សម័យប្រជុំនេះមានការចូលរួមពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងនៃប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៥ និងអង្គការប្រចាំតំបន់ទាំងឡាយចំនួន ៥។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចពិភាក្សាថ្នាក់ជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែមេសា

នេះជាលើកដំបូង ហើយដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដឹកនាំសកម្មភាពដ៏សំខាន់មួយនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានផ្ញើសារក្នុងថ្នាក់ខ្ពស់បំផុតអំពីការតំរង់ទិស ចក្ខុវិស័យ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ គោលនយោបាយការបរទេសឯករាជ្យភាព ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព នៃមហាសន្និបាតបក្សកម្មុយនិស្តវៀតណាមលើកទី១៣ ដែលបញ្ជាក់យ៉ាងច្បាស់នូវសំឡេង  ឋានៈ ការសន្យា និងទំនួលខុសត្រូវរបស់វៀតណាមចំពោះពហុភាគីនិយម អង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅលើពិភពលោក។

ថ្លែងមតិនៅសម័យប្រជុំ  លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ព្រមទាំងបញ្ជាក់ពីការគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់  ដើម្បីការពារ និងដោះស្រាយជម្លោះ ជាពិសេសតាមរយៈការកសាងទំនុកចិត្ត និងការចរចា។

នៅក្នុងសុន្ទរកថាដ៏សំខាន់ដែលថ្លែងនៅឯកិច្ចប្រជុំ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនុកចិត្ត និងការចរចានៅក្នុងទំនាក់ទំនងអន្តរជាតិ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរវាងបណ្តាអង្គការក្នុងតំបន់ និងអង្គការសហប្រជាជាតិ ក្នុងការការពារ និងដោះស្រាយជម្លោះ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកឡើងពីសមិទ្ធផលដ៏ទូលំទូលាយ និងសំខាន់របស់អាស៊ានក្នុងការកសាងសហគមន៍ប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប ជំរុញកិច្ចសហប្រតិបត្តិការ និងការចរចាជាមួយអង្គការសហប្រជាជាតិ និងដៃគូពាក់ព័ន្ធ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អាស៊ាន ដើម្បីជំរុញការចរចា និងកសាងទំនុកចិត្តក្នុងការដោះស្រាយបញ្ហាតំបន់ រួមទាំងបញ្ហា សមុទ្រខាងកើត និងមីយ៉ាន់ម៉ា៕

បកប្រែដោយ Huyen Trang