លោករដ្ឋមន្រ្តី Vivian Balakrishnan បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងការបោះឆ្នោតជ្រើសតាំងលោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ជាសមាជិកការិយាល័យនយោបាយជាថ្មីម្តងទៀត  ព្រមទាំងអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាម សម្រេចបានក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកបានអះអាងថា សិង្ហបុរីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសនៅក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៅលើពិភពលោក និងក្នុងតំបន់នាបច្ចុប្បន្ននេះ។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan (រូបថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានថ្លែងអំណរគុណចំពោះប្រទេសសិង្ហបុរីដែលបានគាំទ្រយ៉ាងសកម្មចំពោះវៀតណាម ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។ លោកបានស្នើឱ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់តាមពេលវេលាសមស្រប។ លោកក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រទេសសិង្ហបុរីនឹងសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការណ៍នានាដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត  និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើរ ផែនការចាក់វ៉ាក់សាំង និងលទ្ធភាពអនុវត្តន៍លិខិតឆ្លងដែនវ៉ាក់សាំង។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាមីយ៉ាន់ម៉ា។ ភាគីទាំងពីរបានសម្តែងនូវគោលបំណងថា ស្ថានភាពរបស់មីយ៉ាន់ម៉ានឹងមានស្ថិរភាពក្នុងពេលឆាប់ៗ ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមចំណែកដល់កិច្ចសហប្រតិបត្តិការ ក៏ដូចជាតួនាទី និងកិត្យានុភាពរបស់អាស៊ាន។ ភាគីទាំងពីរបានឯកភាពបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាមីយ៉ាន់ម៉ា៕

បកប្រែដោយ Huyen Trang