leftcenterrightdel
កម្មាភិបាលនៃកងនាវា​លេខ២ ជួយ​ប្រជាជន​ជំនះផល​វិ​បាក​ដោយ​គ្រោះទឹក​ជំនន់ (រូប​ថត៖ vnanet.vn)

ដោយទទួលបានព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅភូមិ​ភាគកណ្ដាល​នៃប្រទេសវៀតណាមដោយសារទឹកជំនន់ និងការបាក់ដីនោះ ថ្នាក់ដឹកនាំនៃប្រទេសម៉ុងហ្គោលី កម្ពុជា បានផ្ញើសារលិខិតសួរសុខទុក្ខ ជូនចំពោះថ្នាក់ដឹកនាំរដ្ឋ និងប្រជាជនវៀតណាម។

ប្រធានាធិបតីម៉ុងហ្គោលី លោក Khaltmaa Battulga បានផ្ញើសារលិខិតជូនចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតសួរសុខទុក្ខជូនចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «ខ្ញុំមានសេចក្ដីសោកសង្រេងយ៉ាងខ្លាំងដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្ត Thua Thien - Hue និងខេត្ត Quang Tri នៃប្រទេសវៀតណាម ដោយសារទឹកជំនន់ និងការបាក់ដីដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ។

ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំ​សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រជូនចំពោះឯកឧត្តម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារនៃសព និងជនរងគ្រោះនៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ឯកឧត្តម ប្រទេសវៀតណាមនឹងបានប្រសើរឡើងវិញពីការខូចខាតដែលបង្កមកពីគ្រោះធម្មជាតិនៅក្នុងពេលឆាប់ៗខាងមុខនេះ»។

សម្ដេចតេជោ ហ៊ុន សែន  ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ដែលបានផ្ញើសារចូលរួមសំដែងការព្រួយបារម្ភចំពោះកម្ពុជាដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងដែរ។

ក្នុងឱកាសនេះផងដែរ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ុងហ្គោលី លោក Nyamtserengiin Enkhtaivan រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់សុខុន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha បានផ្ញើលិខិត និងសារទូរលេខ ជូនចំពោះឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ផងដែរ៕

បកប្រែដោយ Duy Hoan