លោក Philipp Rosler ថ្លែងអំណរគុណលោក Nguyen Xuan Phuc បានផ្ដល់ពេលវេលាទទួលជួបគាត់ និងអបអរសាទរចំពោះវៀតណាមគ្រប់គ្រងដោយជោគជ័យនូវការឆ្លងរាលដាលនៃជំងឺ Covid-19 និងក្លាយជាគំរូសម្រាប់ប្រទេសជាច្រើនលើពិភពលោក។ លោកចាត់ទុកថា វៀតណាមទទួលបានសមិទ្ធិផលនេះគឺដោយសារការប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Philipp Rosler និងតំណាងសហគ្រាសបរទេសមួយចំនួន (រូបថត៖ vnanet.vn)

លោក Philipp Rosler បានឲ្យដឹងថា សហគ្រាសមកពីអាល្លឺម៉ង់ ស្វីស និងអ៊ីស្រាអែលមានបំណងធ្វើអាជីវកម្ម និងជួយគាំទ្រវៀតណាមក្រោយពីជំងឺ Covid-19។ វិនិយោគិនមួយចំនួនក្នុងគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះបរិស្ថានវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ លោកមានបំណងចង់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមលើវិស័យទេសចរណ៍ ដែលជាសសរស្ដម្ភក្នុងការអភិវឌ្ឍរបស់វៀតណាម។ សហគ្រាសទាំងឡាយក៏រំពឹងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស។

លោក Nguyen Xuan Phuc បញ្ជាក់ថា វៀតណាមបន្តទាក់ទាញគម្រោង FDI លើវិស័យបច្ចេកវិទ្យាទំនើប ការផ្លាស់ថ្មី អភិវឌ្ឍឧស្សាហកម្មជំនួយ បណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគដើម្បីបង្កលក្ខណៈអំណោយផលសម្រាប់វិនិយោគិនបរទេស។

លោកនាយករដ្ឋមន្រ្តីស្នើឲ្យលោក Philipp Rosler ជួយវៀតណាមក្នុងការជម្រុញការវិនិយោគ លើកទឹកចិត្តសហគ្រាសធំរបស់ពិភពលោកឲ្យវិនិយោគនៅវៀតណាម។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែធានានូវផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនបរទេសនៅវៀតណាម៕

បកប្រែដោយ Thanh Cong