ដោយបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់អាស៊ានចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ សមាជិកសភាអាមេរិកបានអះអាងនូវការគាំទ្ររបស់ពួកគេចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន ដោយសន្យាថានឹងគាំទ្រអាមេរិកក្នុងការបន្តចូលរួមយ៉ាងសកម្ម ស្ថាបនា និងប្រកបដោយទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

តំណាងសភាអាមេរិកបានស្នើថា ចាំបាច់ត្រូវផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងលើកកម្ពស់ការស្តារឡើងវិញ ព្រមទាំងជំរុញការលើកសំណើ គំនិតផ្តួចផ្តើម និងកម្មវិធីសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលមានផលប្រយោជន៍រួម រួមចំណែកដល់ការអភិវឌ្ឍយូរអង្វែង និងនិរន្តរភាពក្នុងតំបន់។ សមាជិកសភាអាមេរិកក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា ភាគីទាំងពីរនឹងពង្រឹងការសម្របសម្រួលដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមនានា និងបញ្ហាតំបន់ប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើតក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) រួមចំណែកក្នុងការរក្សា និងធានាបាននូវបរិយាកាសសន្តិភាព សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់។

leftcenterrightdel
មេដឹកនាំបណ្តាប្រទេសអាស៊ាន និងប្រធានាធិបតីអាមេរិក លោក Joe Biden

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមដំណើរ និងការគាំទ្ររបស់សភាអាមេរិក ដែលជាការរួមវិភាគទានយ៉ាងសំខាន់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងរឹងមាំក្នុងទំនាក់ទំនងអាស៊ាន-អាមេរិក ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសភា និងប្រជាជនអាមេរិក ដែលបានជួយដល់អាស៊ាន រួមទាំងវៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការវិវឌ្ឍក្នុងស្ថានភាពតំបន់ និងពិភពលោកគឺជាបញ្ហាប្រឈម ហើយក៏ជាកម្លាំងចលករសម្រាប់អាស៊ាន និងអាមេរិក រួមដំណើរ និងអភិវឌ្ឍជាមួយគ្នា។ អាស៊ានស្វាគមន៍អាមេរិកចំពោះការគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាមេរិកជំនះពុះពារជំងឺរាតត្បាត ព្រមទាំងស្វាគមន៍ធុរកិច្ចអាមេរិកមកធ្វើអាជីវកម្ម និងដាក់ទុនវិនិយោគ។  អាស៊ានសង្ឃឹមថា ប្រទេសធំៗ រួមទាំងសហរដ្ឋអាមេរិក នឹងសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត៕

បកប្រែដោយ Huyen Trang