ក្នុងជំនួប លោក Bui Thanh Son បញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ និងមានគោលបំណងបន្តជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងរូម៉ានី។

leftcenterrightdel
លោក Bui Thanh Son ទទួលជួបលោកស្រី Cristina Romila (រូបថត៖ dangcongsan.vn)

ក្នុងឱកាសនេះ តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម លោក Bui Thanh Son បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនរូម៉ានី បានឧបត្ថម្ភវ៉ាក់សាំង AstraZeneca ៣០០,០០០ ដូស ហើយនឹងបន្តផ្ដល់វ៉ាក់សាំងមួយចំនួនដល់ប្រទេសវៀតណាម។

ក្នុងជំនួប លោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដោយមានប្រសិទ្ធភាពរបស់លោកស្រី Cristina Romila ក្នុងការជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម-រូម៉ានី និងស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូតសហការបង្កើនដំណើរទស្សនកិច្ច និងជំនួបគ្រប់លំដាប់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ដូចជា អប់រំ-បណ្ដុះបណ្ដាល វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗដែលមានសក្តានុពល។

លោកស្រី Cristina Romila បញ្ជាក់ថា ឯកអគ្គរដ្ឋទូត និងស្ថានទូតរូម៉ានីប្រចាំទីក្រុងហាណូយ នឹងជាស្ពានតភ្ជាប់ជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងជាក់ស្ដែង៕

បកប្រែដោយ Thuy Anh