ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានបង្កើតសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងវិស័យការបរទេស ជាពិសេសការបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីតភ្ជាប់ជាមួយពិភពលោក។

ប្រការនេះមានអត្ថន័យសំខាន់ណាស់ដែលរួមចំណែកបង្កើតបរិយាកាសសន្តិភាព និងអំណោយផលសម្រាប់ការកសាង និងការពារប្រទេស  និងលើកស្ទួយកិត្យានុភាពរបស់វៀតណាម។

នេះគឺជាការវាយតម្លៃរបស់លោកបណ្ឌិត Takashi Hosoda អ្នកជំនាញផ្នែកស្រាវជ្រាវតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យ Charles (សាធារណរដ្ឋឆែក) ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង Praha អំពីលទ្ធផលនៃកិច្ចការបរទេសរបស់វៀតណាមនាពេលថ្មីៗនេះនៅមុនមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម លើកទី១៣។

leftcenterrightdel
លោកបណ្ឌិត Takashi Hosoda អ្នកជំនាញផ្នែកស្រាវជ្រាវតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យ Charles (សាធារណរដ្ឋឆែក) (រូប​ថត៖ vietnamplus.vn)

លោកបណ្ឌិត Hosoda បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសពហុភាគី និងការធ្វើពិពិធកម្មនៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាតួនាទី និងការចូលរួមចំណែករបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)  និងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។

អ្នកជំនាញរូបនេះបាននិយាយថា កិត្យានុភាពរបស់វៀតណាមត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឆ្នាំ២០២០ ជាឆ្នាំដែលមានការលំបាកជាច្រើននោះ។

យោងតាមលោក Hosoda ឲ្យ​ដឹង​ថា ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើពិភពលោកក្នុងឆ្នាំ ២០២០ ការផ្ទុះឡើងនៃការឆ្លងជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងអន្តរជាតិ តែវៀតណាមនៅតែទទួលបានការលើកតម្កើងដោយបំពេញតួនាទីជាប្រធានអាស៊ាន ២០២០ ប្រកបដោយជោគជ័យ។

ដោយហេតុនេះ កិត្យានុភាពរបស់វៀតណាមនិយាយដោយឡែក និងអាស៊ាននិយាយរួម ក្នុងទំនាក់ទំនងជាមួយដៃគូទាំងឡាយត្រូវបានលើកកំពស់ ដែលរួមចំណែកក្នុងកិច្ច​ខិត​ខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការជំរុញដំណោះស្រាយពហុភាគីចំពោះបញ្ហាដែលទាក់ទងនឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ​នៅអាស៊ីអាគ្នេយ៍និយាយដោយឡែក​ និងឥណ្ឌូ - ប៉ាស៊ីហ្វិកនិយាយរួម​ រួមទាំងបញ្ហាសមុទ្រខាងកើត។

ប្រការនេះមិនត្រឹមតែមានអត្ថន័យសំខាន់សម្រាប់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រទេសដទៃទៀតនៅអាស៊ីផងដែរ។

លោកបណ្ឌិត Hosoda ក៏បានវាយតម្លៃផងដែរថា ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងសកម្មតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីសំខាន់ៗជាច្រើន ដូចជាកិច្ចព្រមព្រៀងទូលំទូលាយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (UKVFTA)។ ប្រការនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតកម្លាំងចលករសម្រាប់ប្រទេសវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

ក្រៅពីជំរុញកិច្ចសហប្រតិបត្តិការពហុភាគី វៀតណាមក៏ផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសជិតខាង និងដៃគូសំខាន់ៗដូចជា អាមេរិក ឥណ្ឌា ជប៉ុន បារាំង អ៊ីតាលី និងចក្រភពអង់គ្លេស ... បង្កើតបរិយាកាសសន្តិភាព និងអំណោយផលដើម្បីការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់សក្តានុពលរបស់ប្រទេស។

លោក Hosoda ក៏បានកត់សម្គាល់ផងដែរថា ប្រទេសវៀតណាមក៏បានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនតាមការកំណត់ (IUU) ការការពារទប់ស្កាត់ការបំពុលសំរាមប្លាស្ទិច និងថែរក្សាការនេសាទប្រកបដោយចីរភាព។

ប្រការនេះបង្ហាញថា ប្រទេសវៀតណាមគឺជាប្រទេសដែលមានទំនួលខុសត្រូវក្នុងការជំរុញការការពារបរិស្ថាន និងរក្សាការអភិវឌ្ឍ​ប្រកបដោយចីរភាព ដែលនេះជាកត្តាសំខាន់ពីរសម្រាប់បេសកកម្មនយោបាយពិភពលោកក្នុងសតវត្សរ៍ទី ២១។

តាមលោក Hosoda ឲ្យដឹងថា ដើម្បីបង្កើតបរិយាកាសសន្តិភាព និងអំណោយផលសម្រាប់ការពារសន្តិសុខ ផលប្រយោជន៍ជាតិ និងលើកកម្ពស់សក្ដានុពលជាតិ វៀតណាមគួរតែបន្តផ្តោតលើវិធានការកសាងទំនុកទុកចិត្ត និងនាំមកនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធិភាព ទន្ទឹមនឹងការបង្កើនការចូលរួមក្នុងក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគី។

leftcenterrightdel
អ្នកជំនាញផ្នែកស្រាវជ្រាវអំពីឥណ្ឌូ - ប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Charles លោកបណ្ឌិត Jan Hornat (រូប​ថត៖ vietnamplus.vn)

ដោយមានទស្សនៈដូចគ្នា អ្នកជំនាញផ្នែកស្រាវជ្រាវអំពីឥណ្ឌូ - ប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Charles លោកបណ្ឌិត Jan Hornat ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងជំហររបស់វៀតណាមក្នុងទំនាក់ទំនងអន្តរជាតិ។

ប្រកានេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសមហាអំណាចនៅលើពិភពលោក និងក្នុងតំបន់ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។

យោងតាមលោក Jan Hornat ប្រទេសវៀតណាមកំពុងបន្តទទួលបានជោគជ័យក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដោយផ្តោតសំខាន់លើការជំរុញការចុះហត្ថលេខាលើ RCEP ក្នុងនាមជាប្រធានអាស៊ាន ២០២០ ។

អ្នកជំនាញរូបនេះបានសន្និដ្ឋានថា ដើម្បីរួមចំណែកធានាដល់បរិយាកាសសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍និយាយដោយឡែក និងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកនិយាយរួម ប្រទេសវៀតណាមគួរតែផ្តោតលើការពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសមហាអំណាចក្នុងតំបន់ដែលមានផលប្រយោជន៍រួមក្នុងការជម្រុញឲ្យឥណ្ឌូ - ប៉ាស៊ីហ្វិកក្លាយ​ជាតំបន់មួយសេរី និងបើកចំហ។

លោក Hornat ជឿជាក់ថា ជាមួយនឹងបទពិសោធន៍ និងការទទួល​បាន​ជោគជ័យជាច្រើន​នា​កន្លងមកក្នុងកិច្ច​ការបរទេសរបស់​ខ្លួន​ វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក៕

បកប្រែដោយ Duy Hoan