នៅក្នុងអត្ថបទថ្មីៗនេះដែលបានចុះផ្សាយនៅក្នុងកាសែតអនឡាញនិទាឃរដូវរបស់រុស្ស៊ី (Rusvesna) លោក Alexander Sokolovsky សាស្រ្តាចារ្យផ្នែកអាស៊ី - ប៉ាស៊ីហ្វិក នៃសកលវិទ្យាល័យសហព័ន្ធចុងបូព៌ា ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាមខេត្ត Primorsky បានសង្កត់ធ្ងន់៖ បក្សកុម្មុយនិស្តវៀតណាមតែងតែជាបក្សរបស់ប្រជាជន ដើម្បីប្រជាជន តែងតែផ្ទៀងស្តាប់មតិ​របស់ប្រជាជនវៀតណាម។ យោងតាមលោកសាស្រ្តាចារ្យ Sokolovsky  ប្រជាជនវៀតណាមទាំងមូលជឿជាក់ទៅលើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ។

ក្នុងនាមជាមនុស្សម្នាក់ដែលមានរយៈពេលជាង ៤០ ឆ្នាំធ្វើការជាមួយប្រទេសវៀតណាមតាមរយៈការងារដែលទាក់ទងនឹងវិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និងសង្គម លោកសាស្ត្រាចារ្យ Sokolovsky បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ បក្សកុម្មុយនិស្តវៀតណាមបាននាំប្រទេសពីភាពក្រីក្រទៅរកភាពរីកចម្រើនដូចសព្វថ្ងៃ។ នៅក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 ដែលកំពុងបំផ្លិចបំផ្លាញពិភពលោកនោះ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែរីកចម្រើន។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមមិនត្រឹមតែទទួលបានសមិទ្ធិផលលេចធ្លោជាច្រើនលើគ្រប់វិស័យប៉ុណ្ណោះទេ ថែមទាំង​មានការចូលរួមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។ មហាសន្និបាតលើកទី XIII នៃបក្សកុម្មុយនិស្តវៀតណាមនឹងក្លាយជាបង្គោលភ្លើងហ្វារសម្រាប់ការអភិវឌ្ឍរបស់ប្រទេសវៀតណាម។ លោកសាស្ត្រាចារ្យ Sokolovsky បានបញ្ជាក់ទៀតថា “ប្រវត្តិសាស្រ្តបានបង្ហាញថា បក្សកុម្មុយនិស្តវៀតណាមគឺជាកម្លាំងដ៏ខ្លាំងក្លាមួយក្នុងការសម្រេចគោលដៅដែលបានកំណត់ និងមានលទ្ធភាពជំនះរាល់​ការលំបាកទាំងអស់”។ លោកសាស្រ្តាចារ្យ Sokolovsky ជឿជាក់ថា ប្រជាជនវៀតណាមទាំងមូលនឹងគាំទ្រការសម្រេចចិត្តដែលធ្វើឡើងដោយមហាសន្និបាតលើកទី XIII ពីព្រោះសេចក្តីសំរេចទាំងនេះឆ្លុះបញ្ចាំងពីគោលដៅរបស់បក្សកុម្មុយនិស្តវៀតណាមដើម្បីធ្វើឱ្យការរស់នៅរបស់ប្រជាជនវៀតណាមមានការរីកចម្រើន និងសុភមង្គល។

leftcenterrightdel
មតិសាធារណៈពិភពលោកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្នុងរូបថត៖ ជ្រុងមួយនៃរដ្ឋធានីហាណូយដែលមានអគារខ្ពស់ទំនើបជាច្រើននៅជុំវិញបឹង Ho Tay

