ថ្លែងមតិក្នុងកិច្ច​សន្ទនា លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ស្មារតីនៃ “ភាពស្អិតរមួត និងការឆ្លើយតប” ត្រូវបានពង្រីកជាអតិបរមាក្នុងឆ្នាំអាស៊ាន ២០២០ ។ អាស៊ានបានរួមគ្នាទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពតាមរយៈការអនុវត្តគំនិតផ្តួចផ្តើមក្នុងតំបន់បានទាន់ពេលវេលា។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន​វៀតណាម ​អញ្ជើញចូលរួមកិច្ច​សន្ទនាជាមួយប្រធានអាស៊ាន ២០២០ ក្នុងក្របខ័ណ្ឌនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ានលើកទី ៤ (AMF) (រូបថត៖ dangcongsan.vn)

តំណាងនៃទីភ្នាក់ងារសារព័ត៌មាននានា​ក្នុងតំបន់ និងអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ២០២០ របស់​វៀតណាមក្នុងការដឹកនាំអាស៊ានបញ្ជៀសពីផលប៉ះពាល់អវិជ្ជមានដោយ Covid-19 ក៏ដូចជា​ការដាក់ចេញអាទិភាពសមស្របនឹងតម្រូវការរួមរបស់បណ្តាប្រទេសជាសមាជិក និងដៃគូដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស កិច្ចការសង្គម និង​ការ​លើកកំពស់អត្តសញ្ញាណសហគមន៍។ ប្រតិភូទាំងឡាយបានឲ្យដឹងថា ការជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់តំបន់ក៏ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធិផលលេចធ្លោនានាក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។

ពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និង​ក្នុងតំបន់ លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានរំលឹកឡើងវិញនូវទស្សនៈរបស់អាស៊ានក្នុងសេចក្តីថ្លែងការរបស់បណ្តា​រដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងខួបលើកទី ៥៣ នៃការបង្កើតអាស៊ានស្តីពីការថែរក្សាតំបន់អាស៊ីអាគ្នេយ៍ប្រកប​ដោយ​សន្តិភាព សន្តិសុខ អព្យាក្រឹត និងស្ថិរភាព បង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិ និងស្វែងរកវិធីសាស្រ្តប្រកបដោយតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ។។

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា ប្រធានបទនៃឆ្នាំអាស៊ាន ២០២០ បានបង្ហាញនូវបំណងរបស់វៀតណាមក្នុងការបង្កើតសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងការឆ្លើយតប ឆ្លងកាត់បញ្ហាប្រឈម ឆ្ពោះទៅរកការស្តារគ្រប់វិស័យឡើងវិញ។ លោកអនុរដ្ឋមន្រ្តីបានបញ្ជាក់ថា ភាពចាំបាច់ក្នុងការជម្រុញ “គំនិតសហគមន៍ និង​ការ​ធ្វើសកម្មភាពនៃសហគមន៍” ក្នុងគោលបំណងនាំមកនូវសុខុមាលភាព និងវិបុលភាពជូនប្រជាជន រក្សាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

បកប្រែដោយ Duy Hoan