នៅកិច្ចសន្ទនា ភាគីទាំងពីរសម្តែងនូវក្តីសោមនស្សរីករាយដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ត្រូវបានពង្រឹងនិងពង្រីកកាន់តែល្អប្រសើរឡើង។ ភាគីទាំងពីរមានគោលបំណងថារដ្ឋសភាវៀតណាម និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បន្តជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ឆ្លើយតបទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue និងគណៈប្រតិភូវៀតណាមក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដែលរុស្ស៊ីសម្រេចបាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការឆ្លើយតប និងគ្រប់គ្រងជំងឺរាតត្បាត Covid-19 ជាពិសេសការស្រាវជ្រាវ និងផលិតវ៉ាក់សាំង។ លោកបានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានផ្តល់វ៉ាក់សាំង Sputnik V ចំនួន ១ ពាន់ដូស ដល់ប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំនេះ ហើយនាពេលថ្មីៗនេះ រុស្ស៊ីបានសន្យាផ្តល់អាទិភាពដល់វៀតណាមក្នុងការទទួលបានវ៉ាក់សាំង Sputnik V ចំនួន ២០ លានដូស។ លោកក៏មានបំណងផងដែរថា រុស្ស៊ីសហប្រតិបត្តិការជាមួយវៀតណាមក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងការពារ Covid-19 នៅប្រទេសវៀតណាម។

ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកស្រី Valentina Matviyenko មានប្រសាសន៍ថា រុស្ស៊ីកំពុងពិចារណាផ្ទេរប្រគល់បច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំង Sputnik V នៅប្រទេសវៀតណាម។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការទ្វេភាគីជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗនៃទំនាក់ទំនងវៀតណាម - រុស្ស៊ី។ ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនិយាយដោយឡែក និងជាមួយរដ្ឋសភារុស្ស៊ីនិយាយរួម មានការរីកចម្រើនយ៉ាងល្អក្នុងរយៈពេលកន្លងមក ទាំងទ្វេភាគី និងទាំងពហុភាគី និងអនុវត្តយ៉ាងសកម្មនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១២។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រឹងការផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីសកម្មភាពសភានៃប្រទេសនីមួយៗ; ពង្រឹងការសម្របសម្រួលក្នុងការឃ្លាំមើល និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានឯកភាពតាក់តែង និងការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌច្បាប់អំណោយផល គាំទ្រការផ្លាស់ប្តូររវាងរដ្ឋាភិបាល មូលដ្ឋាន អង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក; បន្តរក្សាការជួបជុំ ការពិគ្រោះយោបល់ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Huyen Trang