យោងតាមអត្ថបទដែលមានចំណងជើងថា “មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម - ផ្លូវឆ្ពោះទៅរកសមិទ្ធិផលថ្មីៗ” ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីនយោបាយពិភពលោករបស់រុស្ស៊ី អ្នកស្រាវជ្រាវ Evgeny Kobelev នៅមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម និងអាស៊ាន នៃវិទ្យាស្ថានចុងបូព៌ា បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ចាប់ពីថ្ងៃដំបូងនៃប្រតិបត្តិការរហូតមកដល់បច្ចុប្បន្ន បក្សកុម្មុយនិស្តវៀតណាមតែងតែបង្ហាញថាជាអង្គការប្រកបដោយការច្នៃប្រឌិតជានិច្ចដោយ​មាន​ការសំរេចចិត្តដ៏អង់អាចក្លាហានដែលត្រូវបានបង្កើតឡើងដោយសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល។ ក្រៅពីរំលឹកឡើងវិញនូវសមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 លោក Kobelev ក៏បានសង្កត់ធ្ងន់ទៅលើគោលនយោបាយការបរទេសពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់វៀតណាម។ លោក Kobelev បានមានប្រសាសន៍ថា គោលនយោបាយរបស់ប្រទេសវៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការការពារអធិបតេយ្យភាពជាតិ។ លោក Kobelev រំពឹងថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមនឹងដាក់ចេញការសម្រេចចិត្តត្រឹមត្រូវដោយនាំប្រទេសវៀតណាមឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមកាសែត The Sunday Times មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅក្រោមលក្ខណៈអំណោយផលដែលមិនមានប្រទេសជាច្រើននៅលើពិភពលោកសព្វថ្ងៃនេះមានទេ។ លក្ខណៈអំណោយផលដែលបានលើកឡើងដោយ The Sunday Times គឺថាវៀតណាមបានគ្រប់គ្រងដោយជោគជ័យនូវការរីករាលដាលនៃ Covid-19 កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹង​មាន​ល្បឿន​លឿនជាងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ក៏ដូចជាវៀតណាមកំពុងមានភាពទាក់ទាញចំពោះវិនិយោគិនបរទេស។ នៅក្នុងអត្ថបទដែលចុះផ្សាយលើកាសែត Times of India អ្នកកាសែត Rudroneel Ghosh បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមធ្វើបានយ៉ាងល្អក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 តាមរយៈការកៀរគរគ្រប់ធនធានទាំងអស់ ក៏ដូចជាការរក្សាសន្ទុះកំណើនសេដ្ឋកិច្ចក្នុងបរិបទដែល​ជំងឺរាតត្បាតសកល​​កំពុង​កើតមានយ៉ាងស្មុគស្មាញ។ យោងតាមអ្នកអ្នកកាសែត​រូបនេះ មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមមានអត្ថន័យសំខាន់ក្នុងការកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍប្រទេសវៀតណាមនាពេលអនាគត។

ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រ focus1.kr របស់ប្រទេសកូរ៉េខាងត្បូង ប្រទេសវៀតណាមបានឈានចូលឆ្នាំ ២០២១ ជាមួយនឹងជំនឿ និងស្មារតីថ្មី បន្ទាប់ពីទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ដោយរក្សាបាននូវសន្ទុះកំណើន និងធានាសន្តិសុខសង្គម ដោយហេតុនេះទទួលបានការសរសើរពីមិត្តភក្តិអន្តរជាតិ​ និងជាមោទនភាពរបស់ប្រជាជន។ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាមនេះទាក់ទាញការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីសំណាក់មតិសាធារណជនទាំងក្នុង និងក្រៅប្រទេស។ ដោយមានបាវចនាថា “សាមគ្គីភាព ប្រជាធិបតេយ្យ - វិន័យ - ការច្នៃប្រឌិត - ការអភិវឌ្ឍ” មហាសន្និបាតលើកទី XIII មិនត្រឹមតែពិនិត្យឡើងវិញនូវការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី XII ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ទិសដៅដល់ឆ្នាំ ២០៣០ (រំលឹកខួប ១០០ ឆ្នាំនៃការបង្កើតបក្ស) និងចក្ខុវិស័យអភិវឌ្ឍន៍ជាតិដល់ឆ្នាំ ២០៤៥ ។ ហេតុដូច្នេះហើយគេហទំព័រ focus1.kr បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍប្រទេសវៀតណាម មានអត្ថន័យសំខាន់ក្នុងការអភិវឌ្ឍប្រទេសនាពេលអនាគត។ ដោយមានមូលដ្ឋានដ៏រឹងមាំដែលត្រូវបានកសាងឡើង​ដោយរួមជាមួយឆន្ទៈ និងបំណងប្រាថ្នាឈានទៅមុខនោះ វៀតណាមប្រាកដជានឹងមានមហាសន្និបាតមួយប្រកបដោយជោគជ័យដោយ ដាក់ចេញទិសដៅត្រឹមត្រូវសម្រាប់ប្រជាជាតិទាំងមូលដើម្បីជំនះពុះពារការលំបាក និងបញ្ហាប្រឈមទាំងអស់នៅក្នុងដំណើរឆ្ពោះទៅមុខរបស់ខ្លួន​៕

បកប្រែដោយ Duy Hoan