ក្នុងជំនួប លោក Pham Minh Chinh សង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយប្រទេសរូម៉ានី ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ហើយវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកនាយករដ្ឋមន្រ្តី បញ្ជាក់ថា រដ្ឋាភិបាល ក្រសួង និងស្ថាប័នវៀតណាម នឹងយកចិត្តទុកដាក់ ជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកស្រី Cristina Romila បំពេញល្អភារកិច្ចរបស់ខ្លួននៅវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបលោកស្រី Cristina Romila

លោក Pham Minh Chinh ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរូម៉ានី ដែលបានប្រគល់វ៉ាក់សាំង Astra Zeneca ចំនួន ១០០,៨០០ ដូសដល់វៀតណាម។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរូម៉ានីពិនិត្យការលក់ចំនួនវ៉ាក់សាំងដែលរូម៉ានីនៅសល់ឲ្យវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏ស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូតសហការជាមួយក្រសួង ស្ថាប័នវៀតណាម និងរូម៉ានីដើម្បីពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិនិងតំបន់ លោក Pham Minh Chinh និងលោកស្រី Cristina Romila ឯកភាពថា ប្រទេសទាំងពីរគប្បីពង្រីកកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគីនិងតំបន់។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់របស់ការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍នៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

លោកស្រី Cristina Romila បញ្ជាក់ថា នឹងខិតខំប្រឹងប្រែងចូលរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាមនិងរូម៉ានី ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាតមានភាពស្មុគស្មាញនៅប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh