ក្នុងកិច្ចពិភាក្សា​នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម - ចិនក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ ហើយឯកភាពគ្នា​ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ ព្រមទាំង​អនុវត្តកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម និងការវិនិយោគតាមទិសដៅជាក់ស្តែង និងមានតុល្យភាព បន្តរក្សាការ​ប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិង​ប្រជាជន   រក្សាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅលើបណ្តាវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ  និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ហើយ​រួមជាមួយបណ្តាប្រទេសអាស៊ានសម្រេចឲ្យបានក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗ ដោយអនុលោមតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី (រូប​ថត៖ vnanet.vn)

លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បានស្នើឲ្យប្រទេសចិនបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្ម និងស្បៀងអាហាររបស់វៀតណាមដែលនាំចេញទៅចិន ជាពិសេសផ្លែឈើ ហើយ​សម្រេចនីតិវិធីក្នុងការបើក និងដំឡើងច្រកទ្វារព្រំដែនគោកមួយចំនួនរវាងប្រទេសទាំងពីរក្នុង​ពេល​ឆាប់ៗ​ ព្រមទាំង​​អនុវត្តជំនួយពីចិន​ដែល​ផ្តល់ជូនវៀតណាមប្រកបដោយប្រសិទ្ធភាព ក៏ដូច​ជា​សម្រេចគម្រោងសហប្រតិបត្តិការនានាដែលនៅសេសសល់ក្នុង​ពេលឆាប់ៗខាងមុខ​នេះ​។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោក Bui Thanh Son បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស​ទាំង​ពីរ​ ដោយគោរពច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២ ជម្រុញតួនាទីនៃយន្តការចរចា និងស្វែងរកដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែងសម្រាប់បញ្ហាសមុទ្រខាងកើត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ច​ពិភាក្សា​

ចំណែករដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាងយី បានបញ្ជាក់ថា ចិនមានបំណងរួមជាមួយវៀតណាមបង្កើនការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងការជឿទុកចិត្តខាងនយោបាយ ដោយ​ធ្វើឲ្យកាន់តែស៊ីជម្រៅថែម​ទៀត​​នូវកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍​ទៅវិញទៅមក និងជំរុញទំនាក់ទំនងវៀតណាម - ចិនឲ្យបន្តរីកចម្រើនខ្លាំងក្លាថែមទៀត។ លោករដ្ឋមន្រ្តីការបរទេសចិនបានសម្តែងការគាំទ្ររបស់ចិនចំពោះវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ ស្រាវជ្រាវ និងផលិតវ៉ាក់សាំង ព្រមទាំងត្រៀមខ្លួនជាស្រេចនាំចូលទំនិញរបស់វៀតណាមដែលស្របតាមតម្រូវការនៃទីផ្សារចិនផងដែរ៕

បកប្រែដោយ Duy Hoan