បន្តផ្លូវទៅកាន់សង្គមនិយម

យោងតាមអត្ថបទមួយនៃកាសែត Global Times របស់ចិនបានឲ្យដឹងថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍ទាំងឡាយទទួលបានសមិទ្ធិផលសំខាន់ៗក្នុងការទប់ទល់នឹងជំងឺរាតត្បាត និងរក្សា​ស្ថិរភាពសេដ្ឋកិច្ច។ វៀតណាមត្រូវបានចាត់ទុកជាគំរូមួយរបស់ពិភពលោកដោយមានដំណោះស្រាយល្អក្នុងការគ្រប់គ្រងជំងឺ Covid-19 និងមានកំណើនសេដ្ឋកិច្ច ២.៩១% នៅឆ្នាំ២០២០។ អត្ថបទនេះបានសរសេរថា “ដូច្នេះ វៀតណាមគឺជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ី។ ហេតុនេះ “ទម្រង់វៀតណាម” ទទួលបានការយកចិត្តទុកដាក់ពីសារព័ត៌មានអន្តរជាតិ”។

leftcenterrightdel
ប៉ាណូអបអរសាទរមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ Getty Images)

កាសែត Global Times បានដកស្រង់សុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នៅកិច្ចប្រជុំអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាវៀតណាម នីទិកាលទី ១៤ ស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០២១ នៅចុងខែធ្នូកន្លងមក ដែលបញ្ជាក់ថា ឆ្នាំ ២០២០ ជាឆ្នាំជោគជ័យបំផុតរបស់វៀតណាមក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។

យោងតាមកាសែត Global Times បានឲ្យដឹងថា សេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាត លើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ចក្ខុវិ​ស័យសម្រាប់ប្រទេសវៀតណាមមួយអភិវឌ្ឍន៍ និងវិបុលភាព។ វៀតណាមកំណត់គោលដៅក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលខ្ពស់ជាងមធ្យមនាឆ្នាំ២០៣០ ហើយក្លាយទៅជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៤៥។ សេចក្តីព្រាងឯកសារបញ្ជាក់ថា ក្រោមការដឹកនាំរបស់បក្ស វៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស និងស្ថិរភាព ជម្រុញកំណែទម្រង់ និងសមាហរណកម្មអន្តរជាតិ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងឡាយ លើកកម្ពស់តួនាទីរបស់ប្រទេសនៅឆាកអន្តរជាតិ។ កាសែត Global Times ក៏បានសម្ដែងនូវការជឿជាក់យ៉ាងមុតមាំថា  វៀតណាមនឹងបន្តអនុវត្តគោលនយោបាយការបរទេសដោយឯករាជ្យ ស្វ័យភាព ការធ្វើពិពិធកម្ម និងពហុភាគីក្នុងទំនាក់ទំនងអន្តរជាតិ។

សេចក្តីសម្រេចចិត្តធំៗ

ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានឲ្យដឹងថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិថ្មី ព្រមទាំង តាក់តែងគោលនយោបាយសម្រាប់ប្រទេសជាតិក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងប៉ុន្មានឆ្នាំក្រោយៗ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា វៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្មសំខាន់បំផុតលើពិភពលោក និងខឿនសេដ្ឋកិច្ចកំពុងស្ដារឡើងវិញយ៉ាងលឿនជាងប្រទេសផ្សេងៗ។ នៅឆ្នាំ២០២០ ទោះបីរងផលប៉ះពាល់ដោយការជំងឺ  Covid-19 ក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ច​វៀត​ណាម​នៅទទួលបាន ២.៩១% ដោយសារមានការគ្រប់គ្រងជំងឺរាតត្បាតដោយជោគជ័យ។

ស្របពេលនេះដែរ ទូរទស្សន៍ BBC របស់អង់គ្លេសបញ្ជាក់ថា មហាសន្និបាតលើកទី ១៣ បានប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមទទួលបានជោគជ័យក្នុងការទប់ទល់នឹងជំងឺ Covid-19 និងមានសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងខ្លាំងក្លា។ វៀតណាមគឺជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចអភិវឌ្ឍន៍ជាងគេនៅតំបន់អាស៊ី ហើយមានតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពនៅតំបន់។ សម្ព័ន្ធក្រុមហ៊ុនពហុជាតិជាច្រើនកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម រួមមានក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីមួយចំនួនតិចដែលអាចកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើសេដ្ឋកិច្ច ហើយមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០។

គេហទំព័រ Nikkei Asia របស់ជប៉ុនបានចាត់ទុកថា តាំងពីបង្កើតនៅឆ្នាំ១៩៣០ មហាសន្និបាតទាំងឡាយរបស់បក្សកុម្មុយនិស្តវៀតណាមសុទ្ធតែមានសេចក្តីសម្រេចចិត្តសំខាន់ៗ។ យោងតាមគេហទំព័រ Nikkei Asia មហាសន្និបាតលើកទី ១៣ មានតួនាទីសំខាន់សម្រាប់ប្រទេសមានប្រជាជនជិត ១០០ លាន​នាក់នេះ ដោយសារមហាសន្និបាតលើកនេះនឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិថ្មី ពិភាក្សា និងអនុម័តលើឯកសារដែល​តំរង់ទិសសម្រាប់គោលនយោបាយសេដ្ឋកិច្ច កិច្ចការបរទេស នយោបាយរបស់វៀតណាមនៅប៉ុន្មានឆ្នាំខាងមុខ៕

បកប្រែដោយ Thuy Anh