ក្នុងកិច្ចសន្ទនាជាមួយ លោក Saleumxay Kommasith រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ រដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវនៅពេលកន្លងមក ហើយសង្កត់ធ្ងន់ថា គប្បីបន្តអនុវត្តល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងកម្មវិធីសកម្មភាពស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើនកិច្ចការទាក់ទងបរទេសលើវិស័យសេដ្ឋកិច្ច ពង្រីកប្រកបដោយប្រសិទ្ធភាពនូវកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំ និងអង្គភាពនានារបស់ក្រសួងទាំងពីរ ជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន និងកិច្ចសហប្រតិបត្តិការនៅអនុតំបន់មេគង្គ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក Bui Thanh Son បានសង្កត់ធ្ងនថា វៀតណាមយកចិត្តទុកដាក់ជាខ្លាំងដល់ការរក្សា និងអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងឯកភាពសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសន្យា កិច្ចព្រមព្រៀងជាន់ខ្ពស់ ជម្រុញកិច្ចពិគ្រោះយោបល់រវាងក្រសួងទាំងពីរ និងលើកកម្ពស់ប្រសិទ្ធភាពនូវការគ្រប់គ្រងខ្សែព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរសន្យាបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាក្នុងតំបន់និងអន្តរជាតិ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Retno L.P.Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី ភាគីទាំងពីរបានឯកភាពជម្រុញពាណិជ្ជកម្ម ចូលរួមចំណែកជម្រុញការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ពង្រីកកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងការទទួលវ៉ាក់សាំងការពារ Covid-19 ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអាស៊ាន និងនៅយន្តការសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់៕

បកប្រែដោយ Thuy Anh