អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 មានការវិវឌ្ឍកាន់តែស្មុគស្មាញនោះ បក្ស និងរដ្ឋវៀតណាមបានអនុវត្តនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

វៀតណាមបានកំណត់គោលដៅថា ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាជនឲ្យបានឆាប់នឹងទប់ស្កាត់ការឆ្លងរាលដាល Covid-19 ក្នុង​សហគមន៍ ហើយចាត់ទុកថា នេះជាដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ដើម្បីសំរេចបានគោលដៅនេះ នាពេលថ្មីៗនេះ រដ្ឋសភាបានសំរេចអនុម័តថវិកាប្រមាណ ១២,០០០ ពាន់លានដុង ដើម្បីទិញវ៉ាក់សាំង Covid-19។ ទន្ទឹមនឹងនេះ បក្ស និងរដ្ឋក៏កៀរគរធនធានក្នុងសង្គមទាំងមូលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។ ក្នុងស្មារតីនេះ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ 53/NQ-CP និងសេចក្តីសំរេចលេខ 779/QĐ-TTg ស្តីពីការបង្កើតមូលនិធិវ៉ាក់សាំង Covid-19 ដើម្បីទទួល និងប្រើប្រាស់ប្រភពធនធាន និងការរួមវិភាគទានថវិកាដោយស្ម័គ្រចិត្ត និងវ៉ាក់សាំងរបស់អង្គការ និងបុគ្គលក្នុងស្រុកនិងក្រៅប្រទេស។ លោកស្រី Le Thi Thu Hang បានអះអាងថា “រហូតមកដល់ពេលនេះ មូលនិធិវ៉ាក់សាំង Covid-19 បានទទួលការគាំទ្រពីអាជីវកម្មវៀតណាម បុគ្គល និងប្រជាជន ក៏ដូចជាអាជីវកម្មបរទេសមួយចំនួនដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានវាយតំលៃខ្ពស់ចំពោះរាល់ការចូលរួមវិភាគទានរបស់ប្រជាជននិងអាជីវកម្ម មិនថាតិចឬច្រើនក៏ដោយ ក៏ធានាការគ្រប់គ្រង និងឃ្លាំមើលសកម្មភាពរបស់មូលនិធិប្រកបដោយតម្លាភាពនិងស្របតាមគោលការណ៍និងស្របច្បាប់ ដើម្បីធានាសុខភាព និងសុភមង្គលរបស់ប្រជាជន ក៏ដូចជារក្សាស្ថិរភាពនៃការផលិតរបស់សហគ្រាស រួមទាំងសហគ្រាសដែលមានទុនវិនិយោគផ្ទាល់ពីបរទេសផងដែរ”៕

បកប្រែដោយ Pham Diep