លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងទំនុកចិត្ដជាមួយគុយបាដែលត្រូវបានពូនជ្រំដោយលោកប្រធានហូជីមិញ និងមេដឹកនាំ Fidel Castro រួម​ទាំង​ប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក។ ជាពិសេសនាពេលថ្មីៗនេះ ក្រសួងនិងស្ថាប័ននៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងជម្នះការលំបាកដោយសារជំងឺរាតត្បាត  Covid-19 ហើយបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបលោកឯកអគ្គរដ្ឋទូតគុយបា Orlando Nicolás Hernández Guillén (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén សម្របសម្រួលជាមួយក្រសួងនិងស្ថាប័ននានារបស់វៀតណាមនិងគុយបាដើម្បីអនុវត្តប្រកបដោយជោគជ័យនិងប្រសិទ្ធភាពនូវទិសដៅនិងវិធានការមួយចំនួនក្នុងការពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍ក្នុងការព្យាបាល ការផ្តល់អាជ្ញាប័ណ្ណ និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង  Covid-19 របស់គុយបានៅវៀតណាមដោយ​យោងតាមការព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីទាំងពីរ។

តាងនាមបក្សរដ្ឋនិងប្រជាជនគុយបា លោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបង្ហាញពីទំនាក់ទំនងប្រពៃណីមិត្តភាពពិសេសវៀតណាម-គុយបា។ លោកបញ្ជាក់ទៀតថានឹងខិតខំប្រឹងប្រែងរួមចំណែកពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង មិត្តភាពប្រពៃណីពិសេស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការជឿទុកចិត្ដគ្នារវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ព្រមទាំងលោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានានៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំងនៅវៀតណាម។

ក្នុងឱកាសនេះ តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជាអធិបតីនៃពិធីប្រគល់អំណោយនិមិត្ដរូបជាអង្ករចំនួន ១០,០០០ តោន ជូនដល់បក្ស រដ្ឋ និងប្រជាជនគុយបា។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងហាណូយក៏បានប្រគល់អំណោយនិមិត្តរូបជាអង្ករចំនួន ២,០០០ តោន ជូនប្រជាជនទីក្រុង La Habana ប្រទេសគុយបា ផងដែរ៕

បកប្រែដោយ Pham Diep