នៅក្នុងកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្រ្តី To Anh Dung បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - អាល្លឺម៉ង់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោករដ្ឋលេខាធិការ Miguel Berger បានអះអាងពីតួនាទីយ៉ាងសំខាន់របស់វៀតណាមក្នុងការតម្រង់ទិសនៃគោលនយោបាយឥណ្ឌូ - ប៉ាស៊ីហ្វិកដែលបានអនុម័តដោយរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីខែកញ្ញា ឆ្នាំ ២០២០ ។

leftcenterrightdel
កិច្ចប្រជុំក្រុមសម្របសម្រួលយុទ្ធសាស្ដ្រវៀតណាម- អាល្លឺម៉ង់ លើកទី ៦ តាមប្រព័ន្ធវីដេអូ (រូបថត៖ dangcongsan.vn)

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា នយោបាយ - ការទូត សន្តិសុខ - ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ សហប្រតិបត្តិការនិងការអភិវឌ្ឍ ថាមពលកកើតឡើងវិញ ឌីជីថល បណ្តុះបណ្តាលវិជ្ជាជីវៈ និងគិលានុប្បដ្ឋាយិកា…ជាពិសេសភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការ តភ្ជាប់និងជួយគាំទ្រសហគមន៍ពាណិជ្ជកម្មនៃប្រទេសទាំងពីរដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្មនៅទីផ្សារនៅប្រទេសទាំងពីរ ព្រមទាំងឆ្លៀតយកឱកាសជាអតិបរមានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។

អាល្លឺម៉ង់បានសន្យាគាំទ្រវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប ជំរុញសភាជាតិ​អាល្លឺម៉ង់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - អឺរ៉ុប (EVIPA) ។ វៀតណាមគាំទ្រអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាគីទាំងពីរបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការនិងវេទិកាអន្ដរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ASEM និងកិច្ចសហប្រតិបត្ដិការអាស៊ាន - EU ។

ភាគីទាំងពីរបានសម្តែងនូវការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)  ឆ្នាំ ១៩៨២។  លោក Miguel Berger បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់គាំទ្រអាស៊ានលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួននិងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕

បកប្រែដោយ Thanh Cong