នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍជាក់ស្តែង និងប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។ ជាមួយនឹងគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនីយកម្មនៃទំនាក់ទំនងការបរទេស និងចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានអបអរសាទរលោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំថ្មីនៃបក្សកុម្មុយនិស្តវៀតណាម។ លោកបានវាយតំលៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងស្វាហាប់ តួនាទី និងកិត្យានុភាព ក៏ដូចជាការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាម ក្នុងបញ្ហាតំបន់ និងពិភពលោក។ ព្រមទាំងលោកជឿជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មី វៀតណាមនឹងបន្តមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។

លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានឃើញការអភិវឌ្ឍយ៉ាងវិជ្ជមាន និងមានប្រសិទ្ធិភាពនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់សាជាថ្មីថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹង និងធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ​វៀតណាម ដោយឈរលើមូលដ្ឋានគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូត បានសន្យាថា នាពេលខាងមុខក្នុងឋានៈណាក៏ដោយក៏លោកនឹងបន្តគាំទ្រ និងរួមចំណែកដល់ទំនាក់ទំនង​វៀតណាម - សហរដ្ឋអាមេរិក។

ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Daniel Kritenbrink  ពាំនាំការថ្លែងអំណរគុណជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានផ្ញើសារអបអរសាទរលោកដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងលោកសូមអញ្ជើញលោកប្រធានាធិបតីសហរដ្ឋអាមេរិក ​មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលឆាប់ៗនេះ៕

បកប្រែដោយ Pham Diep