្រុញកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និងកសាងការជឿទុកចិត្តគ្នាក្នុងតំបន់ កិច្ចខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

ទាក់ទិននឹងស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាប្រទេសបានអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹង និងអំពើហិង្សា ធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងពេញលេញនូវឯកភាពប្រាំចំណុចរបស់អាស៊ាន។ ចំពោះស្ថានភាពនៅអ៊ុយក្រែន ភាគីនានាបានអំពាវនាវឲ្យមានការរក្សាកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង ដោយឈរលើច្បាប់អន្តរជាតិ និងធានាសុវត្ថិភាពសម្រាប់ជនស៊ីវិល។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

*នៅក្នុងជំនួបជាមួយលោកប្រធានាធិបតី Joe Biden លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការអាស៊ាន-អាមេរិកបានមានបោះជំហានយ៉ាងធំធេង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការសន្ទនា កសាងទំនុកចិត្ត និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រំពឹងថា ប្រទេសធំៗ ដែលជាដៃគូរបស់អាស៊ាន អាចចូលរួមចំណែកក្នុងស្មារតីនៃតម្លាភាព ស្ថាបនា គោរពតួនាទីមជ្ឈភាពរបស់អាស៊ាន មានការពិគ្រោះយោបល់យ៉ាងពេញលេញជាមួយអាស៊ាន គោរពច្បាប់អន្តរជាតិ ចូលរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

*នៅក្នុងសម័យប្រជុំពិភាក្សាស្តីពីសន្តិសុខដែនសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ រួមទាំងបណ្តាប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក ចែករំលែកសារៈសំខាន់ និងផលប្រយោជន៍ក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអាមេរិកបន្តជួយបណ្តាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងថ្នាំព្យាបាល លើកកំពស់សមត្ថភាពវេជ្ជសាស្រ្ត និងគុណភាពនៃធនធានមនុស្សវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ គាំទ្រប្រទេសអាស៊ាន និងវៀតណាម ក្នុងការថែទាំ និងជួយដល់ក្រុមងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយ Covid-19។

*ថ្លែងក្នុងកិច្ចប្រជុំស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរទៅរកថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រំពឹងថា អាមេរិកនឹងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក រួមចំណែកធានាគុណភាពនៃការអភិវឌ្ឍ ជួយគាំទ្រការអភិវឌ្ឍព្រមៗគ្នានិងចីរភាព។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសផ្សេងៗ ការសហការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេស អភិវឌ្ឍថាមពលកកើតឡើងវិញ ជំរុញការផ្លាស់ប្ដូរទៅរកថាមពលស្អាត ឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងនិរន្តរភាព។

នៅចុងបញ្ចប់នៃសន្និសីទ ថ្នាក់ដឹកនាំទាំងឡាយបានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម ដែលបង្ហាញពីលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក និងកំណត់ទិសដៅនាពេលអនាគត៕

បកប្រែដោយ Thuy Anh