នៅក្នុងជំនួប លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់គុយបារបស់គណៈប្រតិភូវៀតណាម សំដៅបន្តប្រពៃណីនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ វៀតណាម-គុយបា ព្រមទាំងបង្ហាញថាវៀតណាមតែងតែគាំទ្រ និងចែករំលែកជាមួយប្រជាជនគុយបាក្នុងគ្រប់កាលៈទេសៈ។ លើសពីនេះ ដំណើរទស្សនកិច្ចលើកនេះក៏មានគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឲ្យកាន់តែអភិវឌ្ឍខ្លាំងក្លាថែមទៀត និងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមជាមួយប្រតិភូ និងអាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅគុយបា (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា គណៈប្រតិភូវៀតណាមទៅកាន់គុយបា រួមមានថ្នាក់ដឹកនាំក្រសួង និងស្ថាប័នមជ្ឈិមជាច្រើន ដែលមានសកម្មភាពជំនួយជាច្រើនក្នុងការគាំទ្រដល់ប្រជាជនគុយបាដើម្បីពុះពារការលំបាក និងជម្នះលើជំងឺរាតត្បាត Covid-19។ ជាពិសេស នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 តាមរយៈការដែលគុយបាផ្គត់ផ្គង់វ៉ាក់សាំង និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងជូនវៀតណាម។

លោកប្រធានរដ្ឋក៏បានជូនដំណឹងអំពីស្ថានភាពនៅក្នុងប្រទេស ព្រមទាំងសង្កត់ធ្ងន់ថា បក្ស ប្រជាជន និងកងទ័ពទាំងមូលកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីជម្នះពុះពារផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 រួមជាមួយការធានាសុខុមាលភាពសង្គម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះអាណិកជនវៀតណាមនៅបរទេស រួមទាំងអាណិកជនវៀតណាមនៅគុយបាផង។ លោកប្រធានរដ្ឋបានស្នើឲ្យកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត រួមវិភាគទានជាក់ស្តែងបន្ថែមទៀតក្នុងការថែរក្សា ពូនជ្រំ និងជំរុញទំនាក់ទំនងវៀតណាម-គុយបាឲ្យកាន់តែអភិវឌ្ឍខ្លាំងក្លាថែមទៀត សក្តិសមនឹងការរំពឹងទុករបស់បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang