នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះប្រទេសវៀតណាម ដែលបានបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រកបដោយជោគជ័យ ដឹកនាំអាស៊ានរក្សាការសន្ទនា កិច្ចសហប្រតិបត្តិការ និងការឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះការលំបាក និងឧបសគ្គទាំងឡាយដែលមិនធ្លាប់មានពីមុនមក។ អង្គ​ប្រជុំបានឯកភាពថា អាស៊ានគួរតែខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអាទិភាព គំនិតផ្តួចផ្តើម និងកម្មវិធីកិច្ចសហប្រតិបត្តិការទាំងឡាយ​ រួមទាំងការ​ជំរុញការកសាងសហគមន៍ក្នុង​ការ​​ឆ្លើយតបនឹង Covid-19 ផងដែរ។

អង្គប្រជុំបានឯកភាពថា អាស៊ាននៅតែបន្តប្រឈមនឹងបញ្ហាជាច្រើន រួមមានអំពើភេរវកម្ម ចោរសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការប្រែប្រួលអាកាសធាតុ ការជួញដូរមនុស្ស គ្រឿងញៀន ក៏ដូចជាការវិវត្តតានតឹង និងស្មុគស្មាញនៅចំណុចក្តៅមួយចំនួននៅក្នុងតំបន់ដូចជាសមុទ្រខាងកើត និងឧបទ្វីបកូរ៉េជាដើម​។ ទាក់ទងនឹងស្ថានភាពសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងឡាយបានបញ្ជាក់ជាថ្មីម្តងទៀតនូវសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ប្រឈមមុខនឹងស្ថានភាពស្មុគស្មាញនាពេលកន្លងមកដោយកើត​មានករណីធ្ងន់ធ្ងរដែលបំផ្លាញទំនុកចិត្ត បង្កអន្តរាយដល់សន្តិភាព និងសន្តិសុខ រដ្ឋមន្រ្តីទាំងឡាយបានបន្តសង្កត់ធ្ងន់លើគោលការណ៍នៃការអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម គោរពច្បាប់អន្តរជាតិ និងការអនុវត្តពេញលេញនៃសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការខិតខំ​សម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូប​ថត៖ vov.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh  បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីបណ្តាប្រទេសចំពោះវៀតណាមក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ដោយបញ្ជាក់ថាវៀតណាមនឹងគាំទ្រ ហើយសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសប្រ៊ុយណេ និងបណ្តាប្រទេសអាស៊ានដើម្បីសំរេចគោលដៅ និងអាទិភាពដែលបានកំណត់សម្រាប់ឆ្នាំអាស៊ាន ២០២១។  លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏បានអះអាងផងដែរថា ការរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតគឺទំនួលខុសត្រូវរបស់ប្រទេសទាំងអស់ក្នុងតំបន់។ ដើម្បីខិតខំសម្រេចបានគោលដៅនេះ អាស៊ានចាំបាច់ត្រូវលើកកម្ពស់ទំនួលខុសត្រូវ មានសំឡេងឯកភាពគ្នា ប្រកាន់ខ្ជាប់គោលការណ៍គ្រឹះ និងជំហររួមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសត្រូវប្រកាន់ខ្ជាប់ស្មារតីគោរពច្បាប់ ការអនុលោមតាមច្បាប់អន្តរជាតិ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមនឹងរួមគ្នាជាមួយប្រទេសផ្សេងៗទៀតអនុវត្តយ៉ាងម៉ឹង​ម៉ាត់ និង​ពេញលេញនូវ​ DOC ហើយរួមជាមួយអាស៊ាន និងចិន​សម្រេចបាន COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ៕

បកប្រែដោយ Thanh Cong