វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេសរួមមាន បង់ក្លាដែស​​ ប្រ៊ុយណេ កាហ្សាក់ស្ថាន កម្ពុជា ឈីលី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ម៉ាល់ត៍ ម៉ុងហ្គោលី នូវែលសេឡង់ ស្រីលង្កា ចិន វៀតណាម សិង្ហបុរី ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនីតិកាលទី ៧៥ និងអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

leftcenterrightdel
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅក្នុងពិធីបើកវេទិកា (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងវេទិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវេទិកាសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ហើយសង្ឃឹមថា វេទិកានេះនឹងបន្តជាបណ្ដាញផ្លាស់ប្ដូរយោបល់លើបញ្ហាសំខាន់របស់តំបន់រវាងអ្នកនយោបាយ អ្នកប្រាជ្ញ និងសហគ្រាសមកពីប្រទេសនានា។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហានានាដែលមិនធ្លាប់មានពីមុនមកនោះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចដោះស្រាយការលំបាកទាំងនេះតែម្នាក់ឯងបានទេ មានតែកិច្ចសហប្រតិបត្តិការ និងការរួបរួមគ្នាដែលទើបនាំមកនូវជោគជ័យបាន។ គ្រប់ប្រទេសទាំងអស់ចាំបាច់ត្រូវរួមដៃគ្នាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប។

លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើវិស័យមួយចំនួនដែលប្រទេសនានាត្រូវយកចិត្តទុកដាក់ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាត ធានាការទទួលបានវ៉ាក់សាំងក្នុងតំលៃសមរម្យ។ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កលក្ខណៈងាយស្រួលសម្រាប់វិស័យពាណិជ្ជកម្ម និងការវិនិយោគ និងធានាខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងជំរុញផលិតកម្ម និងបង្កើតការងារឆ្ពោះទៅរកការអនុវត្ដគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការវៀតណាម - ចិន លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរជាប្រទេសជិតខាងជិតស្និទ្ធ ហើយបានសហការគ្នាទប់ស្កាត់ការរីករាលដាលនៃ Covid-19 រក្សាកំណើនសេដ្ឋកិច្ច និងបានក្លាយជាចំណុចភ្លឺស្វាងក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋវៀតណាមបានអះអាងថា វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាព ស្មើភាព និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក រួមគ្នាទប់ស្កាត់ជំងឺរាតត្បាត Covid-19 រក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - ចិនឱ្យកាន់តែរីកចម្រើនខ្លាំងក្លា៕

បកប្រែដោយ Pham Diep