* ក្នុងឱកាស លោក Nguyen Xuan Phuc ត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី ២៦ ខែកក្កដា លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារទូរលេខអបអរសាទរ។ នៅក្នុងសារទូរលេខ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Thongloun Sisoulith បានបញ្ជាក់ពីបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋ Nguyen Xuan Phuc នាពេលខាងមុខដើម្បីរួមចំណែកដល់ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ បន្តដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចពិភាក្សារវាងបក្សទាំងពីរ និងរដ្ឋនៃប្រទេសទាំងពីរឡាវនិងវៀតណាមនៅខែមិថុនា ឆ្នាំ២០២១ ដើម្បីផល​ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

នាថ្ងៃដដែល លោក Phankham Viphavanh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារអបអរសាទរជូនចំពោះលោក Pham Minh Chinh ដែលត្រូវបានរដ្ឋសភាវៀតណាម នីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

គួររំលឹកថា នាថ្ងៃទី ២០ ខែកក្កដា ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក៏បានផ្ញើលិខិតអបអរសាទរជូនចំពោះ​លោក Vuong Dinh Hue ដែល​ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី ១៥ ផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ​ Nguyen Xuan Phuc (កណ្ដាល) លោក​នាយករដ្ឋមន្ត្រី Pham Minh Chinh (ខាងស្តាំ) និងលោក​ប្រធានរដ្ឋសភា Vuong Dinh Hue (រូបថត៖ vnexpress.net)

* នៅថ្ងៃទី ២៦ ខែកក្កដា ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc។ លោកប្រធានរដ្ឋ ស៊ី ជិន ពីង បានសង្កត់ធ្ងន់ថា ប្រទេសចិន និងវៀតណាមគឺជាប្រទេសជិតខាងសង្គមនិយម ដែលមានចំណងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ និងផលប្រយោជន៍រួមទូលំទូលាយ។ នៅចំពោះមុខការប្រែប្រួលដ៏ធំធេងដែលមិនធ្លាប់មានពីមួយរយៈឆ្នាំកន្លងមក និងការរីករាលដាលជំងឺរាតត្បាត ភាគីទាំងពីរបានរួបរួមគ្នាធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងអនុវត្តវិធានការជាក់ស្តែងនានាដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។  លោកប្រធានរដ្ឋ ស៊ី ជិនពីង បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនៃទំនាក់ទំនងចិន - វៀតណាម និងត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមបង្កើនការតំរង់ទិសយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

នាថ្ងៃដដែលនាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ ក្នុងសារទូរលេខ លោកនាយករដ្ឋមន្រ្តី Li Keqiang បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំមក ទំនាក់ទំនងចិន - វៀតណាម បានរក្សានូវសន្ទុះអភិវឌ្ឍន៍ជាវិជ្ជមាន ទំនាក់ទំនងអ្នកជិតខាងមិត្តភាពត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ហើយកិច្ចសហប្រតិបត្តិការមានចំណុចលេចធ្លោជាច្រើន។ លោកនាយករដ្ឋមន្រ្តី Li Keqian  បានរំលឹកឡើង​វិញ​លទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីទាំងពីរ (ខែមិថុនា ឆ្នាំ២០២១) ដែលក្នុងនោះ ភាគីទាំងពីរសម្រេចបានទស្សនៈរួមដ៏សំខាន់មួយស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី Li Keqian សង្កត់ធ្ងន់លើបំណងធ្វើការជាមួយវៀតណាមដើម្បីបង្កើនការជឿទុកចិត្តខាងនយោបាយ ពង្រឹង​កិច្ចសហប្រតិបត្តិការមិត្តភាព ពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការរីកចម្រើនថែមទៀតក្នុងយុគសម័យថ្មី។

គួររំលឹកថា នាថ្ងៃទី ២០ ខែកក្កដា ប្រធានរដ្ឋសភាចិន លោក Li Zhanshu ក៏បានផ្ញើសារអបអរសាទរជូនចំពោះប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ផងដែរ។

នាថ្ងៃទី ២៦ ខែកក្កដា អនុប្រធានរដ្ឋចិន លោក Wang Qisha បានផ្ញើសារអបអរសាទរជូនលោកស្រីអនុប្រធានរដ្ឋវៀតណាម  Vo Thi Anh Xuan៕

បកប្រែដោយ Duy Hoan