កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូអន្តរជាតិ និងក្នុងស្រុកជាង ១០០ នាក់ តំណាងប្រទេស E10-I5 នៅឯរដ្ឋធានីហាណូយ គណៈប្រតិភូនៅទីក្រុងញូវយ៉ក និងតំណាងស្ថានទូតនៃប្រទេសនានាប្រចាំទីក្រុងហាណូយ រួមទាំងក្រសួង ស្ថាប័ននានាដែលចំណុះ​ក្រុមការងារអន្តរក្រសួងស្តីពីក្រុមប្រឹក្សាសន្តិសុខផងដែរ។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ថ្លែង​ក្នុង​កិច្ចប្រជុំ (រូប​ថត៖ baochinhphu.vn)

ព្រឹត្តិការណ៍នេះមានអត្ថន័យសំខាន់ និងជាក់លាក់ព្រោះនេះជាកិច្ចប្រជុំអន្តរជាតិជាលើកដំបូងដែលរៀបចំឡើងដោយ​វៀត​ណាមក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីអាណត្តិដំបូង (២០០៨-២០០៩) រហូត​មកទល់បច្ចុប្បន្ននេះ ដែលបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មរបស់វៀតណាម និងការ​ជំរុញកិច្ចសហប្រតិបត្តិកា​ររវាងបណ្តាប្រទេស E10 ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ថ្លែងសុន្ទរកថានៅឯទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh  បានបញ្ជាក់ថា ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកសម្រាប់សហគមន៍អន្តរជាតិ។ ក្នុងបរិបទនោះ លោកឧបនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិក្នុងការថែរក្សាសន្តិភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយបញ្ជាក់ពីជំនឿទំនុកចិត្តរបស់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិលើតួនាទីដ៏សំខាន់របស់ពហុភាគីនិយម និងតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការពិភព​លោក​។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត និងអាទិភាពរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ​ក្នុងអាណត្តិរបស់ខ្លួនដូចជា៖ ការ​លើកកម្ពស់ពហុភាគីនិយម និងដំណោះស្រាយពហុភាគីដើម្បី​ដោះ​ស្រាយជម្លោះ; ពង្រឹងការសន្យាអន្តរជាតិ និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ  និងច្បាប់អន្តរជាតិ; ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ និងមហាអនុតំបន់; ការ​បង្ការ​​ទប់ស្កាត់ជម្លោះ; ការពារជនស៊ីវិល ជាពិសេសក្រុមជនងាយរងគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងជម្លោះប្រដាប់អាវុធ និង​ការស្ថាបនាឡើងវិញបន្ទាប់ពីជម្លោះ រួមទាំងការជំនះគ្រាប់បែក និងគ្រាប់មីនជាដើម៕

បកប្រែដោយ Duy Hoan