យោងតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាព អឺរ៉ុប-វៀតណាម (EVFTA) និងការព្រមព្រៀងរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ភាគីទាំងពីរបានបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ  នៅរសៀល ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងអនុប្រធានគណៈកម្មាធិការអឺរ៉ុប និងជាឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Valdis Dombrovskis ។

កិច្ចព្រមព្រៀង EVFTA បានចូលជាធរមានជាផ្លូវការពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។ បន្ទាប់ពីរយៈពេលជិតមួយឆ្នាំ នៃការអនុវត្តកិច្ចព្រមព្រៀងនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរមានការរីកចម្រើនវិជ្ជមាន។ ទំហំនៃការនាំចេញ - នាំចូលរវាងវៀតណាម និងសហភាពអឺរ៉ុបនៅឆមាសទី ១ ឆ្នាំ ២០២១ សម្រេចបាន ២៧.៦៧ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៨.៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។

leftcenterrightdel
កិច្ចព្រមព្រៀង EVFTA (European-Vietnam Free Trade Agreement) (រូបថត៖ vinanet)

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមក្នុងការនាំចេញ និងជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមក្នុងពាណិជ្ជកម្មទ្វេភាគី៖ “បន្ទាប់ពីជិតមួយឆ្នាំ ខ្ញុំមានសេចក្តីរីករាយដោយឃើញលទ្ធផលវិជ្ជមាននៃកិច្ចព្រមព្រៀងស្តីពីការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានតួលេខគួរឱ្យកត់សម្គាល់ ទោះបីមានការលំបាក ឧបសគ្គដែលបង្កឡើងដោយ Covid-19 ក៏ដោយ។ ជាក់ស្តែង ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ការនាំចេញពីប្រទេសវៀតណាមទៅកាន់សហភាពអឺរ៉ុបបានកើនឡើងប្រមាណ ២០% ខណៈពេលដែលការនាំចូលពីសហគមន៍អ៊ឺរ៉ុបសម្រេចបានប្រមាណ ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយមានលទ្ធផលវិជ្ជមានទាំងនេះ ខ្ញុំសង្ឃឹមថានាពេលខាងមុខ កិច្ចព្រមព្រៀង EVFTA នឹងបន្តក្លាយទៅជាឈ្នាន់ដែលជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចម្រើនថែមទៀត និង​ជំនះផលបះពាល់អវិជ្ជមាននៃជំងឺ Covid 19”។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះ ដោះស្រាយបញ្ហាដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសនៃភាគីទាំងពីរ ជួយរក្សានិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទនៃការរីករាលដាល Covid19៕

បកប្រែដោយ Thanh Cong