ពិធីប្រគល់និងទទួលប្រព្រឹត្តទៅក្រោមអធិបតីភាពអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងមានការចូលរួមពីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាម លោក Sengphet Houngboungnuang។ ដើម្បីចែករំលែកជាមួយប្រទេសឡាវ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានសម្រេចជួយឧបត្ថម្ភជាបន្ទាន់ដល់បក្ស រដ្ឋ និងប្រជាជនឡាវនូវថវិកាចំនួន ២១៥ ម៉ឺនដុល្លារអាមេរិក និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រីការបរទេស Nguyen Quoc Dung ប្រគល់សម្ភារៈបរិក្ខារពេទ្យ និងថវិកាចំនួន ២១៥ ម៉ឺនដុល្លារអាមេរិកជានិមិត្តរូបដល់លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang (រូបថត៖ vov.vn)

ថ្លែងនៅក្នុងពិធីនេះ លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឡាវដែលបានយកចិត្តទុកដាក់ចំពោះសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសឡាវ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលឡាវបានអនុវត្តការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនអង្គទូត និងជនបរទេស រួមទាំងកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាង និងសហគមន៍ជនជាតិវៀតណាមនៅប្រទេសឡាវផងដែរ។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានសង្កត់ធ្ងន់ថា ទោះបីជាវៀតណាមកំពុងប្រឈមមុខនឹងការលំបាកជាច្រើនដោយសាររលកទី៤ នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ ចែករំលែក និងជួយបក្ស រដ្ឋ និងប្រជាជនឡាវក្នុងរយៈពេលកន្លងមក ដែលបញ្ជាក់ពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡាវ-វៀតណាម។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានជួយឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ និងថវិកា ក្នុងការទប់ទល់នឹងរលកថ្មីនៃជំងឺរាតត្បាតកូវីដ-១៩។ លោកក៏បានសម្តែងនូវក្តីជឿជាក់ថា ការជួយឧបត្ថម្ភទាន់ពេលវេលា និងមានតម្លៃរបស់វៀតណាម នឹងជួយប្រទេសឡាវយកឈ្នះលើជំងឺរាតត្បាតនេះក្នុងពេលឆាប់ៗ៕

បកប្រែដោយ Huyen Trang